en     km
en     km

សន្ទុះនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបកើនឡើងខណៈពន្ធលើអង្ករបានបញ្ចប់សុពលភាព

Share

សហពន្ធស្រូវអង្ករកម្ពុជាថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុមានស្ទុះឡើងវិញ ក្រោយពន្ធលើការនាំចេញរយៈពេល៣ឆ្នាំ ទៅកាន់បណ្ដាលប្រទេសទាំងនោះបានបញ្ចប់សុពលភាពហើយកាលពីខែមករា ឆ្នាំ២០២២។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា និន្នាការនាំចេញអង្កររបស់កម្ពុជា ទៅកាន់អឺរ៉ុបបានស្ទុះឡើងវិញ ក្រោយការកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប រយៈ៣ឆ្នាំបញ្ចប់សុពលភាព កាលពីខែមករា ឆ្នាំ២០២២។

នៅរយៈពេល៥ខែ ឆ្នាំ២០២២ ចាប់ពីខែមករា ដល់ ខែឧសភា កម្ពុជានាំចេញអង្ករទៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើនចំនួន ៤៩.២៦% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

រូបតំណាង

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បានបញ្ជាក់ថា កើនឡើងវិញនៃការនាំចេញទៅអឺរ៉ុបនេះ បានមកពីបច្ច័យល្អនៃការផុតសុពលភាព ការយកពន្ធលើអង្ករកម្ពុជា ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់២០២១។

តាមប្រភពពីសហព័ន្ធស្រូវអង្ករកម្ពុជា លោកអគ្គលេខាធិការរូបនេះបន្ថែមថា «កំណើនឡើងវិញនៃការនាំចេញអង្ករទៅកាន់ទ្វីបអឺរ៉ុបនេះ គឺបង្ហាញពីការវិលត្រឡប់ទៅរកស្ថានភាពដើមមុនឆ្នាំ២០១៩ ដែលមិនទាន់មានការដាក់ពន្ធ។ ពេលគេដាក់ពន្ធ លោកថា ការនាំចេញបានតែអង្ករក្រអូបទេ តែពេលដកពន្ធវិញ យើងអាចនាំចេញបានទាំងអង្ករក្រអូប អង្ករស និងអង្ករចំហុយជាដើម»។

លោកបន្តថា ចំពោះតម្លៃដឹកជញ្ជូនអង្ករទៅកាន់អឺរ៉ុប នៅតែមានតម្លៃថ្លៃដដែល គ្រាន់តែពេលនេះការកក់ទូកុងតឺន័រ និងការដឹកជញ្ជូន មានភាពងាយស្រួលជាងមុន។

ទោះបីជាយ៉ាងនេះក្ដី ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២នេះដដែល កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន គិតជាទឹកប្រាក់ មានចំនួន ១៧៣.៤៧ លានដុល្លារ សហរដ្ឋអាមេរិក។ តែចំពោះការនាំចេញស្រូវ ក្នុងរយៈពេល៥ខែនេះដែរ កម្ពុជាបាននាំចេញស្រូវ គិតជាទឹកប្រាក់មានចំនួន ៣៩១.៦៩ លានដុល្លារសហរដ្ឋអាមេរិក។

រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា

គួរម្លឹកដែរ គណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅអឺរ៉ុបនឹងកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ា ដោយឆ្នាំទី១ គឺឆ្នាំ២០១៩ យកពន្ធ ក្នុងតម្លៃ១៧៥អឺរ៉ូ ឬស្មើនឹងប្រមាណ២០០ដុល្លារអាមេរិក ក្នុងអង្ករមួយតោន។ នៅឆ្នាំទី២ កំណត់យកពន្ធមកនៅត្រឹម១៥០អឺរ៉ូ ឬស្មើនឹងជាង១៧០ ដុល្លារអាមរិក និងឆ្នាំទី៣ ការយកបានថយចុះមកនៅ១២៥អឺរ៉ូ ឬស្មើនឹងជាង១៤០ដុល្លារអាមេរិកក្នុងមួយតោន។

រូបតំណាង

សូមជម្រាបដែរ ប្រទេសបារាំង ជាប់ចំណាត់លេខ១ ក្នុងទ្វីបអឺរ៉ុប ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ។ ក្នុងរយៈពេល៥ខែមកនេះ បារាំងទិញអង្ករជាង៣.៦ម៉ឺនតោន, លេខ២ ប្រទេសហូឡង់ ចំនួនជាង១ម៉ឺនតោន៕

Share

Image
Image
Image