en     km
en     km

ក្រសួងកសិកម្មជំរុញការបង្កើផលស្រូវរដូវវស្សាខណៈទឹកភ្លៀងវាយប្រហារដំណាំអាទិភាពនេះ

Share

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការបង្កើផលដំណាំស្រូវរដូវវស្សា ខណៈជំនន់ទឹកភ្លៀងបានលិចខូចខាតដំណាំស្រូវ។ ការជំរុញនេះជាការចៀសវាងទៅប៉ះពាល់ដល់សន្ដិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានចេញសេចក្ដីណែនាំ អំពីការជំរុញផលិតកម្មដំណាំស្រូវ ដោយសារក្រសួងមើលឃើញពី ល្បឿននៃការបង្កបង្កើនផល ដំណាំស្រូវនៅឆ្នាំ២០២២នេះ បានជាង៧៦ម៉ឺន(៧៦២ ៥៤២) ហិចតា ស្មើ២៩,១១% នៃផែនការជាង២លាន ៦០ម៉ឺន(២ ២១៩ ៥០០) ហិចតា។ បើធៀបនិងរយៈពេលដូចគ្នានៅឆ្នាំ២០២១ គឺមានបរិមាណតិចជាង។ នេះបើផ្អែកតាមសេចក្ដីណែនាំពី ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម វេង សាខុន ដោយបន្ដឱ្យដឹងថា ល្បឿនបង្កបង្កើនផលតិចជាងកាលពីឆ្នាំមុន គឺអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្ម ប្រចាំឆ្នាំ ហើយនឹងឈានទៅប៉ះពាល់ដល់សន្ដិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករ។

ក្រសួងបានបញ្ជាក់ថា ក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿន និងមានបរិមាណច្រើនជាបណ្ដាឆ្នាំមុនៗ នឹងធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើផលដំណាំស្រូវ ជាពិសសេសនៅតំបន់ទំនាបកណ្ដាល ដែលបានព្រោះស្រូវដើមរដូវវស្សា ត្រូវរងផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀង។

នៅក្នុងវិធានការបន្ទាន់របស់ក្រសួងកសិកម្ម ដោយឱ្យអគ្គនាយកដ្ឋានកសិកម្មត្រូវសហការជាមួយមន្ទីរកសិកម្ម ជំរុញការដាំដុះនៅតំបន់ដែលមានការដាំដុះយឺត និងផ្សព្វផ្សាយបច្ចេកទេសដាំដុះស្របទៅតាមលក្ខខណ្ឌនៃប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ និងត្រៀមគ្រឿងយន្ដកសិកម្ម ដើម្បីអន្តរាគមន៍ភ្ជួររាស់ និងរំដោះទឹកចេញពីស្រែកសិករ ដែលរងផលប៉ះពាល់និងខូចខាតដោយសារទឹកជំនន់ ជាពិសេសចំពោះគ្រួសារក្រីក្រ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់នៅក្នុងសេចក្ដីណែនាំថា ខេត្តចំនួន៣ ដែលមានល្បឿនបង្កបង្កើនផលយឺត បើធៀបនឹងឆ្នាំមុន មានខេត្តសៀបរាប ខេត្តតាកែវ និងខេត្តកំពង់ធំ។

យ៉ាងណារបាយការណ៍ពីមន្ទីរកសិកម្ម ខេត្តសៀមរាប នៅថ្ងៃទី១០ ខែមិថុនា បានឱ្យដឹងថាតាមបណ្តាស្រុកមួយចំនួននៃខេត្តនេះបានទទួលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មានស្រុកពួក ស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ បានខូចខាតដំណាំស្រូវជាច្រើនហិចតា​ ។ តែមន្ទីរកសិកម្មថា ប្រជាពលរដ្ឋបានធ្វើភ្ជូររាស់ និងព្រោះស្រូវឡើងវិញហើយ ថែមទាំងសង្ឃឹមថាល្បឿនការងារបង្កបង្កើនផលស្រូវនឹងឡើងដល់៣០%នៃផែនការគ្រោងទុក។

ចំណែកមន្ទីរកសិកម្មខេត្តតាកែវបានធ្វើការប្រជុំជំរុញការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២-២០២៣ ព្រមទាំងបញ្ហា និងដំណោះស្រាយផ្សេងៗដែរ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

វិទ្យុស្ដ្រីបានទាក់ទងទៅសមាគមន៍សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) តែសមាគមន៍មិនទាន់អាចឆ្លើយបានដោយជាប់រវល់។

តែបែបនេះក្ដី ក្រសួងកសិកម្មនៅតែស្នើរទៅកាន់ អង្គភាពជំនាញទាំងអស់ក្នុងវិស័យកសិកម្ម ត្រូវសហការគ្នា ដោយប្រើប្រាស់កម្លាំងសរុប ធនធានសរុប ដើម្បីជម្រុញកាងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឱ្យបានជោគជ័យតាមផែនការ៕

Share

ព័ត៌មានទាក់ទង

Image