សៀមរាប៖ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) នៅថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ បានបើវគ្គបណ្តុះបណ្តាលស្តីពី«យុវជននិងសេចក្តីរាយការណ៍ព័ត៌មានតាមទូរស័ព្ទ»ទៅកាន់យុវជនចំនួន ១១ នាក់ក្នុងនោះមានស្រ្តីចំនួន ៧ នាក់។
វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅសណ្ឋាគារ ឡែនឌីងហ្គោល(landing Gold Hotel by Amatak) ស្ថិតក្នុងខេត្តសៀមរាបនេះ គ្រូបង្គោលនៃ WMC និង CCIM បានបង្ហាត់បង្រៀនយុវជនពីរបៀបសរសេរព័ត៌មាន(5W1H) គុណភាពនៃព័ត៌មាន ប្រភពព័ត៌មាន របៀបសម្ភាសន៍ របៀបថតរូប ថតវីដេអូ និងរបៀបផលិត វ៉ក ផប់(Vox Pop)ជាមួយនឹងការអនុវត្តលំហាត់ជាក្រុម និងការលេងល្បែងកម្តៅសាច់ដុំជាដើម។
ក្នុងវគ្គបណ្តុះបណ្តាល យុវជនបានយកចិត្តទុកដាក់ក្នុងការសិក្សា មានភាពសកម្មក្នុងការធ្វើការងារជាក្រុម មានភាពក្លាហានពេលធ្វើបទបង្ហាញកិច្ចការរបស់ក្រុម និងក្លាហានលើកជាសំនួរទៅកាន់គ្រូបណ្តុះបណ្តាលពេលមានចម្ងល់ផងដែរ។
យុវជនដែលបានចូលរួមបានលើកឡើងពីចំណាប់អារម្មណ៍នៅចុងវគ្គបណ្តុះបណ្តាលនៃថ្ងៃនីមួយៗថា ពួកគេទទួលបានចំណេះដឹងថ្មីៗជាច្រើនជុំវិញដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ និងគន្លឹះថតរូបភាព ថតវីដេអូ ដែលមានគុណភាព។ ក្រុមយុវជនឱ្យដឹងថា ចំណេះដឹងនៃប្រព័ន្ធផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់សម្រាប់ពួកគេ ព្រោះពួកគេអាចសរសេរនូវរឿងរ៉ាវនិងហេតុការណ៍ក្នុងសហគមន៍ជាព័ត៌មានបានត្រឹមត្រូវតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រុមយុវជនបញ្ជាក់ថា ពួកគេនឹងយកចំណេះដឹងនេះចែករំលែកបន្តទៅកាន់សមាជិកគ្រួសារ មិត្តភក្តិ និងប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីឱ្យយល់ដឹងពីចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយទាំងអស់គ្នា។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្តាលរយៈពេលពីរថ្ងៃនេះមានគោលបំណងបញ្ជ្រាបការយល់ដឹងពីដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយទៅកាន់យុវជនដែលបានចូលរួម។មួយទៀតដែរ យុវជនដែលបានចូលរួមនឹងអាចក្លាយជាយុវជនបង្គោលដើម្បីផ្សព្វផ្សាយបន្តចំណេះដឹងទៅកាន់យុវជននៅក្នុងសហគមន៍របស់ពួកគេ។
វគ្គបណ្តុះបណ្តាលនេះស្ថិតនៅក្រោមគម្រោងសំឡេងយុវជនមានសារៈសំខាន់ ដែលទទួលបានការគាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និង មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) សហការរៀបចំជាមួយសមាគមន៍យុវជនកម្ពុជា(KYA) និងក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕