en     km
en     km

សហរដ្ឋអាមេរិកផ្ដល់ជំនួយឥតសំណង២០,៥លានដុល្លាសម្រាប់វិស័យកសិកម្ម និងបរិស្ថានកម្ពុជា

Share

សហរដ្ឋអាមេរិក បានផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន៦២ លានដុល្លាសម្រាប់វិស័យចំនួន៤នៅកម្ពុជា ក្នុងនោះទំហំជាង២០,៥លានដុល្លា ផ្ដោតលើវិស័យកសិកម្ម និងបរិស្ថាន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិ (USAID) បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦២ លានដុល្លាអាមេរិក សម្រាប់ឆ្នាំទី១ ដល់កម្ពុជា ដោយមានការបែងចែកទៅ៤វិស័យ។ ផ្អែកតាមទីភ្នាក់ងារ USAID ទំហំទឹកប្រាក់ហិរញ្ញប្បទានប្រមាណ៤១,៦លានដុល្លា បែងចែកសម្រាប់វិស័យសុខាភិបាល និងអប់រំ។ ចំណែកទំហំទឹកប្រាក់ ២០,៥លានដុល្លា សម្រាប់វិស័យកសិកម្ម និងបរិស្ថាន។

តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្ដីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទើបចុះហត្ថលេខា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា ហិរញ្ញប្បទានគឺមានចំនួនដល់ទៅ ៣៣៨ លានដុល្លា តែសម្រាប់រយៈពេល៥ឆ្នាំ គឺរាប់ចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៥ ផ្ដោតលើវិស័យអាទិភាពអនុវត្តគម្រោងកសិកម្ម បរិស្ថាន និងពង្រឹកសេវាសុខាភិបាល អប់រំ និងគាំពាកុមារ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា, ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២១ រដ្ឋាភិបាលអាមេរិកបានផ្ដល់ហិរញ្ញប្បនទានគាំទ្រដល់ប្រទេសកម្ពុជា ចំនួន ១,៧ពាន់លានដុល្លាអាមេរិក សម្រាប់គាំទ្រវិស័យអាទិភាពដូចជា វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ  និងកម្មវិធីរំដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ចាត់ទុកហិរញ្ញប្បទានទាំងនេះ ជាការឆ្លើយតបនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍជាតិ២០១៩-២០២៣។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបន្ដគាំទ្រ និងប្ដេជ្ញារួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងចូលរួមទប់ស្កាប់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ នៅកម្ពុជា។

សូមរំលេចដែរថា សម្រាប់វិស័យកសិកម្ម ផ្អែកតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា​ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ត្រឹមឆ្នាំ២០២២​​​ USAID​ បានផ្ដល់ជាដើមទុនដល់វិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ និងដោះស្រាយឧបសគ្គ ចំពោះកំណើនសេដ្ឋកិច្ច និងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ។ ក្រៅពីនេះ បានជួយកសិករក្នុងការបង្កើនការលក់ផលិតផលកសិកម្ម ជួយអនុវត្តកសិកម្មថ្មី  និងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យកសិកម្ម។ តាមស្ថានទូតដដែល ចំពោះវិស័យបរិស្ថានវិញ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ត្រឹមឆ្នាំ២០២២ដូចគ្នា USAID បានជួយដល់ធនធានមនុស្ស ការគ្រប់គ្រង និងការអភិរក្សធម្មជាតិប្រកបដោយនិរន្តរភាព។ លើសពីនេះ ជួយសម្រួលដល់ការលក់ឥណទានកាបូន ចូលរួមកាត់បន្ថយឧស្មន័ផ្ទះកញ្ចក់ ដាក់វិនិយោគទុន សម្រាប់ការគ្រប់គ្រងព្រៃឈើ និងការអភិរក្សជីវចម្រុះ៕

Share

ព័ត៌មានទាក់ទង

Image