en     km
en     km

កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍

Share

កម្ពុជា និងកោះម៉ាល់ឌីវ បង្កើនកិច្ចសហប្រតបត្តិការជាមួយគ្នាលើវិស័យទេសចរណ៍ តាមរយៈការជំរុញជើងហោះហើរត្រង់ ខណៈកម្ពុជាកំពុងបើកទទួលភ្ញៀវដោយលក្ខខណ្ឌងាយស្រួល។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កម្ពុជា និងកោះម៉ាល់ឌីវ បង្កើនកិច្ចសហប្រតបត្តិការជាមួយគ្នាលើវិស័យទេសចរណ៍ តាមរយៈការជំរុញជើងហោះហើរត្រង់ ដើម្បីកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា មិនត្រឹមតែជំរុញភ្ញៀវទេសចរដើរកម្សាន្ដនោះទេ ជាពិសេសដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ការជំរុញជើងហោះហើរត្រង់នេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សានៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ រវាងឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង ឯកឧត្ដម Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរាជធានីបាងកក ប្រទេសថៃ។

រដ្ឋមន្ដ្រីថោង ខុន ថ្លែងថា កម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា។​ ឯកឧត្តមបានរំលេចបន្ថែមថា ស្ថានភាពនេះ គឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ហើយកន្លងមកក៏មានកំណើននូវចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា និងកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើង។

តែជាយ៉ាងណា ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើសុំ និងមានការឯកភាពគ្នាភាគីទាំងពីរនេះ គឺធ្វើយ៉ាងម៉េចជំរុញឱ្យមានការហោះហើរទៅវិញទៅមក។ ទោះបីប្រទេសម៉ាល់ឌីវជាប្រទេសតូច ប៉ុន្តែជាប្រទេសដែលសម្បូរទៅដោយកោះ ថ្ងៃក្រោយកម្ពុជាអាចទៅសិក្សាយកបទពិសោធន៍ ពីការអភិវឌ្ឍកោះរបស់ប្រទេសម៉ាល់ឌីវ មកធ្វើការអភិវឌ្ឍកោះនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់់ឯកឧត្តមរដ្ឋមន្ដ្រីក្នុងកិច្ចប្រជុំ។

ផ្អែកតាមក្រសួងទេសចរណ៍, ឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ក៏បានកោតសរសើរដល់កម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ានប្តូរវេន ព្រមទាំងតួនាទីនៅក្នុងតំបន់ជាដើម។

យោងតាមប្រភពដដែល ភាគីទាំងពីរ ក៏បានឯកភាពគ្នារៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខ ដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងឆ្នាំ២០២២នេះប្រទេសម៉ាល់ឌីវគឺជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទេសចរណ៍ពិភពលោក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើសុំឱ្យប្រទេសម៉ាល់ឌីវ គាំទ្រអោយកម្ពុជារៀបចំកិច្ចប្រជុំនេះ នៅឆ្នាំ២០២៣ ហើយកិច្ចការនេះរដ្ឋមន្ដ្រីគូសបញ្ចាក់ថា កំពុងតែពិភាក្សាជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ បានគាំទ្រឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទេសចរណ៍ពិភពលោក សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត ជាការឆ្លើយតបផងដែរ។

សូមជម្រាបថា សាធារណរដ្ឋម៉ាលឌីវ ស្ថិត​នៅ​លើ​ដែនសមុទ្រ​ឡាក់កាឌីវ ប្រហែល​៧០០​គីឡូម៉ែត្រ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ស្រីលង្កា​ និង​ចម្ងាយ​៤០០​គីឡូម៉ែត្រ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ឥណ្ឌា។ ម៉ាល់ឌីវ​មាន​រាង​ដូចជា​ខ្សែ​ច្រវាក់​មួយ​ដែល​មាន​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​២៦​កន្លែង​ដែល​លាតសន្ធឹង​ពី​ទិស​ខាង​ជើង​ទៅ​ទិស​ខាង​ត្បូង។

Share

Image
Image
Image