ការិយាល័យអង្គការយូ ណេស្កូប្រចាំកម្ពុជា ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមគ្នារៀបចំ «យុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាស្ទិក» ក្នុងគោលបំណងដើម្បីកាត់បន្ថយការប្រើថង់ ប្លាស្ទិក និងលើកកម្ពស់ចំណេះដឹងប្រជាពលរដ្ឋមិនត្រូវចោលសំរាមឥតសណ្តាប់ធ្នាប់។
ក្រសួង និងស្ថាប័នពាក់ព័ន្ធរៀបចំយុទ្ធនាការនេះ គឺធ្វើឡើងដើម្បីបង្កើនការយល់ដឹងលើការកាត់បន្ថយថង់ប្លាស្ទិក និងការកែច្នៃ ព្រមទាំងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនកម្ពុជា ជាពិសេសជួយលើកទឹកចិត្តប្រជាពលរដ្ឋ និងយុវវ័យក្នុងក្របខ័ណ្ឌនៃកម្មវិធី «យុទ្ធនាការយុវជន និងទីក្រុងស្អាត» ដើម្បីចែករំលែកគំនិតពីការ គ្រប់គ្រងកាកសំណល់ប្លាស្ទិកនៅក្នុងក្រុមគ្រួសាររបស់ពួកគេ។
យុទ្ធនាការនេះនឹងប្រព្រឹត្តទៅនៅវត្តបទុមវត្តី រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ខាងមុខ ដោយមានការចូលរួមពីដៃគូពាក់ព័ន្ធមួយចំនួន និងទទួលបានការគាំទ្រពីក្រុមហ៊ុន Coca-Cola។ ស្របពេលជាមួយគ្នានេះ នៅមានសកម្មភាពយុទ្ធនាការដោយធ្វើបទបង្ហាញនូវឈុតវីដេអូខ្លីពិសេស មួយស្តីពី «ប្លាស្ទិកមិនរលាយ» ហើយវីដេអូនេះបានផលិតដោយអង្គការយូណេស្កូ និងមូលនិធិ Exo រួមជាមួយនិងអង្គការហ្វារពន្លឺសិល្បៈផងដែរ៕