ភ្នំពេញ៖ កញ្ញា កុយ សុជាលី ជានិស្សិតផ្នែកសង្គមកិច្ចវិទ្យាឱ្យដឹងថា ការសិក្សាផ្នែកនេះធ្វើឱ្យកញ្ញាមានឱកាសច្រើនក្នុងការប្រឡូកការងារសង្គម និង អាចជួយឱ្យនាងបានជួយកសាងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍ឱ្យល្អប្រសើរផងដែរ។ កញ្ញាឱ្យដឹងបន្ថែមថា ខ្លួនស្រលាញ់ពេញចិត្តមុខវិជ្ជានេះ ព្រោះថាជំនាញនេះស្របតាមចំណង់ចំណូលចិត្ត ដែលនាងមានបំណងប្រាថ្នាចង់ជួយយុវជនកម្ពុជាមានឱកាសបន្តការសិក្សាបានពេញលេញផងដែរ។
សម្រាប់បញ្ហាប្រឈមក្នុងការសិក្សាជំនាញសង្គមកិច្ចវិទ្យានេះ កញ្ញា កុយ សុជាលី ឱ្យដឹងថា មិនខុសពីមុខវិជ្ជាផ្សេងៗទៀតនោះទេ បើសិនជាអ្នកសិក្សាមិនចេះបែងចែកពេលវេលារៀនសូត្រ និងពេលវេលាធ្វើការងារទេនោះ។ អ្វីដែលអាចកាត់បន្ថយបញ្ហាបាន គឺអាស្រ័យលើការគ្រប់គ្រងពេលវេលា ចេះបែកចែកពេលវេលាសិក្សា ពេលវេលាធ្វើការងារជាមួយការកំសាន្តផ្ទាល់ខ្លួន។
ដោយឡែក ទាក់ទងបញ្ហាទីផ្សារការងារវិញ សុជាលី និយាយថា គឺមិនចោទជាបញ្ហាប្រឈមខ្លាំងពេកទេ បើសិនជានិស្សិតមានចំណេះជំនាញនិងបទពិសោធន៍ពិតប្រាកដ។ សុជាលី យល់ថា និស្សិតរៀនផ្នែកនេះអាចមានឱកាសចូលប្រឡូកការងារសង្គមបានច្រើន អាចធ្វើជាគ្រូបង្រៀន អ្នកប្រឹក្សាផ្លូវចិត្ត អ្នកតស៊ូមតិ ឬជាអ្នកសម្របសម្រួលគម្រោងតាមសហគមន៍។
ដោយឡែកកញ្ញា លឿត មេសា ជានិស្សិតផ្នែកសង្គមកិច្ចវិទ្យាមួយរូបទៀតឱ្យដឹងថា នាងបានស្វែងយល់ពីបញ្ហាសង្គមបានច្រើនតាមរយៈការសិក្សាទ្រឹស្តីនិងការអនុវត្តផ្ទាល់។ កញ្ញាបញ្ជាក់ថា មុខវិជ្ជាមួយនេះទាមទារឱ្យសិស្សត្រូវចេះភាសាអង់គ្លេសព្រោះត្រូវស្រាវជ្រាវឯកសារនិងមើលមេរៀនជាភាសាអង់គ្លេសច្រើនគួរសម។
និស្សិតស្រីរូបនេះចែករំលែកបទពិសោធន៍ចូលប្រឡូកការងារតាមសហគមន៍ថា នាងបានយល់ដឹងច្រើនពីបញ្ហាជំងឺទឹកនោមផ្អែម ការផ្តល់សេវាទៅកាន់អ្នកជំងឺ មានបទពិសោធន៍ចងក្រងជាក្រុមការងារដែលមានឈ្មោះថា មិត្តជួយមិត្ត។ ក្នុងនោះផងដែរ នាងក៏មានឱកាសធ្វើការតាមអង្គការសង្គមស៊ីវិលមួយចំនួនដែលនាងធ្វើការទាក់ទងការជួយស្រ្តីរងការរំលោភបំពានផ្លូវភេទ អំពើហិង្សា និងការជួញដូរជាដើម។
ការងារនេះនាងបានដឹងពីរបៀបនៃការទទួលស្រ្តីចូលក្នុងមណ្ឌល ដឹងពីតម្រូវការឯកសារពាក់ព័ន្ធ ជាមួយការប្រឹក្សាយោបល ការគាំទ្រផ្លូវចិត្ត ជួយស្វែងរកគ្រួសារសាច់ញ្ញាតិស្រ្តីរងគ្រោះ នឹងការជួយបញ្ជូនស្ត្រីទៅមន្ទីរពេទ្យដើម្បីជួបអ្នកចិត្តសាស្ត្រជាដើម។
សូមបញ្ជាក់ថា មុខវិទ្យាផ្នែកសង្គមកិច្ចវិទ្យានេះ និស្សិតនឹងទទួលបានសិក្សាពីការតស៊ូមតិ អភិបាលកិច្ច សុខភាពផ្លូវចិត្ត អន្តរទំនាក់ទំនង ការអភិវឌ្ឍសហគមន៍ ការរៀបចំសហគមន៍ និងភាសារអង់គ្លេសជាដើម។ ជាងនេះសិស្ស និស្សិត មានឱកាសធ្វើការងារដើម្បីជួយលើកកម្ពស់សុខមាភាពសង្គមដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស និង យុត្តិធម៌សង្គមផងដែរ៕
អត្ថបទខ្លីនេះសរសេរដោយ សាំង ស្រីពេជ្រ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) ក្រោមជំនួយបច្ចេកទេសពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។