កណ្តាល៖ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធ រោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួនជាផ្លូវការដែលជារោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដំបូងនៅកម្ពុជាមានទំហំសាច់ប្រាក់វិនិយោគជាង ២០ លានដុល្លារអាមេរិក។
ពិធីសម្ពោធនេះបានធ្វើឡើងនៅរោងចក្រអនៀន ម៉ូប៊ីលីធីដែលមានទំហំផ្ទៃដីប្រមាណ ២ ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ ១។ រោងចក្រនេះទៀតសោត កំពុងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ និងជំរុញការផលិតឲ្យដល់ ៣០០០ គ្រឿងតាមផែនការសម្រាប់ឆ្នាំ ២០២២-២០២៣។
លោក Kay Woo ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីមានប្រសាសន៍ក្នុងកម្មវិធីថា៖«យើងកំពុងរៀបចំផ្តល់សេវាកម្មនៃយានជំនិះអគ្គិសនីទាំងមូលរាប់ចាប់តាំងពីទោចក្រក្រយានយន្តរហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗរបស់យើង។ បច្ចុប្បន្ន យើងកំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏មុតមាំរបស់យើង គឺយើងបន្តធ្វើការផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខគេក្នុងការប្រើប្រាស់យានជំនិះប្រើដោយថាមពលអគ្គិសនី។»
ស្របគ្នានៃពិធីបើកសម្ពោធនេះ ក៏មានផងដែលពិធីចុះអនុស្សរណៈនៃការយោគយល់(MOU)រវាងក្រុមហ៊ុន MVL Energy Investment Company នៃក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ជាមួយក្រុមហ៊ុន Central ស្តីអំពី“គម្រោងផលិតយានជំនិះដឹកទំនិញខ្នាតតូចដែលប្រើថាមពលអគ្គិសនី”ដើម្បីជម្រុញឲ្យមានការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រ យានយន្ត និងត្រីចក្រយានយន្តអគ្គិសនីអាចបង្កើនចង្វាក់ផលិតកម្មយានយន្តអគ្គិសនីកាន់តែច្រើន និងផ្តល់ឱកាសការងារជាង ៥០០ កន្លែង ក្នុងផែនការឆ្នាំ ២០២៥។ បច្ចុប្បន្នក្រុមហ៊ុនបានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន ១ កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន ៣ កន្លែង និងអនុស្ថានីយដៃគូចំនួន ៦កន្លែង សរុបរួមមានដល់ ១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។
ជាការកត់សម្គាល់ កម្ពុជាកំពុងវិឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់សម្រាប់ការវិនិយោគលើវិស័យយានជំនិះអគ្គិសនី ការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធសម្រាប់ការសាកថ្ម និងស្ថានីយប្តូរអាគុយ ដើម្បីឈានទៅរកអភិវឌ្ឍន៍បៃតងដោយគ្មានផ្សែងបំពុលក្នុងឆ្នាំ ២០៥០ ក្នុងតំបន់អាស៊ីអាគ្នេយ៍និងពិភពលោក។
គួរកត់ស្គាល់ដែរថា ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីជាក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។ ថ្មីៗនេះមានកំណើនយ៉ាងខ្លាំងនៃការគាំទ្រដ៏ច្រើនពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជា ដែលស្រលាញ់បរិស្ថាន ចាប់តាំងពីដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធីTADAកាលពីពេលកន្លងមក។
នេះជាកិច្ចចាប់ផ្តើមនៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយទៀតសម្រាប់ប្រទេសកម្ពុជា និងពិភពលោកក្នុងការឆ្ពោះទៅកាន់អនាគតនៃយានជំនិះគ្មានផ្សែងបំពុល និងលើកកម្ពស់បន្ថែមក្នុងការប្រើប្រាស់យានជំនិះអគ្គិសនី ក្នុងប្រទេសកម្ពុជាជាមួយការជម្រុញឲ្យមានហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងប្តូរអាគុយបន្ថែមទៀត។ ប្រការនេះនាំឱ្យប្រទេសកម្ពុជា និងពិភពលោកកាន់តែប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតសម្រាប់មនុស្សជាតិជំនាន់ក្រោយ៕