ការវាយប្រហារថ្មីៗនៅអឺរ៉ុបនេះ បង្ហាញឱ្យឃើញថាជនល្មើសមានការប្រើប្រាស់អាវុធកាន់តែច្រើនឡើង។ខណៈដែលការបំផ្ទុះគ្រាប់បែកពីមុនៗមក ឧទាហរណ៍ដូចជាការបំផ្ទុះគ្រាប់បែកនៅទីក្រុងម៉ាឌ្រីដប្រទេសអេស្បាញ និងក្រុងឡុងដ៍របស់អង់គ្លេសកាលពីឆ្នាំ ២០០៤ និង ២០០៥ ជនដែលវាយប្រហារនោះហាក់ដូចជាបានផ្លាស់ប្ដូរនូវវិធីសាស្ត្ររបស់ខ្លួន និងបានស្វែងរកមធ្យោបាយទិញអាវុធខុសច្បាប់ណៅទីផ្សារងងឹត។
ចំពោះការវាយប្រហារថ្មីៗប៉ុន្មានដងមកនេះ រួមទាំងការវាយប្រហារនៅក្រុងប៉ារីសផងនោះ គឺមានទំនាក់ទំនងមួយរវាងការប្រើប្រាស់កាំភ្លើង ទៅនឹងប្រទេសប៊ែលហ្សិក។
តើប្រទេសប៊ែលហ្សិកគឺជាគោលដៅរបស់ពួកភេរវករ ដែលចង់ប្រើប្រាស់កាំភ្លើងខុសច្បាប់ឬ?ជាការពិតណាស់ ប្រទេសប៊ែលហ្សិក ក៏ដូចជាប្រទេសនៅអឺរ៉ុបផ្សេងទៀតដែរ គឺមានទីផ្សារងងឹតមួយសម្រាប់ការលក់កាំភ្លើង។
វត្តមាននៃអាវុធខុសច្បាប់ គឺត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរ។ នេះមានន័យថា មានទីផ្សារងងឹតសម្រាប់ការជួញដូរអាវុធនៅគ្រប់ទីក្រុងធំៗទាំងអស់នៅទ្វីបអ៉រ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសប៊ែលហ្សិក គឺជាតួអង្គយ៉ាងសំខាន់ ពីព្រោះតែទីតាំងភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។
ជាច្រើនសតវត្សរ៍មកហើយដែលប៊ែលហ្សិក ជាប្រទេសអ្នកផលិត និងអ្នកនាំចេញកាំភ្លើង បើទោះជាពេលបច្ចុប្បន្នច្បាប់របស់ប្រទេសនេះមានភាពតឹងរ៉ឹងជាងមុនក៏ដោយ ក៏ប្រទេសនេះនៅតែរក្សាកេរ្តីឈ្មោះនេះដដែល។
ការគេចពន្ធពីតំបន់បាលកង់ស៍ (Balkans)
ភាគច្រើននៃកាំភ្លើងនៅទីផ្សារងងឹត គឺជាកាំភ្លើងដៃ។ កាំភ្លើងដៃមួយដើម គឺជាប្រភេទកាំភ្លើងដែលងាយស្រួលកាន់ជាងគេក្នុងការប្រព្រឹត្តបទល្មើស។ ទោះជាយ៉ាងណា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នគរបាលរបស់ប្រទេសប៊ែលហ្សិក បានកត់សម្គាល់ពីកំណើននៃការកាន់កាប់ និងការប្រើប្រាស់អាវុធប្រភេទយោធាក្នុងចំណោមជនល្មើស ដូចជា Kalashnikovs។
ផ្អែកលើប្រភេទនិងលក្ខខណ្ឌនៃអាវុធ ហើយនិងការដែលនរណាម្នាក់ចង់បានកាំភ្លើងមួយមកប្រើយ៉ាងឆាប់នោះ តម្លៃរបស់វានៅលើទីផ្សារងងឹតប៊ែលហ្សិក គឺជាទូទៅចន្លោះពី ១០០០ ទៅ ២០០០ យូរ៉ូ។
ក្រោយពីសង្គ្រាមនៅបាលកង់នាទសវត្សរ៍ឆ្នាំ ៩០ អាវុធយោធារាប់រយគ្រឿង ត្រូវស្ថិតក្នុងដៃប្រជាជន។ អាវុធទាំងនេះត្រូវបានគេរកឃើញដោយរត់គេចពន្ធទៅកាន់អឺរ៉ុបខាងលិច។ ដោះស្រាយចំពោះបញ្ហាទីផ្សារអាវុធខុសច្បាប់នេះ គឺយើងត្រូវការដំណោះស្រាយរួមគ្នា មិនចំពោះតែនៅប្រទេស
ប៊ែលហ្សិកនោះទេ តែក៏នៅកម្រិតប្រទេសនៅទ្វីបអឺរ៉ុបផងដែរ។
វិធីសាស្ត្រគួរតែមានធាតុទាំងបីគឺ៖
ទី១ យើងត្រូវការភាពខ្លាំង និងគម្រោងច្បាប់ដែលចុះសម្រុងគ្នាសម្រាប់ការកាន់កាប់កាំភ្លើងស្របច្បាប់នៅកម្រិតជាតិនាទូទាំងសហភាពអឺរ៉ុប។ ច្បាប់នៃការគ្រប់គ្រងអាវុធស្របច្បាប់កាន់តែច្បាស់ ការប្រយុទ្ធប្រឆាំងនឹងទីផ្សារខុសច្បាប់កាន់តែមានប្រសិទ្ធភាព។
ទី២ យើងត្រូវការចំណេះដឹងបន្ថែមទាក់ទងនឹងបញ្ហានេះ។ នេះមានន័យថា ការគ្រប់គ្រងទិន្នន័យបានល្អនៅកម្រិតជាតិ ព្រមទាំងការខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរនិងវិភាគទិន្នន័យទាំងនេះនៅកម្រិតអឺរ៉ុប។
ទី៣ យើងត្រូវការការសហការដ៏ខ្លាំង និងការសហការបន្ថែមទៀតរវាងអាជ្ញាធរជាតិ ឧទាហរណ៍ក្រុមស៊ើបអង្កេតចម្រុះ៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ BBC News