en     km
en     km

កម្ពុជា-ស្រីលង្កាភ្ជាប់ទំនាក់ទំនងទេសចរណ៍ផ្ដោតលើសាសនា

Share

ជាប្រទេសកាន់ពុទ្ធសាសនាហិនយានដូចគ្នា កម្ពុជា និងស្រីលង្កាបានភ្ជាប់ទំនាក់ទំនងទេសចរណ៍ជាមួយគ្នា ដោយផ្ដោតទៅលើសាសនា និងគ្រោងរៀបចំព្រឹត្តិការណ៍លំអានអរិយធម៌ឡើងវិញ ក្រោពីខកខានជាង១០ឆ្នាំ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ទំនាក់ទំនងទេសចរណ៍កម្ពុជា-ស្រីលង្កា បានឈានដល់ការចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងឯកភាពចាប់ផ្ដើមការងារចម្បងៗច្រើនចំណុច។ បន្ទាប់ពីចុះអនុស្សរណៈកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ មក បើផ្អែកទៅតាមក្រសួងទេសចរណ៍ ភាគីទាំងពីរបានឯកភាពរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដោយកម្ពុជា និងស្រីលង្កាជាប្រទេសកាន់ព្រះពុទ្ធសាសនាហិនយានដូចគ្នា។

កាលពីឆ្នាំ២០១១ កម្ពុជាធ្លាប់មានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ពុទ្ធសាសនា ដោយ កម្ពុជាបានសហការជាមួយឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ថៃ ជាដើម រៀបចំព្រឹត្តិការណ៍លំអានអរិយធម៌ម្តង តែត្រូវផ្អាកទៅវិញអស់រយៈ ពេល១០ឆ្នាំ។ កម្មវិធីលំអានអរិយធម៌ បើតាមឯកឧត្តម ថោង ខុន គឺជាកម្មវិធីមួយធ្វើឡើងក្នុងគោលបំណង លើកកម្ពស់វិស័យវប្បធម៌ ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍បែបសាសនា និងគោលដៅទេសចរណ៍ប្រវត្តិសាស្ដ្រ ដូចជាប្រាសាទអង្គររបស់កម្ពុជា តំបន់ប្រាសាទបាហ្កាន របស់មីយ៉ាន់ម៉ា ប្រាសាទបុរោពុទ្ធោ របស់ឥណ្ឌូនេស៊ី។

យ៉ាងណា រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ថាបច្ចុប្បន្នក្រសួងកំពុងសហការជាមួយក្រសួងធម្មការ និងសាសនា ជំរុញឡើងវិញនូវការអនុវត្តផែនការរៀបចំវត្តទេសចរណ៍គំរូនៅទូទាំងប្រទេស ដោយក្នុងខេត្តនីមួយៗត្រូវមានវត្តទេសចរណ៍គំរូយ៉ាងតិច២វត្ត ដើម្បីបង្កើនផលិតផលទេសចរណ៍ចូលរួមទាក់ទាញចលនាទេសចរជាតិ-អន្តរជាតិ។

តាមក្រសួងទេសចរណ៍ ភាគីកម្ពុជា និងស្រីលង្កាក៏បានជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់ព្រះសង្ឃ គ្រឹះស្ថានឧត្តមសិក្សា ពុទ្ធសាសនបណ្ឌិត្យនៃប្រទេសកម្ពុជា និងស្រីលង្កាទៅវិញទៅមកនាពេលអនាគត។

ការធ្វើដំណើររបស់ទេសចរត្រូវការជើងហោះហើរ។ ដើម្បីជំរុញចលនានេះ  ការតភ្ជាប់ជើងហោះហើរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកយោបល់ទៅកាន់ភាគីស្រីលង្កាពាក់ព័ន្ធនឹងការជំរុញឱ្យមានការហោះហើរត្រង់ កម្ពុជា-ស្រីលង្កា នាពេលខាងមុខ ឬជាលក្ខណៈ Charter Flight ខណៈពេលបច្ចុប្បន្នប្រទេសទាំងពីរមិនទាន់ការហោះហើរត្រង់នៅឡើយទេ ភ្ញៀវត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ឬម៉ាឡេស៊ី ឬសិង្ហបុរីជាមុនសិន ទើបបន្តមកដល់កម្ពុជាតាមក្រោយ។

បើតាមឯកឧត្តម ស៊ីន ចាន់សេរីវត្ថា កម្ពុជារយៈពេល៣០ឆ្នាំចុងក្រោងនេះមិនទាន់មានជើងហោះហើរត្រង់នៅឡើងទេ។

ទាក់ទងជាមួយការមកដល់នៃភ្ញៀវទេសចរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជម្រាបទៅកាន់ភាគីស្រីលង្កា គឺលោកជំទាវ ឆាមីនដា អ៊ី ខូឡូនណេ ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជា ថាបច្ចុប្បន្នកម្ពុជាបានដកនូវលក្ខខណ្ឌសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដូចជា ការដកចេញនូវលក្ខខណ្ឌដែលតម្រូវឱ្យធ្វើតេស្តPCR ៧២ម៉ោង ការលើកលែងការធ្វើតេស្តរហ័សនៅពេលមកដល់ និងបានអនុវត្តឡើងវិញនូវការស្នើសុំទិដ្ឋការក្នុងពេលមកដល់ ហើយរង់ចាំភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈកម្ពុជាក៏កំពុងផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅផងដែរ។ កម្ពុជាបានត្រៀមរួចរាល់ហើយក្នុងការទទួលភ្ញៀវទេសចរឡើងវិញ។​ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តមរដ្ឋមន្ដ្រី។

សូមជម្រាបថា ក្រៅពីផ្ដោតទេសចរណ៍សាសនាជាមួយប្រទេសស្រីលង្ការ កាលពីខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ក៏បានភ្ជាប់ទំនាក់ទំនងទេសចរណ៍វប្បធម៌ និងសាសនានេះជាមួយប្រទេសឥណ្ឌាផងដែរ ជាពិសេសដាក់គោលដៅរៀបចំព្រឹត្តិការណ៍លំអានអរិយធម៌ឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាង១០មកនេះ៕

Share

ព័ត៌មានទាក់ទង

Image