
លោក ជុំ សុន្ទរី បានផ្ដល់ព័ត៌មានបែបនេះ ដល់វិទ្យុស្ដ្រី FM ១០២ នៃWMC នៅថ្ងៃចន្ទ ទី ២៣ ខែវិច្ឆិកា ២០១៥នេះ។ លោកបន្តថា នេះជាលើកទីមួយហើយ ដែលលោកនាយករដ្ឋមន្ដ្រី ប្រទេសរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជានេះ។ «អញ្ជើញមកហ្នឹង គាត់មកជា ទស្សនកិច្ចផ្លូវការដែរ ជាទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃ២២ ដល់ថ្ងៃ២៤វិច្ឆិកា។ ហើយជាលើកទីមួយដែរ ដែលមាន ទស្សនកិច្ច ផ្លូវការ របស់នាយករដ្ឋមន្ដ្រីរុស្ស៊ី មកកាន់កម្ពុជាយើង បា៎ទ ក្នុងរយៈពេលចុងក្រោយ មិនមែន ក្នុងប្រវត្តិសាស្ដ្រទេ ក្នុងរយៈពេលចុងក្រោយហ្នឹង ប៉ុន្មានឆ្នាំ ចុងក្រោយហ្នឹង បា៎ទ»។
ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ដ្រីរុស្ស៊ី នៅកម្ពុជានាពេលនេះដែរ នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួន ទីមួយ កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម រវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរុស្ស៊ី ទីពីរកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងបំពេញ បន្ថែមរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងភ្នាក់ងារសារព័ត៌មាន SPUTNIK ទីបី អនុស្សរណៈ នៃការយោគយល់គ្នារវាងវិទ្យុជាតិនិងទីភ្នាក់ងារសារព័ត៌មាន SPUTNIK ទីបួន កិច្ចព្រមព្រៀងសហការ និងសហប្រតិបត្តិការរវាងគណបក្សប្រជាជន និងគណបក្សរួបរួមរុស្សី និង ទីប្រាំ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រសួងអភិវឌ្ឍសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ស្តីពីការសម្រួលវិនិយោគទុន។
ជុំវិញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ដ្រីរុស្ស៊ីនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បាន ត្រៀមដាក់ពង្រាយ កងកម្លាំងសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងយោធា ជាង១ម៉ឺននាក់ នៅខេត្ដសៀមរាប និងនៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារសន្ដិសុខ និង សណ្ដាប់ធ្នាប់ នៃការមកដល់របស់នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក ឌីមេទ្រី មេវ៉េដេវ(Dmitry Medvedev) នេះផងដែរ៕