en     km
en     km

យុវតីសិស្សពូកែ សួង ណៃសៀង ទទួលបានកាដូលើកទឹកចិត្តពីគ្រូៗមុនទៅប្រឡងសិស្សពូកែទូទាំងប្រទេស

Share

កំពង់ធំ៖ កាលពីពេលថ្មីៗនេះលោកគ្រូ អ្នកគ្រូ បានទិញកាដូជូនដល់យុវតី សួង ណៃសៀង បេក្ខភាពសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែររៀនថ្នាក់ទី ៩ អា នៅសាលាវិទ្យាល័យទួលក្បិល​ ស្ថិតនៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កាដូដែលផ្តល់ជូនជាការលើកទឹកចិត្តមានដូចជា ឯកសារសៀវភៅអក្សរសិល្ប៍ខ្មែរ សៀវភៅកំណែនិងសៀវភៅតែងសេចក្ដីជាដើម។ ការទិញសម្ភារៈសិក្សានេះ ជាផ្នែកមួយនៃការលើកទឹកចិត្តឱ្យយុវតី សួង ណៃសៀង បានសិក្សាស្រាវជ្រាវបន្ថែមដើម្បីទទួលបានចំណេះដឹងថ្មីៗ។

យុវតី សួង ណៃសៀង ទទួលកាដូពីគ្រូៗ។

 

មួយទៀតដែរ ឯកសារជំនួយនេះ​ ជាទុនបន្ថែមសម្រាប់យុវតី សួង ណៃសៀង បានត្រៀមខ្លួនឱ្យល្អក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសនៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខដើម្បីទទួលបានជោគជ័យ។

ក្នុងនាមជាគ្រូបង្រៀន លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទួលក្បិលសម្តែងអារម្មណ៍រំភើបសប្បាយរីករាយនៅពេលដែលសាលាទួលក្បិលមានសិស្សពូកែរហូតបានទៅប្រឡងជម្រើសទូទាំងប្រទេសដូច្នេះ។

យុវតី សួង ណៃសៀង ជាសិស្សឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រនិងជាកុមារីម្នាក់មានចរិកស្លូតបូត។នេះបើតាមការគូសបញ្ជាក់ពីលោកគ្រូ រដ្ឋធានី គ្រូបង្រៀននៅវិទ្យាល័យទួលក្បិល។

 

ក្រៅពីជូនសម្ភារៈជាសៀវភៅនិងឯកសារហើយ លោកគ្រូ អ្នកគ្រូ ក៏ផ្តល់ជូនជាថវិកាមួយចំនួនដល់យុវតី សួង ណៃសៀង ផងដែរដើម្បីសម្រួលដល់ការធ្វើដំណើរទៅប្រឡងថ្នាក់ជាតិខាងមុខនេះ។

ជាការឆ្លើយតប យុវតី សួង ណៃសៀង ឱ្យដឹងថា នាងពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយនៅពេលលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើប្អូនស្រីតាមរយៈការជូនកាដូនិងថវិកាលើកទឹកចិត្ត។ យុវតីបេក្ខភាពសិស្សពូកែផ្នែកអក្សរសាស្រ្តខ្មែររូបនេះតាំងចិត្តថា នឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានភាពជ័យជន្នះក្នុងការប្រឡងនាពេលខាងមុខនេះ៕

អត្ថបទខ្លីនេះសរសេរដោយ យឿន ស៊ីឌី  ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។

Share

Image
Image
Image