កូដកម្មដោយអហិង្សារបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នៅរសៀលថ្ងៃចន្ទនេះ ត្រូវកងកម្លាំងក្រុងភ្នំពេញប្រើពេលត្រឹម៣០នាទីប៉ុណ្ណោះ ដើម្បីកៀងពួកគេចូលក្នុងរថយន្តក្រុង និងដឹកពួកគេទៅភាគខាងជើងនៃទីក្រុង។ លោក សារិន សំណាងធ្វើសេចក្តីរាយការណ៍…
នៅរសៀលនៅច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បុគ្គលិកដែលត្រូវក្រុមហ៊ុនណាហ្គាវើលដ៍័បញ្ឈប់ពីការងារ នៅតែបន្តប្រមូលផ្តុំគ្នាធ្វើកូដកម្មដោយអហិង្សា នៅក្បែអាគារណាហ្គាវើលដ៍២ ទន្ទឹមគ្នានឹងការប្រុងជើងព្រួលរបស់អាជ្ញាធរក្រុងភ្នំពេញ ដើម្បីដឹកក្រុមអ្នកតវ៉ាទាំងនោះទៅដាក់នៅជាយក្រុង។
ក្រុមកូដកម្មករដែលបានប្រមូលផ្តុំគ្នាដើម្បីធ្វើកូដកម្មដោយអហិង្សាត្រូវបានកងកម្លាំងខណ្ឌដូនពេញកៀងបញ្ចូលក្នុងរថយន្ត ដោយក្នុងមួយរថយន្តមានចំនួនកូដករពី ១០ ទៅ ១៥នាក់ ដឹកចេញទៅភាគខាងជើងនៃទីក្រុងភ្លាមៗតែម្តង។
កូដករស្ត្រីម្នាក់និយាយថា៖ «ខ្ញុំមិនមែនមកជិះឡានទេ ខ្ញុំតវ៉ាឱ្យចៅកែណាហ្គាវើលដ៍គោររច្បាប់ការងារ ។»
ការស្រែករបស់ស្ត្រីអ្នកតវ៉ារូបនេះមិនត្រូវបានអាជ្ញាធរយកត្រចៀកស្តាប់ទេ កម្លាំងសមត្ថកិច្ចក្រុងភ្នំពេញនៅតែកៀងស្ត្រីក្រុមអ្នកតវ៉ាឱ្យចូលក្នុងរថយន្តដែលត្រៀមចាំរួចជាស្រេចដូចសព្វដងដែរ។
នៅរសៀលថ្ងៃច័ន្ទ ទី១៣ ខែមិថុនានេះ កម្មករនិយោជិតបានស្រែកពីក្នុងរថយន្តក្រុងធំៗ ដែលកំពុងដឹកពួគេចេញពីទីតាំងធ្វើកូដកម្មថា៖ «ក្រសួងការងារ អសមត្ថភាព, ក្រសួងការងារ អសមត្ថភាព»។
កូដកម្មដោយអហិង្សា ដែលបានចាប់ផ្តើមនៅម៉ោង២រសៀល និងចប់ទៅវិញនៅម៉ោង២និង៣០នាទី ថ្ងៃដដែល បានប្រព្រឹត្តទៅដោយមិនមានអំពើហិង្សាណាមួយគួឱ្យកត់សម្គាល់ឡើយ។
សូមរម្លឹកថា ក្រសួងការងារនិងបណ្តះបណ្តាលវិជ្ជាជីវៈ នឹងបន្តបម្របសម្រួលឱ្យភាគីវិវាទបានជួបប្រជុំរកដំណោះស្រាយ នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ នៅម៉ោង ២ និង ៣០នាទី រសៀល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សក្រសួងការងារ សេចក្តីប្រកាសនេះបានបន្តទៀតថា ក្រសួងក៏ស្នើឱ្យភាគីទាំង២ មានការយល់យោគគ្នាខ្ពស់ ក្នុងចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ។ ក្រសួងការងារបន្ថែទៀតថា បើវិវាទនេះមិនអាចស្វែងរកការផ្សះផ្សាបានទេ នឹងបញ្ជូនករណីនេះទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕