loader

កូរ៉េដាក់គោលបំណងនាំចេញស្វាយកម្ពុជា១ម៉ឺនតោនក្នុងមួយឆ្នាំ

កូរ៉េបង្ហាញគោលបំណងនាំចេញស្វាយពីកម្ពុជា ចូលទីផ្សារប្រទេសរបស់ខ្លួន យ៉ាងហោចណាស់១ម៉ឺនតោន ក្នងមួយឆ្នាំ តាមរយៈសមាគមអ្នកនាំចូលកូរ៉េ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានចុះហត្ថលេខារួចហើយកាលពីខែតុលា ឆ្នាំ២០២១។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

ក្រុមហ៊ុន GADOSH ដែលជាសមាជិកនៃសមាគមអ្នកនាំចូលកូរ៉េ បានបង្ហាញពីគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។ នេះជាការលើកឡើងរបស់ប្រធានក្រុមហ៊ុន GADOSH លោកស្រី Yu LIN ប្រាប់ទៅរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ។

នៅក្នុងឱកាសជួបពិភាក្សាការងារ នាថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រវាងរដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ, និងអនុប្រធានសមាគមអ្នកនាំចូលកូរ៉េ  ជាមួយប្រធានក្រុមហ៊ុន GADOSH ត្រូវបានទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្មបញ្ជាក់ឱ្យដឹងថា ដើម្បីពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រៅពីវាយតម្លៃលើទំនាក់ទំនងរវាងសមាគម និងក្រសួងពាណិជ្ជកម្ម នាពេលកន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេកជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។ នេះបើផ្អែកទៅតាមក្រសួងពាណិជ្ជកម្មដដែល។

យ៉ាងណា អ្នកសារព័ត៌មានវិទ្យុស្ដ្រីមិនអាចសុំការបំភ្លឺបន្ថែមបានទេពីឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទាំងទូរសព្ទ និងតេឡេក្រាម។

សូមជម្រាបដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រួចហើយ។

តែទោះបីយ៉ាងណានេះក្ដី ក្រសួងពាណិជ្ជកម្មបានបន្ថែមថា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរជន និងវិនិយោគិនដែលមកវិនិយោគនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគ ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។

យោងតាមក្រសួងដដែល ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពធុរកិច្ចលើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x