en     km
en     km

សហមេធាវីដើមបណ្ដឹងនិងសហមេធាវីចុងបណ្តឹង ចោទគ្នាថាសួរច្រំដែល ក្នុងរឿងក្ដីឯកឧត្ដម កឹម សុខា

Share

នៅព្រឹកថ្ងៃពុធនេះ សវនាការលើកទី ៤៣ របស់សាលាដំបូងរាជធានីភ្នំពេញ លើរឿងក្ដីឯកឧត្ដម កឹម សុខា​ ទាក់ទងនឹងបទសន្ទិដ្ឋិភាពជាមួយបរទេស បានផ្តោតលើភស្តុតាងជាវីដេអូ ៣ ខ្សែ ដែលបង្ហាញការត្រូវរ៉ូវគ្នារវាងឯកឧត្ដម កឹម សុខា និងឯកឧត្ដម សម រង្សី ជាហេតុធ្វើឱ្យឯកឧត្ដម កឹម សុខា ឆ្ងល់។ លោក សារិន សំណាង

ធ្វើសេចក្តីរាយការណ៍ដូចតទៅ

 

 

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនៅពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានបន្តសវនាការលើកទី៤៣ របស់ខ្លួន លើរឿងក្ដីឯកឧត្ដម កឹម សុខា ទាក់ទងនឹង​បទសន្ទិដ្ឋិភាពជាមួយបរទេស ដោយចាក់បញ្ចាំងវីដេអូ ៣ ខ្សែ ក្នុងចំណោមវីដេអូ ៧ ខ្សែ ដែលស្នើដោយសហមេធាវីដើមបណ្តឹង។

សំណួរដែលតាំងដោយសហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានផ្តោតលើព្រឹត្តិការណ៍នៅពេលមុនការបោះឆ្នោត ពេលកំពុងបោះឆ្នោត និងពេលក្រោយការបោះឆ្នោត ឆ្នាំ២០១៣។

ខ្សែវីដេអូទី១ គឺ លោក សម រង្សី និយាយទៅអ្នកគាំទ្រគណបក្ស សម រង្សី នៅឆ្នាំ២០១១ គឺមួយឆ្នាំមុនការច្របាច់បញ្ចូលគ្នារវាងគណបក្សប្រឆាំង ២ គឺគណបក្ស សម រង្សី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។

ខ្សែវីដេអូទី ២ គឺ និយាយពីលោក សម រង្សី និងលោក កឹម សុខា ថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣។

ខ្សែវីដេអូទី៣ គឺ លោក សម រង្សី និយាយទៅកាន់អ្នកគំាទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ១ ខែ។ ក្នុងពេលនោះ លោក កឹម សុខា ដែលជាអនុប្រធាន ក៏មានវត្តមាន នៅជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែរ។

ក្រោយការចាក់បញ្ចាំងវីដេអូនីមួយៗ លោកមេធាវីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ គឺលោក ចេង ប៉េងហាប់ បានសួរចុងចោទ គឺលោក កឹម សុខា នូវសំណួរដែលមានជាអាទិ៍ថា៖ តើចុទចោទ កឹម សុខា បានកត់សំគាល់ថា ទណ្ឌិត សម រង្សី ជាមនុស្សហិង្សានិយមទេ? មូលហេតុអីបានជាជន ជនជាប់ចោទ កឹម សុខា ទំលាក់កំហុសដោយអសុទ្ធចិត្តទៅលើថ្នាក់ដឹកនាំប្រទេស? ពេលទណ្ឌិត សម រង្សី និយាយថា  «ប្រទេសផ្តាច់ការ» «របបផ្តាច់ការ» និង«ជនផ្តាច់ការ» តើជនជាប់ចោទ កឹម សុខា បានចាំទេថា ទណ្ឌិត សម រង្សី និយាយនៅពេលណា នៅកន្លែងណា ហើយនៅពេលនោះ ជនជាប់ចោទ កឹម សុខា និង ទណ្ឌិត សម រង្សី មានឋានៈអី្វ?។

លោក កឹម សុខា ដែលនៅក្នុងបន្ទប់សវនាការព្រឹកនាថ្ងៃពុធនេះ បាននិយាយខ្លាំងៗ ដោយបន្តលើកឡើងពីជំនួបរបស់ខ្លួនជាមួយប្រមុខរាជរដ្ឋាភិបាល គឺសម្ដេច ហ៊ុន សែន ហើយងាកទៅឆ្លើយសំណួររបស់លោកមេធាវី ចេង ប៉េងហាប់ ដែលមានវ័យក្មេងជាងលោក។

អតីតមេបក្សប្រឆាំងរូបនេះបានគូសបញ្ជាក់ក្នុងសម្ដីខ្លាំងៗថា៖ «មួយព្រឹកនេះលោកសហមេធាវី ហាក់ដូចជាសួរខ្ញុំ [នូវ] សំណួរដែលមិនទាក់ទងនិងអង្គហេតុ ដែលថា[ខ្ញុំ]ឃុបឃិតជាមួយបរទេស។ (…) តែបែជាសួរខ្ញុំរឿងលោក សម រង្ស៊ី ទៅវិញ។»

សហមេធាវីការពារសិទ្ធិឱ្យចុងចោទម្នាក់ គឺលោកមេធាវី ចាន់ ចេន បានកត់សំគាល់ថា សំណុំរឿងលេខ ៤៤៣ បានបំបែកជា ២ ហើយ។ លោកមេធាវីរូបនេះបានបញ្ជាក់ថា រឿងកូនក្តីរបស់ខ្ញុំផ្សេង រឿងលោក សម រង្សី ផ្សេង មួយក្នុងស្រុក មួយក្រៅស្រុក។

លោក ចាន់ ចេន ដែលបានលើកដៃក្នុងបន្ទប់សវនាការញឹកជាងគេ បានស្នើថា «[សូម]ចៀសវាងសំណួរច្រំដែល។»

ប្រធានក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណី គឺលោក គី តិច បានកត់សម្គាល់ផ្ទុយទៅនឹងការលើកឡើងខាងលើ ដោយថ្លែងដូច្នេះថា៖ «ជនជាប់ចោទចេះតែលើកពីជំនួបរបស់ខ្លួនជាមួយនឹងប្រមុខរដ្ឋាភិបាលនៅទីនេះ ទីនោះ។ ការលើកឡើងនេះធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ។»

ទាក់ទងនឹងការធ្វើកំណត់សម្គាល់របស់មេធាវី ចាន់ ចេន,  លោកមេធាវី គី តិច បានរំលឹកពីក្រមសីលធម៌ ដោយស្នើថា មិនគួប្រើពាក្យ «សំណួរដូចបាយបិណ្ឌបាយបាត ឬសំណួរច្រំដែលទេ។»

សហមេធាវីភាគីដើមបណ្តឹងម្នាក់ទៀតគឺ លោក សាន់ ជួយ បានរំលឹកថា បើលោកប្រធានក្រុមប្រឹក្សាជំនុំជម្រះផ្តល់សិទ្ធិឱ្យ ហើយសហមេធាវីចុងបណ្តឹងព្រមទទួលយកសិទ្ធិខាតបង់ពេលវេលា ដើម្បីសួរសំណួរបកក្រោយ សហមេធាវីរដ្ឋប្បវេណីក៏នឹងទាមទាសិទ្ធិសួរសំណួរបកក្រោយដែរ។

លោកស្រីមេធាវី ម៉េង សុភារី លើកឡើងថា មូលហេតុដែលសហមេធាវីការពារសិទ្ធិចុងចោទ តាំងសំណួរមួយចំនួន ជាសំណួរបកទៅសវនាការលើកទី៤០នោះ គឺដោយសារសហមេធាវីចុងចម្លើយមិនដែលបានសួរសំណួរដោះបន្ទុកកូនក្តីសោះ។

លោកចៅក្រម កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបញ្ជាក់ថា ជាក់ស្តែងរូបលោកបានឱ្យសិទ្ធិទៅជនជាប់ចោទច្រើនជាងគេ។ លោកចៅក្រម កូយ សៅ បានបន្ថែមថា «មានមូលហេតុតែមួយទេ គឺដោយសាលោក កឹម សុខា ជាជនជាប់ចោទ។»

សវនាការលើកទី ៤៣ នេះ បានចាប់ផ្តើមនៅម៉ោងជិត ៩ ព្រឹក និងបានបិទបញ្ចប់ទៅវិញនៅម៉ោង ១២ និង ៣០ នាទី នាថ្ងៃពុធនេះ។  ការតតាំងគ្នារវាងភាគីនីមួយៗក្នុងរឿងក្ដីសន្ទិដ្ឋិភាពជាមួយបរទេសនេះ បានប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ព្រមទាំងក្រុមញាតិមិត្តរបស់លោក  កឹម សុខា ប្រមាណជា ៣០ នាក់។

សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការលើកទី ​​៤៤ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខទៀត ដោយចាប់ផ្តើមប្រធានបទថ្មី គឺសំណួរដែលទាក់ទងនឹងអង្គហេតុបទចោទ និងការប្រទូស្តរាយ។ នេះបើតាមការប្រកាសរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គឺលោកចៅក្រម កូយ សៅ៕

Share

Image
Image
Image