en     km
en     km

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប មិនឯកភាពតាមការសម្រេចរបស់អង្គភាពក្រោមឱវាទនៅខេត្តកំពង់ចាមទេ

Share

ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចខុសពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ចំពោះបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ ទាក់ទងនឹងគណបក្សភ្លើងទៀន អំឡុងពេលឃោសនាបោះឆ្នោតនៅស្រុកកងមាស។

កញ្ញា មាស គឹមធួន ជូនសេចក្ដីរាយការណ៍ …

 

 

​ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចខុសពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ចំពោះបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ ទាក់ទងនឹងគណបក្សភ្លើងទៀន អំឡុងពេលឃោសនាបោះឆ្នោតនៅស្រុកកងមាស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ នេះ។

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ដែលមានសមាសភាព ៩ រូប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានដោះស្រាយប្តឹងតវ៉ា និងប្តឹងជំទាស់ ចំនួន ២ ករណី ដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាពបេក្ខជនក្នុងគណបក្សភ្លើងទៀន អំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន អ្នកនាំពាក្យ គ.ជ.ប ឱ្យដឹងថា ក្នុងសំណុំរឿងលេខ​ ១៤៨ ដើមបណ្ដឹងឈ្មោះ គង់ រ៉ៃយ៉ា ដែលជាបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀននៅឃុំស្តៅ បានប្តឹងជំ​​ទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែល​ផាក​ពិ​ន័យរូបគាត់ជាប្រាក់ចំនួន ៥ លានរៀល ពីបទចែកថវិកានិងសម្ភារៈឃោសនាបោះឆ្នោតទៅឱ្យគណបក្សភ្លើងទៀនចំនួន ១១ ឃុំ ក្នុងស្រុកកងមាស។ បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺ បានពិនិត្យកំណត់ហេតុ និងបានពិភាក្សាគ្នារួច បើតាមអ្នកនាំពាក្យ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប យល់ឃើញថា សេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម«ពុំមានមូលដ្ឋានគតិយុត្តពេញលេញនៅ​ឡើយ» ហើយបានសម្រេច«លុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន ៥ លានរៀល»។

អ្នកនាំពាក្យ គ.ជ.ប បានបន្តទៀតថា ក្នុងសំណុំរឿងលេខ ១៤៩ ដែលមានដើមបណ្ដឹងឈ្មោះ គា អ៊ាវ ត្រូវជាមេធាវីតំណាងឱ្យឈ្មោះ ជិន ដាវី បានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលមិនបានដកហូតសិទ្ធិ​បោះ​ឆ្នោត និងមិនបានលុបឈ្មោះបេក្ខជន ១៥ រូប ចេញពីបញ្ជីឈរឈ្មោះរបស់គណបក្សភ្លើងទៀន។ ចំពោះករណីនេះ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានយល់ឃើញស្រដៀងនឹងករណីខាងលើដែរ ហើយបានសម្រេច«រក្សាសិទ្ធិបោះឆ្នោតនិងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀន» សម្រាប់បុគ្គលទាំង ១៥ រូប ដែលរងការចោទប្រកាន់ថាបាននាំគ្នាផ្តល់នូវអំណោយជាថវិកានិងសម្ភារមួយចំនួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានធ្វើឡើងក្រោយពីសវនាការសាធារណៈនាថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ នៅចំពោះមុខមេធាវីតំណាងគូភាគីនីមួយៗ ហើយជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕

Share

Image
Image
Image