en     km
en     km

រដ្ឋមន្ដ្រីកសិកម្ម៖ រោងចក្រផលិតចំណីសត្វអន្ដរជាតិជួយជំរុញផលិតកម្មផលិតចំណីសត្វក្នុងស្រុក

Share

រោងចក្រផលិតចំណីសត្វខ្នាតអន្ដរជាតិ តម្លៃ១៥លានដុល្លា នៅលើទឹកដីកំពង់ស្ពឺ ត្រូវបានរដ្ឋមន្ដ្រីកសិកម្មរំពឹងថា ចូលរួមចំណែកក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក បង្កើតការងារជូនប្រជាជន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រោងចក្រផលិតចំណីសត្វខ្នាតអន្ដរជាតិមួយកន្លែងនៅខេត្តកំពង់ស្ពឺបានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ តាមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានថ្លែងក្នុងឱកាសចូលរួមក្នុងពិធីបើកសម្ពោធរោងចក្រនេះថា រោងចក្រពិតជាចូលរួមចំណែកក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារជូនប្រជាជន បង្កើនចំណូលគ្រួសារ។

រដ្ឋមន្ដ្រីកសិកម្មបានគូសបញ្ជាក់ថា មិនត្រឹមតែជួយជំរុញផលិតកម្មចំណីសត្វទេ ការបង្កើតរោងចក្រផលិតចំណីសត្វខ្នាតអន្ដរជាតិនេះ ថែមទាំងបាននិងកំពុងធ្វើការផ្លាស់ប្តូរការចិញ្ចឹមសត្វទៅជារបៀបពាណិជ្ជកម្មវិញ។ ត្រង់ចំណុចនេះឯកឧត្តមលើកជាឧទាហរណ៍ថា ការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារបានប្តូរទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និងគុណភាព។ មួយវិញទៀត ផ្ទៃដីចម្ការស្រែជាង ៩០% ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត រីឯសត្វគោ-ក្របីត្រូវបានប្តូរតួនាទីពីការចិញ្ចឹមដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។ នេះបើតាមកាលលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ដ្រីដដែល។

រដ្ឋាភិបាលកម្ពុជាធ្លាប់លើកឡើងពីវិស័យកសិកម្មថា កាតព្វកិច្ចចាំបាច់របស់ក្រសួងកសិកម្ម ត្រូវសហការចូលរួមបំពេញតួនាទីដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកក្នុងបរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ភ្ជាប់ជាមួយចំណុចនេះ ផ្អែកតាមឯកឧត្តម វេង សាខុន បានរំលេចឱ្យឃើញថា ការបង្កើតរោងចក្រផលិតចំណីសត្វអន្តរជាតិលើទឹកដីកំពង់ស្ពឺនេះ គឺពិតជាឆ្លើយតបទៅនឹងអនុសាសន៍របស់នាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា ការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផលសម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន។

គួររំលេចដែរថា រោងចក្រផលិតចំណីសត្វនេះ ជាការសហការគ្នា រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ មកពីប្រទេសហូឡង់។ យោងតាមរដ្ឋមន្ដ្រីកសិកម្ម ឆន្ទ:ចំបងរបស់ក្រុមហ៊ុនគឺបង្កើតរោង ចក្រផលិតចំណីសត្វនៅកម្ពុជាមួយឆ្លើយតបតាមស្តង់ដាទំនើប មានអនាម័យ និងគោរពតាមបទដ្ឋាន ISO 22000 ព្រមទាំងធ្វើអាជីវកម្មផលិតផលអាហារបំប៉នសត្វ ដើម្បីបម្រើឲ្យអនុវិស័យផលិតកម្មសត្វនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

សូមជម្រាបថា រោងចក្រផលិតចំណីសត្វសាងសង់លើផ្ទៃដីចំនួន ៧១៥៤ម៉ែត្រការ៉េ មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទចំនួន ១៥ ០០០តោន/ខែ ប្រើកម្មករ ៥២ នាក់។ មានផែនការផលិតចំណីសត្វ ១៨០ ០០០ តោន/ឆ្នាំ។ ផ្អែកតាមឯកឧត្តមវេង សាខុន វត្ថុធាតុដើមក្នុងស្រុកដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាកស្រាបៀ និងម្សៅឆ្អឹងសត្វ ជាមួយប្រើប្រាស់បច្ចេកទេសផលិត នាំយកពីសហភាពអឺរ៉ុប ហើយ២០% នៃឋាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីឋាមពលពន្លឺព្រះអាទិត្យ៕

Share

ព័ត៌មានទាក់ទង

Image