en     km
en     km

ក្រុមយុវតីផ្នែកសង្គមកិច្ចវិទ្យាសង្កេតឃើញសិស្សស្រីបោះបង់ការសិក្សាច្រើននៅសាលារៀនមួយ

Share

ភ្នំពេញ៖ យុវតីដែលកំពុងសិក្សានិងធ្វើការងារផ្នែកសង្គមកិច្ចមួយក្រុមសង្កេតឃើញថា កុមារីរៀននៅសាលា ហ៊េបភីច័ន្ទតារានារីព្រែកថ្មី ​ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ បានបោះបង់ចោលការសិក្សាច្រើន។

ការសង្កេតឃើញនេះ បន្ទាប់ពីពួកគេបានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពី ផលប៉ះពាល់នៃការបោះបង់ចោលការសិក្សារបស់សិស្សស្រីកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២២ នៅទីតាំងសាលារៀនខាងលើ។

ក្រុមការងារកំពុងបណ្តុះបណ្តាលអ្នកចូលរួមលើប្រធានបទ ផលប៉ះពាល់នៃការបោះបង់ ចោលការសិក្សារបស់សិស្សស្រី។

 

បើតាមក្រុមយុវតី មូលហេតុនៃការបោះបង់ចោលការសិក្សារបស់កុមារីនៅទីនោះមានកត្តាខ្លួនឯង កត្តាគ្រួសារ កត្តា សហគមន៍ និងកត្តាសង្គម។

កត្តាខ្លួនឯងបើតាមការរាយការណ៍ គឺបណ្តាលមកពីសិស្សស្រីមិនសូវមានទំនាក់ទំនងជាមួយសិស្សរួមថ្នាក់ អវត្តមានច្រើន និងរៀនមិនសូវចាប់បានការពន្យល់របស់គ្រូ។ បញ្ហាទាំងនេះ ធ្វើឱ្យពួកគេផ្តើមមានអារម្មណ៍លែងចង់សិក្សាបន្ត និងចង់គេចចេញពីមិត្តរួមថ្នាក់។

ដោយឡែកកត្តាគ្រួសារវិញ ក្មេងស្រីទទួលអារម្មណ៍មិនសូវទទួលបានការយកចិត្តទុកដាក់ពីសមាជិកគ្រួសារ ខ្វះការជំរុញលើកទឹកចិត្ត ហើយកុមារីខ្លះត្រូវទៅធ្វើការជាមួយសមាជិកគ្រួសារដើម្បីរកប្រាក់កម្រៃបន្ថែម។

សកម្មភាពអ្នកចូលរួមកំពុងពិភាក្សាគ្នា។

 

មួយទៀតគឺកត្តាសហគមន៍ដែលមនុស្សភាគច្រើនប្រព្រឹត្តិរឿងរ៉ាវអបាយមុខ ដូចជាបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង ហើយក្នុងសហគមន៍មិនសូវមានអ្នកសង្វាតរៀនសូត្រនោះទេ។ បញ្ហាទាំងនេះ ធ្វើឱ្យបរិស្ថាននៅជុំវិញខ្លួនខ្វះការឱ្យតម្លៃលើការសិក្សា សម្បូរអ្នកបង្ហាញអាកប្បកិរិយានិងការនិយាយស្តីមិនសមរម្យជាហេតុប៉ះទង្គិចដល់អារម្មណ៍ ស្មារតីរបស់ពួកគេ។

និងចុងក្រោយគឺកត្តាសង្គម ដែលខ្វះខាតការយកចិត្តទុកដាក់លើប្រព័ន្ធអប់រំ តួយ៉ាងប្រាក់បៀរវត្សរ៍គ្រូបង្រៀននៅមានកម្រិត កង្វះការពង្រឹងសមត្ថភាពគ្រូ ពិសេសការនិយាយស្តីនិងអាកប្បកិរិយាជាដើម។

បើតាមកញ្ញា ស៊ុន គឹមស៊ី្រ ដែលបានបំផុសប្រធានបទជុំវិញបញ្ហាការបោះបង់ការសិក្សាសិស្សស្រីបានឱ្យដឹងមូលហេតុបន្ថែមថា ការបោះបង់ចោលការសិក្សារបស់សិស្សស្រីនៅសាលារៀន ហ៊េបភីច័ន្ទតារានារីព្រែកថ្មី មួយផ្នែកទៀតមកពីការប្រកាន់យកផ្នត់គំនិតចាស់គំរឹលរបស់អាណាព្យាបាលដែលថាស្រ្តីបង្វិលចង្រ្កានមិនជុំ ខ្វះការលើកទឹកចិត្តពីក្រុមគ្រួសារ និងបញ្ហាហិង្សាក្នុងគ្រួសារជាដើម។

ការសង្កេតនិងសន្និដ្ឋានខាងលើ បើតាមកញ្ញា ស៊ុន គឹមស៊ី្រ គឹផ្អែកទៅលើការចុះសម្ភាសន៍តាមភូមិខ្លះនិងការផ្តល់ព័ត៌មានពីខាងសាលា។

អ្នកចូលរួមមានការចូលរួមជាមតិយោបល់យ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាល។

 

យុវតីរូបនេះបញ្ជាក់ថា មូលហេតុដែលក្រុមការងារចុះស្រាវជ្រាវបញ្ហានេះ ដើម្បីរកឫសគល់នៃបញ្ហា និងឈានទៅរកដំដោះស្រាយទាន់ពេលវេលា ពិសេសគឺការផ្លាស់ប្តូរផ្នត់គំនិតរបស់អាណាព្យាបាលមកលើកូនស្រីថា អន់ជាងកូនប្រុសនិងមិនអាចធ្វើអ្វីបានល្អដូចកូនប្រុស។

ក្រុមយុវតីបានឱ្យដឹងទៀតថា ការលើកប្រធានបទចុះស្រាវជ្រាវនិងបើកវគ្គបណ្តុះបណ្តាលលើបញ្ហានេះនឹងក្លាយជាធាតុចូលមួយផ្តល់ជាមូលដ្ឋានក្នុងការសម្រេចចិត្តដល់សិស្ស និង អាណាព្យាបាលមុនពេលបោះបង់ចោលការសិក្សា។ ការធ្វើបែបនេះ ព្រោះថា ការបោះបង់ចោលការសិក្សាទាំងវ័យក្មេងជាឫសគល់មួយនាំឱ្យប៉ះពាល់ដល់អនាគតរបស់កុមារី៕

អត្ថបទខ្លីនេះសរសេរដោយ សាំង ស្រីពេជ្រ​ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

Share

ព័ត៌មានទាក់ទង

Image