en     km
en     km

សម្រែក«អយុត្តិធម៌»បានលាន់ឮអឺងកង ក្រោយការផ្តន្ទាទោសអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ

Share

នៅឯសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនានេះ៖ សម្រែក«អយុត្តិធម៌»បានលាន់ឮខ្ទរខ្ទារចេញពីមាត់របស់ជនត្រូវចោទ ក៏ដូចជារបស់សមាជិកគ្រួសារពួកគេ បន្ទាប់ពីចៅក្រម រស់ ពិសិទ្ធ ប្រកាសសាលក្រមផ្តន្ទាទោសអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិពី ៥០ រូប ទៅ ៦០ រូប ក្នុងនោះមានអ្នកនាង សេង ធារី និងអ្នកស្រី យក់ នាង​​ ដែរ ឱ្យជាប់ពន្ធនាគារពី ៥ ទៅ ៨ ឆ្នាំ ក្នុងបទរួមគំនិតក្បត់និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោក សារិន សំណាង សូមជូនបទយកការណ៍អំពីរឿងដូចតទៅ

 

 

មនុស្សម្នាច្រើនកុះករខុសប្លែកពីធម្មតា បានទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ។ ទាំងនៅខាងក្នុងបន្ទប់តុលាការ ទាំងនៅខាងក្រៅរបងសាលាជម្រះក្ដីនោះ ពួកគេរងចាំស្ដាប់លទ្ធផលនៃការជំនុំជម្រះរឿងក្ដីក្នុងបទរួមគំនិតក្បត់និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចោទទៅលើអ្នកគាំទ្រគម្រោងដំណើរមាតុភូមិនិវត្តន៍នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ឯកឧត្ដម សម រង្ស៊ី​ អតីតប្រធានគណបក្សនិងចលនាសង្គ្រោះជាតិ។

នៅម៉ោង ៩ និង៣៥ នាទី, ចៅក្រម រស់ ពិសិដ្ឋ បានអានសាលក្រមយ៉ាងលឿន និងបានចាកចេញពីបន្ទប់យ៉ាងរហ័ស ជាមួយសហការីរបស់លោក ២ នាក់ផ្សេងទៀត។ សាលក្រមនោះផ្តន្ទាទោសអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិពី ៥០ ទៅ ៦០ នាក់ ក្នុងនោះមានអ្នកនាង សេង ធារី, អ្នកស្រី យក់ នាង, លោក កាក់ គុម្ភារ, លោក ទុំ ប៊ុនថន លោក ហេង ចាន់សុទ្ធី ព្រមទាំងមេដឹកនាំគណបក្សនេះផង ដូចជាឯកឧត្ដម សម រង្ស៊ី, ឯកឧត្ដម អេង ឆៃអ៊ាង, លោកជំទាវ មួរ សុខហួរ, ឯកឧត្ដម អ៊ូ ចាន់រិទ្ធ ជាដើម ឱ្យជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ៨ ឆ្នាំ បន្ទាប់ពីតុលាការបានរកឃើញថា ពួកគេបានប្រព្រឹត្តអំពើល្មើសនៅក្នុងប្រទេសកម្ពុជា និងនៅទីកន្លែងផ្សេងៗទៀត អំឡុងពេលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៧ ខែមិថុនា​ ឆ្នាំ២០១៩។

អ្នកនាង សេង ធារី ស្លៀកសំពត់ កោសក់ ពាក់ម្កុដ កាន់គប់ភ្លើងសិប្បនិមិត្ត ពាក់ច្រវ៉ាក់នៅនឹងកដៃទាំងពីរ បានហៅខ្លួនឯងថា នារីសេរីភាព។ ខណៈកំពុងឈរផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អ្នកនាងបានស្រែកថា៖ «Free freedom ដោះលែងសេរីភាព។»

នៅមុនការប្រកាសសាលក្រមបន្តិច អ្នកនាង សេង ធារី បានថ្លែងទៅកានន់មហាជនដូច្នេះថា រូបអ្នកនាងបានត្រៀមខ្លួនដើម្បីរស់នៅក្នុងព័ន្ធធានាគារតាំងរាប់ឆ្នាំមកហើយ។ អ្នកនាងសេង ធារី បន្ថែមទៀតថា៖

«ក្នុងន័យមួយជាធម្មតា ពីព្រោះខ្ញុំបានត្រៀមខ្លួនសឹងតែ ២ ឆ្នំាហើយ សម្រាប់តែជាប់គុក។ ម្តងៗ ចូលសវនាការ[ខ្ញុំ]គិតថា អូរ! ប្រហែលជាពេលវលាហ្នឹងហើយ។ ហើយនៅផ្ទះក៏គេបានគម្រាមគំហែង។ គេកាត់ទឹកផ្ទះខ្ញុំមួយម្តងសុទ្ធតែ ៦ ថ្ងៃ កាត់ភ្លើង មានសម្ថកិច្ចមកសួរសុខទុក្ខម្តងសុទ្ធតែ ៦ នាក់។ បើអញ្ចឹង [វា] ន័យមួយ ជារឿងធម្មតាក្នុងសង្គមមិនធម្មតា។»

នៅក្នុងបន្ទប់សវានាការឯណេះវិញ មានអ្នកស្រី យក់  នាង, លោក ទុំ ប៊ុនថន, លោក ហេង ចាន់សុទ្ធី, និង លោក កាក់ កុម្ភារ កំពុងឈរជាជួរនៅមុខក្រចកសេះ ទល់មុខចៅក្រម៣រូប អមសងខាងដោយសហមេធាវីការពារសិទ្ធិឱ្យចុងចោទ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះ ក៏មានកងសន្តិសុខពន្ធនាគារ កំលាំងមានសមត្ថកិច្ចក្រុងភ្នំពេញ  អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស តំណាងស្ថានទូតរបទេស និងអ្នកសារព័ត៌មានជាច្រើន ក៏បានចូលរួមស្តាប់ការប្រកាសសាលក្រមរបស់តុលាការដែរ។

សាលក្រមបានបញ្ជាក់ដូច្នេះថា អ្នកជាប់ទោស៥ឆ្នាំត្រូវព្យួ។ ចំពោះអ្នកជាប់ទោស ៦ ឆ្នាំ ពោលគឺអ្នកនាងសេង ធារី, អ្នកស្រី យក់ នាង, លោក កាក់ គុម្ភារ, លោក ទុំ ប៊ុនថន និងលោក ហេង ចាន់សុទ្ធី ហើយចំពោះអ្នកជាប់ទោស ៨ ឆ្នាំ ដែលរួមមានឯកឧត្ដម សម រង្ស៊ី និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិផ្សេងៗទៀត គឺតុលាការបង្គាប់ឱ្យនាំខ្លួនទៅឃុំក្នុងពន្ធនាគារភ្លាមៗ។

ភ្លាមនោះ លោក កាក់ កុម្ភារ បាននិយាយក្នុងបន្ទប់សវនាការថា​៖ «តុលាការអយុត្តិធម៌ តុលាការតេឡេ»។

លោក កាក់ កុម្ភារ បានរើបម្រាស់ខ្លួនពីការក្រៀកដៃពីសំណាក់កងសន្តិសុខពន្ធនាគារ ដែលបម្រុងនិងនាំខ្លួនគាត់ចេញតាមទ្វារខាងក្រោយនៃអាគារសាលាដំបូងរាជធានីភ្នំពេញ។ លោកបានបន្តស្រែកព្រមគ្នាជាមួយលោក ទុំ ប៊ុនថន, លោក ហេង ចាន់សុទ្ធី ថា៖ «ជយោគណបក្សភ្លើងទៀន»។

អ្នកស្រី ព្រុំ ចាន់ថា ភរិយារបស់លោក កាក់ គុម្ភារ ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រមដែរនោះ បានស្រែកទ្រហ៊យំ នៅពេលក្រុមសារព័ត៌មានឡោមព័ទ្ធសួរសំណួរជាច្រើនអំពីការកាត់ទោសស្វាមីរបស់អ្នកស្រី។ អំឡុងពេលដែលអ្នកស្រី ព្រុំ ចាន់ថា ធ្វើបទសម្ភាសន៍ លើទ្រូងផ្លូវ ខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ កងកម្លាំងសន្តិសុខបានបង្ខំឱ្យទៅឈរនៅលើចិញ្ចើមផ្លូវវិញ តែអ្នកស្រីបដិសេធ ទើបការមានការរុញច្រានពីក្រុមសមត្ថកិច្ចរបស់សាលាក្រុងភ្នំពេញ ហើយបណ្ដាលឱ្យអ្នកស្រីដួលទៅលើថ្នល់តែម្ដង។

«តុលាការស្រុកអយុត្តិធម៌», ស្ត្រីម្នាក់ទៀតស្រែកបន្ទរ «ស្រុកខ្មែរគ្មានទេយុត្តិធម៌។»

អ្នកនាង សេង ធារី, អ្នកស្រី យក់ នាង, លោក ទុំ ប៊ុនថន លោក ហេង ចាន់សុទ្ធី, និងលោក កាក់ កុម្ភារ ដែលមានវត្តមាននៅតុលាការ ត្រូវបានសមត្ថកិច្ចនាំខ្លូនទៅពន្ធនាគារភ្លាមៗ បន្ទាប់ពីការប្រកាសសាលក្រមចប់។

លោកមេធាវី ជូង ជូងី ដែលការពារក្ដីឱ្យអ្នកនាង សេង ធារី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយការប្រកាសសាលក្រមយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងទៅជួបគាត់ដើម្បីប្រើសិទ្ធិប្តឹងឧទ្ធរណ៌។»

ការចោទប្រកាន់ កាត់ទោស និងការធ្វើទុក្ខបុកម្នេញអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ដោយអាជ្ញាធរ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងតំណាងប្រទេសប្រជាធិបតេយ្យមួយចំនួនទៀត រិះគន់ថា​ ជាយុទ្ធនាការបង្ក្រាបសំឡេងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង