en     km
en     km

រដ្ឋាភិបាលបន្ដអំពាវលុបបំបាត់ជំងឺគ្រុនចាញ់ទោះករណីឆ្លងថយចុះលើស៥០ភាគរយក្នុងឆ្នាំ២០២១

Share

ជំងឺគ្រុនចាញ់នៅកម្ពុជាមានការថយចុះលើស៥០ ភាគរយក្នុងឆ្នាំ២០២១ ទន្ទឹមមិនមានករណីស្លាប់ថ្មីតាំងពីឆ្នាំ២០១៨ មកដល់ពេលបច្ចុប្បន្ន។ តែរដ្ឋាភិបាលនៅតែបន្ដអំពាវនាវឱ្យចូលរួម ដើម្បីលុបបំបាត់ជំងឹនេះ សម្រេចតាមផែនការឆ្នាំ២០២៥។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ជាទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក។ រដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានចេញសាលិខិតចូលរួមក្នុងទិវានេះ ដើម្បីបង្ហាញពីគោលបំណងរំលឹកនូវក្ដីរំពឹងរួមគ្នាក្នុងការឈានទៅ សម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ ក្នុងភូមិសាស្ដ្រប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងភពលោកទាំងមូល។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរៀបចំកម្មវិធីនេះដែរ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្រោមប្រធានបទ “ រួមគ្នាអនុវត្ដ គន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខមាលភាព”។ ក្នុងនោះមានការចូលរួមពីក្រសួងបរិស្ថាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ តំណាងអង្គការសុខភាពពិភពលោក (WHO) , អង្គការ UNOPS អង្គការUNDP មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្ដកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ប្រមាណ ៥៨០នាក់។

យ៉ាងណាផ្អែកតាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់  បានបង្ហាញថា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន មិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ។ របាយការដដែលនេះ បន្ដថា ក្នុងឆ្នាំ២០២១ មានករណីឈឺចំនួន ៤២៧៩ ករណី ដែលនេះជាចំនួនថយចុះ ៥៤% បើធៀបទៅនិងឆ្នាំ២០២០ មានរហូតដល់ ៩២៣៤ ករណី ហើយចំពោះជំងឺគ្រុនចាញ់ប្រភេទសន្ធំ និងចម្រុះបានថយចុះ ៦៥% និងប្រភេទវីវ៉ាក់ ក៏មានការថយចុះ ៥២% បើធៀបឆ្នាំ២០២០ដូចគ្នា។

រដ្ឋាភិបាលសម្ដេច ហ៊ុន សែនបានលើកឡើង ដោយអំពាវនាវតាមសារលិខិតថា សូមក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការ និងប្រជាពលរដ្ឋ ចូលរួមនិងគាំទ្រដលបេសកម្មរបស់ក្រសួងសុខាភិបាលតាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យទទួលបានជោគជ័យ និងសម្រេចតាមគោលដៅយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២៥៕

Share

ព័ត៌មានទាក់ទង

Image