ភ្នំពេញ៖ លោក ឡិច ជាកសិករម្នាក់រស់នៅភូមិព្រេន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានបង្ហាញដោយចែករំលែកបទពិសោធន៍និងបច្ចេកទេសមួយចំនួនក្នុងការដាំដំណាំដំឡូងមីឱ្យទទួលបានទិន្នផលល្អដល់យុវជនជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី«យុវជននិងសេចក្តីរាយការណ៍ព័ត៌មានតាមទូរស័ព្ទ»ឬហៅថា«អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)»កាលពីថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២២។
លោក ឡិច ដែលមានបទពិសោធន៍ដំាដំឡូងមីរយៈពេលជាង ៥ ឆ្នាំប្រាប់ឱ្យដឹងថា ដើម្បីដាំដំឡូងមីបានផលល្អកសិករគប្បីជ្រើសរើសដីដែលមិនដក់ជាំទឹកឬដីសើមពេក ព្រោះអាចបណ្តាលឱ្យមើមដំឡូងរលួយ។
តែយ៉ាងណាលោកបន្ថែមថា ដំណាំនេះត្រូវការទឹកករណីមានភ្លៀងធ្លាក់ច្រើនរឹតតែល្អ ហើយក៏ឆាប់ទទួលផលផងដែរ។
កសិកររូបនេះសង្កេតឃើញថា ដំណាំដំឡូងមីនេះជាប្រភេទដំណាំដែលប្រជាកសិករចូលចិត្តដាំព្រោះងាយស្រួលលក់ចេញដោយមានឈ្មួញមកទទួលទិញដើម្បីនាំយកចេញទៅប្រទេសក្រៅ។ លោកបន្ថែមទៀតថា មូលហេតុដែលលោកសម្រេចចិត្តដាំដំណាំដំឡូងមីនេះ ព្រោះងាយស្រួលដាំដោយសាររុក្ខជាតិប្រភេទនេះមិនរើសរដូវ ពោលឱ្យតែតំបន់មានភ្លៀងធ្លាក់ច្រើនគឺធ្វើឱ្យដំណាំកាន់តែល្អ។ មួយវិញទៀតដំឡូងមីមានតម្លៃល្អលើទីផ្សារដែលអាចឱ្យកសិករទទួលចំណូលបានល្អប្រសើរពេលប្រមូលផលលក់ម្តងៗ។
បើទោះបីជាដំណាំនេះមានតម្លៃល្អលើទីផ្សាយក៏ដោយតែសម្រាប់ការចំណាយលើការថែទាំក៏ត្រូវចំណាយច្រើនដែរ ពិសេសតម្លៃថ្នាំនិងជីបានហក់កើនឡើងជាបន្តបន្ទាប់។
សូមបញ្ជាក់ថា តម្លៃដំឡូងមីជាទូទៅក្នុងប្រទេសកម្ពុជានៅដើមឆ្នាំ២០២២នេះ សម្រាប់ដំឡូងមីស្រស់ មានតម្លៃចន្លោះពី ៣២០រៀល ទៅ ៣៨០រៀលក្នុងមួយគីឡូក្រាម។ ចំណែកឯដំឡូងមីក្រៀមវិញ មានតម្លៃ ៧៥០រៀលក្នុងមួយគីឡូក្រាម។ ក្នុងនោះ ប្រទេសវៀតណាម នៅតែជាទីផ្សារគោលដៅចម្បងសម្រាប់ការនាំចេញដំឡូងមីរបស់កម្ពុជា។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលបង្ហាញថា ការនាំចេញដំឡូងមី និងផលិតផលដំឡូងមី ក្នុងឆ្នាំ ២០២១ សម្រេចបានជិត ២ លាន ៨ សែនតោន។ ក្នុងនោះចំណិតដំឡូងមីក្រៀម មានជាង ១ លាន ៦ សែនតោន កើនជាង ៨%។ ដំឡូងមីស្រស់នាំចេញបានជាងមួយលានតោន កើនជាង ៥២%។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់ថ្លែងថា ដំណាំដំឡូងមី គឺជាដំណាំកសិឧស្សាហកម្ម និងជាផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជាដែលបានរួមចំណែកពី ៣-៤ ភាគរយនៃ GDP ក្នុង ១ ឆ្នាំៗ៕
អត្ថបទខ្លីនេះសរសេរដោយ យឿន ស៊ីឌី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។