en     km
en     km

ប្រជាសហគមន៍ដែនជម្រកភ្នំឱរ៉ាល់ដាក់ញត្តិសុំអន្តរាគមបញ្ហាព្រៃឈើពីក្រសួងដែនដី

Share

ប្រជាសហគមន៍នៅដែនជម្រកភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានយកញត្តិទៅដាក់នៅក្រសួងដែនដីសុំអន្តរាគមការកាប់បំផ្លាញព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កាលពីថ្ងៃចន្ទ ទី៩ ខែ មេសា ពលរដ្ឋប្រជាសហគមនប្រមាណជិត៧០០នាក់ នៃតំបន់ព្រៃសហគមន៍ ឧត្តមស្រែខ្ពស់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានយកញត្តិទៅដាក់នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំអន្តរាគមការកាប់បំផ្លាញព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេ។

ព្រៃឈើនៅក្នុងសហគមន៍ ឧត្តមស្រែខ្ពស់ ​ត្រូវបានរាយការណ៍មកថា មានការកាប់បំផ្លាញ និងឈូសឆាយជារឿងរាល់ថ្ងៃពីសំណាក់ទាហ៊ាន និងប្រជាពលរដ្ឋមួយចំនួនតូច។ នេះបើផ្អែកទៅតាមសម្ដីរបស់ប្រជាពលរដ្ឋដែលយកញតិ្តទៅដាក់កាលពីម្សិលមិញនៅមុខក្រសួងដែនដី ដកស្រង់ចេញពីសារព័ត៌មានVOD ដោយបន្ដថា ចាប់តាំងពីឆ្នាំ២០២១មក ប្រជាពលរដ្ឋតែងតែតវ៉ារឿងកាប់បំផ្លាញព្រៃឈើក្នុង សហគមន៍នេះជាមួយទាហ៊ាន ដែលទទួលសិទ្ធបានពីរដ្ឋាភិបាលក្នុងអនុក្រឹត្យចេញកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មានទំហំជាង២៦០ហិចតា។

ក្រសួងបរិស្ថានជាអ្នកកាត់ដី ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចែកដល់គ្រួសារកងទ័ព និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។ ទាក់ទងក្នុងរឿងនេះវិទ្យុស្ដ្រី បានសុំការឆ្លើយតបជាមួយឯកឧត្តម នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន តែមិនទាន់ទទួលបានចម្លើយទេនៅព្រឹកនេះ ដោយលោកមិនលើកទូរសព្ទ។

តែទោះជាយ៉ាងណា ផ្អែកតាម​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋតែងតែស្នើទៅកាន់ក្រសួងបរិស្ថានដើម្បីទប់ស្កាត់បញ្ហាដែលកំពុងកើតមាន។

ចំពោះរឿងញត្តិរបស់ប្រជាសហគមន៍ត្រូវបានតំណាងក្រសួងដែនដីយកសំណុំឯកសារទៅពិនិត្យ ហើយសន្យាថានិងរកដំណោះស្រាយ។

សូមបញ្ជាក់ថា តំបន់វិវាទនេះ ស្ថិតនៅក្នុងភូមិសាស្ដ្រពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយដីនៅតំបន់សហគមន៍នេះ នៅសល់តែតិចតួចប៉ុណ្ណោះ។ នេះបើយោងទៅតាមប្រភពដដែល៕

Share

ព័ត៌មានទាក់ទង

Image