តំណាងរាស្រ្តគណបក្សប្រឆំាងលោក អ៊ុំ សំអាន បានសសេរលិខិតមួយច្បាប់កាលពី ថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០១៥ ស្នើសុំឲ្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិនិត្យមើលព្រំដែន ច្រកភ្នំដិន ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ លោកបានបញ្ជាក់ថា វៀតណាមបានរំកិលព្រំដែនចូលទឹកដីកម្ពុជាប្រមាណ១២៧០ម៉ែត្រដោយគិតពីព្រំដែនចាស់ត្រង់ព្រែកវិញតែហៅថាព្រែកក្របៅ រហូតមក ត្រង់ព្រំដែនសព្វថ្ងៃនៅត្រឹមប្រឡាយ៧៩ ដែលប្រឡាយនេះភាគីវៀតណាមបានជីក កាលឆ្នាំ១៩៧៩។
ការដាក់លិខិតស្នើសុំរបស់តំណាងរាស្រ្តគណៈបក្សសង្គ្រោះជាតិមណ្ឌលសៀមរាបរូបនេះធ្វើឡើងតាមរយៈប្រធានរដ្ឋសភា។ ការស្នើសុំនេះធ្វើឡើងក៏ស្រប តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន “ វៀតណាមបានជីកព្រែកតាមបន្ទាត់ព្រំដែនពីកើតទៅលិច ហើយជីកចូលទឹកដីខ្មែរប្រមាណ ១២៧០ម៉ែត្រ ដោយគិតពីព្រែកវិញតេ ” ដែលចុះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៩៩ ដែលកាលនោះ លោកជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
គួរបញ្ជាក់ផងដែរថា លោក អ៊ុំ សំអាន បានចុះទៅពិនិត្យជាក់ស្តែងដោយផ្ទាល់នៅច្រកភ្នំដិននោះកាលពីថ្ងៃទី១០ ខែឧសភារួចមកហើយ។ បន្ទាប់ពីការចុះទៅមើលច្រកព្រំដែននេះតំណាងរាស្រ្តគណៈបក្សសង្គ្រោះជាតិបាននិយាយថា « វៀតណាម ពិតជាបានរំកិលព្រំដែនចូលមកដីកម្ពុជាប្រមាណ ១២៧០ ម៉ែត្រ ពិតប្រាកដមែន និងស្របតាមរបាយការណ៍របស់លោក កែ គឹមយានមែន ដូច្នេះខ្ញុំក៏ស្នើឲ្យលោក នាយករដ្ឋមន្រ្តី ហ៊ុន សែនធ្វើការពិនិត្យឡើងវិញ ត្រង់ព្រំដែនច្រកភ្នំដិននេះ »។
ជុំវិញបញ្ហានេះដែរ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃពុធនេះថាលោកមិនទាន់ ទទួលបានលិខិតរបស់ លោក អ៊ុំ សំអាន នៅឡើយទេ ហើយក៏សុំមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះផងដែរ៕