en     km
en     km

សួនរុក្ខជាតិអង្គរទាក់ទាញទេសចរតាមរយៈសម្រស់រុក្ខជាតិរាប់ម៉ឺនប្រភេទ

Share

សម្ធិផលទេសចរណ៍ថ្មីនៃខេត្ត​សៀមរាប សួររុក្ខជាតិអង្គរ បានកំពុងដើរតួ ទាក់ទាញចិត្តទេសចរទាំងក្នុងតំបន់ ទាំងទេសចរនៅតាមខេត្តដទៃ ឱ្យទៅមើលសម្រស់រុក្ខជាតិរាប់ម៉ឺនប្រភេទដែលមាននៅក្នុងស្រុក និងក្រៅស្រុក។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ស្ថិតនៅលើផ្ទៃដីទំហំ១៥ហិចតា សួនរុក្ខជាតិអង្គរ បានទាក់ទាកទាញទេសចរ ខ្ទង់ពាន់នាក់ឱ្យទៅទស្សនាសម្រស់រុក្ខជាតិ ទោះបីសួននេះជាសម្ធិផលថ្មីនៃទឹកដីសៀមរាបក៏ដោយ។ ផ្អែកតាមនាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាថា មានទេសចរប្រមាណជាង៧ពាន់នាក់ និងមានទេសចរអន្ដរជាតិ៥១នាក់ បានទៅទស្សនាសួនរុក្ខជាតិអង្គរនេះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

សួនរុក្ខជាតិអង្គរ ស្ថិតនៅក្នុងភូមិសាស្ដ្រភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប នៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ ផ្លូវ​ឆ្ពោះទៅកាន់ប្រាសាទអង្គរ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សួននេះមានរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង៥០០ប្រភេទ រាប់បញ្ចូលទាំង ស្មៅ ឈើហូបផ្លែ ដែលរុក្ខជាតិខ្លះនៅក្នុងស្រុក និងខ្លះទៀតនៅក្រៅស្រុក។

កាលពីពេលសម្ពោធដាក់ឱ្យដំណើរការ នាថ្ងៃទី១៩ ខែឧសភា លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សួនរុក្ខជាតិអង្គរ បង្កើតឡើងក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយជូនសាធារណជាតិ អន្តរជាតិ បានចូលមកទស្សនាកម្សាន្ត និងស្វែងយល់អំពី អំបូររុក្ខជាតិគ្រប់ប្រភេទ ដែលត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្ស សម្រាប់ឲ្យកូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា។ លោកជំទាវបន្ថែមថា នេះជាផលិតផលទេសចរណ៍ថ្មីមួយ ដែលពោពេញដោយ គុណប្រយោជន៍ផ្នែកសង្គម និង សេដ្ឋកិច្ច ក៏ដូចជាការចូលរួមលើកកម្ពស់ ការយល់ដឹងបន្ថែមដល់ប្រជាជនកម្ពុជា បានស្គាល់ពីរុក្ខជាតិដ៏សម្បូរបែបនៅក្នុងស្រុក និង ក្រៅស្រុក រួមទាំងផលិតផលទេសចរណ៍បន្ទាប់បនំ្សមួយចំនួនផ្សេងទៀតក្នុងសួន សំដៅបង្កើនស្មារតីស្រឡាញ់ និង ចូលរួមថែរក្សា ការពារ និងអភិរក្សមរត៍កជាតិ។

យ៉ាងណា យោងទៅតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងដែរថា អាជ្ញាធរជាតិអប្សរា បានធ្វើការកែលម្អរ និងពង្រីកផ្ទៃដីសួនគ្រឿងទេសបន្ថែម ដោយបែងចែកជា៥ផ្នែក ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំងជាដើម។

ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប លោក ពន្លក បានប្រាប់វិទ្យុស្ដ្រី ពេលលោកទៅដើរកម្សាន្ដនៅថ្ងៃទី២២ ខែឧសភា នៅសួនរុក្ខជាតិអង្គរថា ដោយសារលោកធ្លាប់រស់នៅតំបន់មានព្រៃហើយ ដូច្នេះ សួននេះមិនសូវប្លែកទេសម្រាប់លោក។ តែយ៉ាងណាលោកបន្ថែមថា ចំពោះអ្នករស់នៅក្នុងក្រុង គឺអាចប្លែកជាមួយរុក្ខជាតិទាំងនេះ លោកក៏បានស្គាល់រុក្ខជាតិថ្មីៗខ្លះដែរ ដូចជាផ្កានរតីជាដើម។ លោកសំណូមពរដល់អ្នកទេសចរដែលមិនទាន់បានទៅអាចទៅទស្សនានៅសួនរុក្ខជាតិនេះ ដោយសារមានដើមឈើប្លែកៗ មិនខនបំណងទេ។

ទោះបីជាសួននេះ សម្បូរទៅដោយរុក្ខជាតិច្រើនប្រភេទ តែឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដី នរគរូបណីយកម្ម និងសំណង បានសំណូមពរដល់ក្រសួងវប្បធម៌ តាមរយៈអាជ្ញាធរជាតិអប្សរា គួរធ្វើការកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីស្នើសុំឲ្យក្រសួងកសិកម្មជួយផ្ដល់ពូជឈើនិងរុក្ខជាតិ ព្រមទាំងអ្នកបច្ចេកទេសផង ដើម្បីធ្វើការពង្រីកនិងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះឲ្យកាន់តែមានទំហំធំ ព្រមទាំងរុក្ខជាតិសំបូរបែប ដោយបន្ថែមរុក្ខជាតិថែមទៀត និងបានធ្វើការបំផុសដល់គ្រប់ទីវត្តអារាម និង អាជ្ញាធរ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទូទាំងកម្ពុជា ប្រកាន់ភ្ជាប់នូវប្រពៃណីដាំកូនឈើ ដើមី្បលើកកម្ពស់បរិស្ថាន និង សុខមាភាពផងដែរ៕

Share

Image
Image
Image