en     km
en     km

ក្រុមយុវជនបរិស្ថាន បៃតង វ៉ររៀរស៍ នឹងជួបACU ដោះស្រាយបញ្ហាដីធ្លីភ្នំតាម៉ៅ

Share

ក្រោយពីដាក់លិខិតស្នើសុំ ស៊ើបអង្កេតបញ្ហាមិនប្រក្រតីនៃការកាត់ដីព្រៃតំបន់ភ្នំតាម៉ៅ, ក្រុមយុវជនបរិស្ថានបៃតង វ៉ររៀរស៍ និងជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីដោះស្រាយបញ្ហាមិនប្រក្រតី នៅតំបន់ព្រៃធម្មជាតិដែលនៅសេសសល់តែមួយគត់ និងជាជម្រកសត្វព្រៃនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រុមយុវជនបៃតង វ៉ររៀរស៍ ដែលមានលោក តាន គីមសួរ ជាប្រធានក្រុមបានយកលិខិតពីរសន្លឹក ដាក់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីស្នើរសុំស៊ើបអង្កេតស្រាវជ្រាវរឿងមិនប្រក្រតីនៃផែនការលក់ដីព្រៃភ្នំតាម៉ៅជាង ២០០០ហិចតា។ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោកបានបង្ហោះសារនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា អង្គភាពប្រឆាំងអំពើពុករលួយបានទាក់ទងត្រលប់មកកាន់លោកវិញហើយ លោកនឹងទៅជួបជាមួយអង្គភាពនៅប៉ុន្មានថ្ងៃទៀត។ លោកថែមទាំងបញ្ជាក់ថា មេធាវីរដ្ឋបាលខេត្តតាកែវក៏បានទាក់ទងទៅកាន់លោកដូចគ្នា។

នៅក្នុងលិខិតដែលក្រុមយុវជនបៃតង វ៉ររៀរស៍ដាក់ស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា បញ្ហាដីធ្លីនៅតំបន់អភិរក្សសត្វព្រៃភ្នំតាម៉ៅន មានព័ត៌មានកាន់តែច្រើនស្ដីពីផែនការសម្ងាត់នៃការកាត់ដីព្រៃភ្នំតាម៉ៅ ដោយរក្សាទុកតែផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅដែលមានទំហំជាង៤០០ហិចតា មានរបងព័ទ្ធជុំវិញជាង៨៣៩៤ ម៉ែត្រ និងមានហេដ្ឋារចនាសម្ព័ន្ធនានាប៉ុណ្ណោះ។

រឿងកាត់ដីព្រៃភ្នំតាម៉ៅនេះ ពាក់ព័ន្ធដល់លិខិតលេខ ៣២ សជណ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២​ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ជាមួយការដោះដូរទីតាំងដី២កន្លែង។ ទីតាំងទី១មានទំហំ ៣០០ ហិចតា ជាទីតាំងចិញ្ចឹមគោពូជភ្នំតាម៉ៅ របស់ក្រុមហ៊ុនខ្មែរ ហ្វេ្រសមីល ដែលធ្វើសម្បទានរយៈពេល៤០ឆ្នាំ និងទីតាំងទី២ ទំហំ៥០០ ហិចតា នៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ ដែលមិនបង្ហាញឈ្មោះក្រុមហ៊ុនឬ អ្នកវិនិយោគទុន។ តែប្រធានក្រុមយុវជនបៃតង វ៉ររៀរស៍ លោក តាន់ គីមសួរ បានទាក់ទងជាមួយក្រុមហ៊ុនចិញ្ចឹមគោពូជខ្មែរ ហ្វ្រេសមីលហើយ ថាមិនពាក់ព័ន្ធរឿងកាត់ដីព្រៃនេះទេ ខណៈភាគីខាងក្រុមហ៊ុននេះដែរ ក៏កំពុងស្រាវជ្រាវរកក្រុមហ៊ុនណាជាអ្នកទិញដីដែលគាត់កំពុងជួលផងដែរ។

ជាមួយគ្នានេះ ប្រជាជនកំពុងរងចាំមើលថាតើក្រុមហ៊ុនណា នឹងមកទទួលដីព្រៃទំហំ ៨០០ហិចតា និងថាតើមានក្រុមហ៊ុនប៉ុន្មានទៀត នឹងទទួលបានដីព្រៃភ្នំតាម៉ៅក្រៅពី៨០០ ហិចតានេះ។ នេះបើតាមការបញ្ជាក់ពីលោក តាន់ គីមសួរ ប្រធានយុវជនបៃតង វ៉ររៀរស៍ដដែល។

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកគ្រប់គ្រង់ដីតំបន់ភ្នំតាម៉ៅ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់អះអាងថា គោលការណ៍នៃការដោះដូរដីរបស់គណៈរដ្ឋមន្ដ្រីគឺមិនប៉ះពាល់ដល់ដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅនោះឡើយ។

គួរជម្រាបថា ព្រៃទំហំ២៥០០ហិចតា នៃតំបន់ភ្នំតាម៉ៅជាព្រៃធម្មជាតិតែមួយគត់ដែលនៅសេសសល់ និងជាជម្រកសត្វព្រៃនៅកម្ពុជាផងដែរ៕

Share

Image
Image
Image