en     km
en     km

មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងថាប្រទេស៣ ចង់បានស្វាយពីកម្ពុជា តែកសិរត្អូញតម្លៃស្វាយចុះថោក

Share

មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងថា ទីផ្សារប្រទេសចំនួន ៣ មាន ចិន កូរ៉េ និងជប៉ុន ចង់បានផលិតផលស្វាយខ្មែរ  តែកសិករត្អូញពីតម្លៃធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឱ្យមន្ទីរពាណិជ្ជកម្មលើកទឹកចិត្តដល់កសិករ ធ្វើវិធីទំនើបកម្ម ដើម្បីឱ្យស្វាយមានគុណភាពខ្ពស់ ស្របតាមទីផ្សារចង់បាន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រោយពីកសិករត្អួញត្អែរ អំពីតម្លៃស្វាយធ្លាក់ចុះយ៉ាងខ្លាំង មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានលើកទឹកចិត្តឱ្យកសិករទាំងអស់នៅក្នុងខេត្ត  គួរកែប្រែទម្លាប់ចាស់ ដោយងាកមកធ្វើវិធីទំនើប ដែលមានមន្ទីរពាណិជ្ជកម្មជួយបណ្តុះបណ្តាល និងណែនាំ ធ្វើយ៉ាងណាឱ្យស្វាយមានគុណភាពល្អ ដើម្បីងាយស្រួលក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសបានតម្លៃខ្ពស់។

អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង  លោក ហ៊ីន វុឌ្ឍី ថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិថា សម្រាប់ការនាំចេញទៅប្រទេសក្រៅ គេចង់បានស្វាយពីកម្ពុជាណាស់។ លោកបន្ថែមថា ទីផ្សារប្រទេសចំនួន៣ មាន កូរ៉េ ចិន ជប៉ុន ប្រទេសផ្សេងៗទៀតចង់បានផលិតផលខ្មែរ ព្រោះ មិនសូវមានជាតិគីមី។ លោកបានថ្លែងឱ្យដឹងបន្តថា «ដើម្បីឱ្យកសិផលស្វាយមានតម្លៃល្អ យើងគួរតែទៅខាងមន្ទីរពាណិជ្ជកម្ម ដើម្បីឱ្យគេផ្តល់បច្ចេកទេសឬ ក៏ចុះបញ្ជីការពាណិជ្ជកម្មហើយដើម្បីអនុវត្តកសិកម្មល្អនិងស្វាយកុំឱ្យមានមេរោគ»។ នេះបើយោងទៅតាមក្រសួងព័ត៌មាន។

ផ្អែកតាមប្រភពដដែលនេះ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លោក អ៊ិន សុវណ្ណមុន្នី បានថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិដែរថា នៅក្នុងការលក់ដូរកសិផលស្វាយបើមិនមានការប្រមូលបានត្រឹមត្រូវទេ នឹងធ្វើឱ្យស្វាយខូច ស្អុយ។ ប្រជាកសិករគួរតែដឹងនៅពីរបៀបបេះស្វាយឱ្យបានត្រឹមត្រូវ។

ទាក់ទងបច្ចេកទេសយ៉ាងណា ក្នុងការប្រមូលផលឱ្យបានល្អ មិនប៉ះពាល់ដល់ផលិតផល, វិទ្យុស្ដ្រី មិនទាន់បានសុំការពន្យល់បន្ថែមពីមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបងបានទេ ដោយមិនអាចទាក់ទងបាន។

គួរជម្រាបដែរទីផ្សារកសិផលនៅក្នុងខេត្តបាត់ដំបងមានការប្រែប្រួលតម្លៃចុះថោក ធ្វើឱ្យកសិករពិបាកលក់ចេញ ជាពិសេសក្នុងរដូវប្រមូលផលស្វាយ។

លោក ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រិចហ្វាម អេស៊ា ដែលជាក្រុមហ៊ុននាំចេញស្វាយទៅកាន់ប្រទេសចិន ធ្លាប់បានលើកឡើងថា មូលហេតុដែលធ្វើឱ្យស្វាយរបស់កសិករជួបបញ្ហា ដោយសារការដុះដាំមិនត្រូវតាមស្តង់ដារ មិនមានគុណភាព និងមិនបានភូតគាមអនាម័យ ដែលធ្វើឱ្យស្វាយទាំងនោះមិនអាចនាំចេញ បានត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះ។

សេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៧ មេសា ឆ្នាំ ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ដើមឆ្នាំ២០២២នេះ បរិមាណនាំចេញកសិផលស្រស់ មានដូចជាចេកស្រស់ និងស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

យ៉ាងណាសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងកសិកម្ម ក៏បានបញ្ចេញតួលេខកំណើននៃការនាំចេញកសិផលរបស់កម្ពុជា នៅក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២២នេះ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលចំនួន ៤ ០៤០ ៧០៣, ៦៩តោន ដែលចំនួននេះកើនឡើង ជាង២១ម៉ឺនតោន ស្មើនឹង៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ៣, ៨ លានតោន៕

Share

Image
Image
Image