en     km
en     km

អ្នកធ្វើការផ្នែកសង្គមកិច្ចជំរុញឱ្យកុមាររស់នៅតាមមណ្ឌលកុមារកំព្រាវិលទៅរួមរស់ជាមួយក្រុមគ្រួសារវិញ

Share

ភ្នំពេញ៖ អ្នកធ្វើការផ្នែកសង្គមកិច្ចកំពុងមើលឃើញពីចំនួនកុមារដែលរស់នៅតាមមណ្ឌលកុមារកំព្រាមានការកើនឡើង បើទោះបីជាកុមារខ្លះនៅមានឪពុកម្តាយនៅឡើយក្តី។ ចរន្តនេះបានកើតឡើងដោយសារឪពុកម្តាយមួយចំនួនយល់ថា ការយកកូនមករស់នៅក្នុងមណ្ឌលកុមារកំព្រាអាចជួយឱ្យកុមារទទួលបានសិក្សារៀនសូត្រនិងការហូបចុកបានល្អប្រសើរ។ ប៉ុន្តែអ្នកធ្វើការលើផ្នែកសង្គមកិច្ចកំពុងជួយឱ្យកុមារខ្លះដែលមានឪពុកម្តាយអាចវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារវិញ ដើម្បីឱ្យកុមារទទួលបានភាពកក់ក្តៅ។

នេះជាការលើកឡើងរបស់លោក ភោគ សារី ជាបុគ្គលិកសង្គមកិច្ចនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកណ្តាល ដែលបានលើកឡើងក្នុងកម្មវិធី“អបអរសាទរទិវាសង្គមកិច្ចពិភពលោកទី១៤” ក្រោមប្រធានបទ៖ ”រួមគ្នាកសាកពិភពលោកមួយប្រកបដោយបរិស្ថានសង្គមថ្មី និងគ្មានអ្នកណាម្នាក់ត្រូវបានទុកចោល”កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសង្គមកិច្ច។

លោក ភោគ សារី ថ្លែងក្នុងកម្មវិធី“អបអរសាទរទិវាសង្គមកិច្ចពិភពលោកទី១៤”។រូបភាពពីហ្វេសប៊ុកក្រសួងសង្គមកិច្ច។

 

លោកបន្តថា នៅប្រទេសកម្ពុជាមានកុមាររាប់ពាន់នាក់មកពីសហមន៍ក្រីក្រ ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា។ លោកបន្ថែមថា ក្នុងចំណាមកុមារទាំងនេះ មានកុមារជាច្រើននៅមានឪពុកម្តាយនៅឡើយ។ លោកបន្តទៀតថា បុគ្គលិកផ្នែកសង្គមកិច្ចកំពុងជួយជំរុញឱ្យកុមារទាំងនោះ អាចមានបរិយាកាសល្អប្រសើរពេលវិលត្រឡប់ទៅរួមរស់ជាមួយឪពុកម្តាយរបស់ពួកគេវិញ ដែលឪពុកម្តាយរបស់ពួកគេត្រូវបំពេញកាតព្វកិច្ចផ្តល់ភាពកក់ក្តៅដល់កូន។ មន្រ្តីផ្នែកសង្គមកិច្ចរូបនេះ​ រំពឹងថា កុមារទាំងអស់នឹងមានឱកាសត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសាររបស់ពួកគេយ៉ាងមានសេចក្តីសុខ ហើយមានការហូបចុកគ្រប់គ្រាន់មានភាពកក់ក្តៅពេញលេញ និងទទួលបានសិទ្ធិសេរីភាពគ្រប់គ្រាន់។

អ្នកចូលរួមក្នុងកម្មវិធីកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសង្គមកិច្ច។រូបភាពពីហ្វេសប៊ុកក្រសួងសង្គមកិច្ច។

 

​យ៉ាងណាដើម្បីសម្រេចទិសដៅនេះ លោក ពិក ទឹក និងកញ្ញា ស៊ុយ គឹមស្រ៊ី ជានិស្សិតដែលបានចូលរួមកម្មវិធីនេះ បានថ្លែងលើកឡើងដោយសុំឱ្យស្ថាប័នពាក់ព័ន្ធជួយជ្រោមជ្រែងដល់អ្នកធ្វើការផ្នែកនេះ។ មួយទៀត ពួកគេស្នើឱ្យមានការផ្សព្វផ្សាយពីគុណប្រយោជន៍នៃជំនាញផ្នែកសង្គមនេះ ដើម្បីឱ្យសិស្សនិស្សិតដែលកំពុងសិក្សាផ្នែកនេះកាន់តែមានចិត្តស្រលាញ់និងចង់បន្តការសិក្សាកាន់តែច្រើនទៅមុខទៀត។

គួររំលឹកថា ទិវាសង្គមកិច្ចពិភពលោកត្រូវបានបង្តើតនៅឆ្នាំ១៩៨៣ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយសហព័ន្ធសង្គមកិច្ចអន្តរជាតិ។ គុណតម្លៃនៃការងារសង្គមកិច្ចរួមដូចជា ការផ្តល់សេវាកម្ម យុតិ្តធម៌សង្គម សេចក្តីថ្លៃថ្នូវ តម្លៃជាមនុស្ស សារ:សំខាន់នៃការទំនាក់ទំនង សុច្ចរិតភាព និងសមត្ថភាព៕

អត្ថបទខ្លីនេះសរសេរដោយ សាំង ស្រីពេជ្រ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) ក្រោមជំនួយបច្ចេកទេសពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។​

Share

ព័ត៌មានទាក់ទង

Image