en     km
en     km

ព្រឹត្តិការណ៍សំខាន់២ នឹងត្រូវធ្វើមុនការប្រកួតស៊ីហ្គេមឆ្នាំ២០២៣

Share

ក្នុងឆ្នាំ២០២៣ នាខែឧសភា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ចន្លោះពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៧ តែមុនព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះមកដល់ គណកម្មាការ CAMSOC និងរៀបចំព្រឹត្តិការណ៍ពីសំខាន់ទៀត។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣ គឺកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានជិតខិតចូលមកដល់ហើយ នៅសល់មិនដល់១ឆ្នាំទៀតនោះទេ។ បើតាមរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃបើកម្មវិធីស៊ីហ្គេម។ កម្ពុជាបានត្រៀមរួចជាស្រេចនូវពហុកីឡដ្ឋានថ្មី គឺពហុគីឡដ្ឋានមរតកតេជោ ដើម្បីទទួលបើកកម្មវិធី ជាលើកដំបូងនេះ។

ការប្រកួតស៊ីហ្គេមនៅកម្ពុជាត្រូវបានរំពឺងថាមានប្រតិភូ និងអត្តពលិកចូលរួមប្រមាណ៧០០០នាក់   ហើយក៏មានកីឡាច្រើនប្រភេទដែរចន្លោះពី៣០ទៅ៣៥ ប្រភេទកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង CAMSOC បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននាពហុកីឡដ្ឋានមរតកតេជោកាលពីថ្ងៃទី៧ ឧសភា ថាគ្រោងនឹងមានរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ មុនការប្រកួតមកដល់ ដោយព្រឹត្តិការណ៍ទី១ គឺត្រូវបានរាប់ថយក្រោយរយៈពេល ១០០ថ្ងៃនៅចុងខែធ្នូ ឆ្នាំ២០២២ និងពិធីអុជភ្លើងគប់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅក្នុងខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង​អង្គរ​ខេត្តសៀមរាប ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះករុណា​ព្រះមហាក្សត្រ។  ឯកឧត្តមបានបញ្ជាក់​ថា ភ្លើងគប់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​ស៊ីហ្គេម មុន​នឹង​មក​ដល់​រាជធានី​ភ្នំពេញ ដែល​ជា​ការ​គោលដៅ​ចុង​ក្រោយ សម្រាប់ពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

នាពេលកន្លងមក ឯកឧត្តម វ៉ាត ចំរើន ធ្លាប់លើកឡើងដែរថា ការកសាងសមត្ថភាពកីឡាករគឺជារឿងសំខាន់ក្នុងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា។ ទន្ទឹមនឹងការប្រកួតឈានមកដល់ឆាប់ៗនេះ មានកីឡាករ និងកីឡាការិនីជាច្រើនបានបញ្ជូនទៅហ្វឹកហាត់បន្ថែមនៅក្រៅប្រទេស។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ ក្នុងកម្មវិធីប្រកួតស៊ីហ្គេមលើកទី៣០ នាប្រទេសហ្វីលីពិនជាម្ចាស់ផ្ទះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសចំនួន១១។ ការប្រកួតស៊ីហ្គេមលើកទី៣១ កំពុងប្រកួតនៅប្រទេសវៀតណាម មិនទាន់ដឹងលទ្ធផលយ៉ាងណាទេ។ តែចំពោះឆ្នាំ២០២៣ខាងមុខនេះ កម្ពុជា បានឱ្យកីឡាករមិនត្រូវផ្ដេកផ្ដួលទៅតាមស្ថានភាពនោះទេ ទោះបីពេលមានវិវត្តិកូវីដ១៩ រាតត្បាតពេញប្រទេសកន្លងមក ក៏តម្រូវឱ្យហ្វឹកហាត់នៅតាមផ្ទះដែរ។

ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់និយាយថា “ដោយសារកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ដូច្នេះហើយ​យើង​មិនអាចផ្តេកផ្តួល នៅក្នុងស្ថានភាពនេះទេ ដោយពេលនេះគឺយើងត្រូវតែខិតខំប្រែក្លាយ​នៃ​សម្រាកនេះទៅជាជំនឿចិត្តលើខ្លួនឯង ដោយហ្វឹកហាត់ឱ្យអស់ពីសមត្ថភាពនៅ​តាមផ្ទះ​រៀងៗ​ខ្លួន”។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កីឡាករជម្រើសជាតិទាំងអស់របស់កម្ពុជាត្រូវហ្វឹកហាត់ចំនួន៣ម៉ោង យ៉ាងតិច ដើម្បីឱ្យរាងកាយសកម្ម មិនអាចសម្រាកអសកម្មបានទេ។ ការសម្រាកអសកម្មធ្វើឱ្យ​ប៉ះពាល់ដល់គុណផលកីឡាប៉ះពាល់ដល់សមត្ថភាពផ្លូវកាយ បច្ចេកទេសរបស់ពួកគាត់ នៅ​ពេលដែលពួកគាត់ចូលមកហ្វឹកហាត់វិញ។ នេះបើតាមឯកឧត្តម វ៉ាត់ ចំរើនដដែល៕

Share

ព័ត៌មានទាក់ទង

Image