នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សពីរផ្សេងគ្នា បានអនុម័តការតែងតាំងស្ត្រីអាមេរិកស្បែកខ្មៅម្នាក់ឈ្មោះ ខិតតាន់ជី ប្រោន ចេកសិន ជាសហចៅក្រមទី១១៦ នៅតុលាការកំពូល តាមសំណើប្រធានាធិបតី ចូ បៃឌិន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ វាជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រអាមេរិក។
កញ្ញា គុជ ស៊ីកុល ជូនសេចក្ដីរាយការណ៍ …
ចាប់តាំងពីពេលដែលលោក ស្តេហ្វិន បេយើ ចៅក្រមមួយរូបនៅតុលាការកំពូលសហរដ្ឋអាមេរិក បានប្រកាសចូលនិវត្តន៍មក, លោកប្រធានាធិបតី ចូ បៃឌិន បានធ្វើការយ៉ាងហ្មត់ចត់ ដើម្បីកំណត់មុខសញ្ញាសម្រាប់ជំនួសលោកចៅក្រមនោះ។ លោក បៃឌិន បានស្វែងរកបេក្ខជនដែលមានគុណវុឌ្ឍិវិសេសវិសាល, ចរិតឫកពារល្អឥតខ្ចោះ, និងចំណាប់អារម្មណ៍ឥតងាករេចំពោះនីតិរដ្ឋ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីបានស្វែងរកបុគ្គលម្នាក់ ដែលតាំងចិត្តធ្វើឱ្យមានយុត្តិធម៌ស្មើៗគ្នានៅក្រោមច្បាប់ និងដែលយល់ដឹងអំពីផលប៉ះពាល់ដ៏ជ្រាលជ្រៅ កើតចេញពីការសម្រេចរបស់តុលាការកំពូល ទៅលើជីវិតរបស់ប្រជាជនអាមេរិក។
នោះហើយជាមូលហេតុដែលប្រធានាធិបតី ចូ បៃឌិន បានស្នើតែងតាំងលោកស្រី ខិតតាន់ជី ប្រោន ចេកសិន ឱ្យបម្រើការជាចៅក្រមជំនួសលោក ស្តេហ្វិន បេយើ នៅតុលាការកំពូលសហរដ្ឋអាមេរិក។ លោកស្រី ចេកសិន ជាចៅក្រមមួយរូបក្នុងចំណោមអ្នកដែលមានទស្សនៈផ្នែកច្បាប់ដ៏ភ្លឺស្វាងរបស់សហរដ្ឋអាមេរិក ហើយជាអ្នកមានបទពិសោធន៍មិនធម្មតាមួយរូប នៅក្នុងប្រព័ន្ធច្បាប់សហរដ្ឋអាមេរិក។ ទាំងនេះផ្តល់ឱ្យលោកស្រីនូវទស្សនៈវិស័យក្នុងការក្លាយជាចៅក្រមពិសេសដាច់គេមួយរូប។
ទាក់ទងនឹងប្រវត្តិគ្រួសារនិងការសិក្សារបស់លោកស្រីចៅក្រម ចេកសិន គឺថា លោកស្រីបានកើតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងបានចម្រើនវ័យវឌ្ឍនាការនៅទីក្រុង ម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ម្តាយឪពុករបស់លោកស្រីបានចូលសិក្សាក្នុងសាលាបឋមសិក្សាសម្រាប់ជនស្បែកខ្មៅ បន្ទាប់មកបានរៀនបន្តនៅក្នុងវិទ្យាល័យនិងសាកលវិទ្យាល័យសម្រាប់ជនស្បែកខ្មៅ។ ប្ដីប្រពន្ធមួយគូនេះបានចាប់ផ្តើមអាជីពរបស់ខ្លួនជាគ្រូបង្រៀននៅសាលារដ្ឋ ហើយបានក្លាយជាអ្នកដឹកនាំ និងជាអ្នកគ្រប់គ្រងក្នុងប្រព័ន្ធអប់រំតាមសាលារដ្ឋនៅខណ្ឌ ម៉ៃអាមី-ដេដ។ នៅពេលដែលកុមារី ចេកសិន ចូលរៀននៅសាលាមត្តេយ្យ, ឪពុករបស់នាងបានចូលសិក្សានីតិសាស្ត្រក្នុងសាលាច្បាប់។ តាមរយៈបាឋកថាមួយកាលពីឆ្នាំ២០១៧ លោកស្រីចៅក្រម ចេកសិន បានឱ្យដឹងថា សេចក្ដីស្នេហារបស់លោកស្រីចំពោះវិស័យច្បាប់ បានចាក់ឫសតាំងពីពេលដែលលោកស្រី កាលណោះជាកុមារីម្នាក់ បានអង្គុយក្បែរឪពុកដែលធ្វើកិច្ចការសាលានៅក្នុងផ្ទះល្វែងរបស់ពួកគេ ដោយអាននិងត្រិះរិៈពិចារណាតាមបែបសូក្រាត ខណៈពេលដែលរូបលោកស្រី កាលណោះ បានធ្វើកិច្ចការសាលាមត្តេយ្យរបស់ខ្លួន ដោយផាត់ពណ៌លើរូបក្នុងសៀវភៅ។
លោកស្រីចៅក្រម ចេកសិន បានលេចធ្លោឡើង ក្នុងនាមជាអ្នកប៉ិនធ្វើកិច្ចការប្រកបដោយផ្លែផ្កាម្នាក់តាំងពីក្នុងវ័យកុមារ។ លោកស្រីធ្លាប់ជាអ្នកប្រសប់ថ្លែងសុន្ទរកថា និងជាអ្នកពូកែជជែក វែកញែក ហើយបានជាប់ឈ្មោះជា«អភិបាល» នៃគណៈសិស្សានុសិស្សនៅសាលាមធ្យមសិក្សា ម៉ៃអាមី ប៉ាល់ម៉េតតូ។ ប៉ុន្តែដូចក្មេងស្រីដែលមានស្បែកខ្មៅជាច្រើនទៀតដែរ លោកស្រីចៅក្រម ចេកសិន ក៏ធ្លាប់បានប្រឈមមុខនឹងអ្នកបន្តុះបង្អាប់លោកស្រីដែរ។ ជាក់ស្ដែង អតីតសិស្សវិទ្យាល័យរូបនេះបានប្រាប់អ្នកប្រឹក្សាយោបល់តម្រង់ទិសវិជ្ជាជីវៈរបស់នាងថា រូបនាងចង់ទៅបន្តការសិក្សានៅសាកលវិទ្យាល័យហាវើដ។ កាលនោះ អ្នកប្រឹក្សាយោបល់នៅវិទ្យាល័យបានព្រមានអនាគតចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក គឺលោកស្រី ចេកសិន ថា លោកស្រីមិនគួរកំណត់«ទស្សនវិស័យខ្ពស់បែបនេះទេ»។
ប៉ុន្តែ រឿងនោះមិនបានបញ្ឈប់សិស្សស្រីស្បែកខ្មៅឈ្មោះ ចេកសិន ឡើយ។ នាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហាវើដ ដោយមាននិទ្ទេសល្អជាពិសេសបំផុត បន្ទាប់មកបានចូលសិក្សានីតិសាស្ត្រនៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យហាវើដ ជាកន្លែងដែលលោកស្រីបានបញ្ចប់ការសិក្សាប្រកបដោយនិទ្ទេសល្អប្លែក ហើយបានក្លាយជាបណ្ណាធិការនៃទស្សនាវដ្ដីច្បាប់របស់សាកលវិទ្យាល័យហាវើដ។
បច្ចុប្បន្ន លោកស្រីចៅក្រម ចេកសិន រស់នៅជាមួយស្វាមីរបស់លោកស្រី ឈ្មោះ ប៉ាទ្រិក និងកូនស្រីទាំងពីររបស់ពួកគេ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ចំពោះបទពិសោធន៍ការងារវិញ, លោកស្រីចៅក្រម ខិតតាន់ជី ប្រោន ចេកសិន ធ្លាប់បានធ្វើជាចៅក្រមនៅសាលាឧទ្ធរណ៍សហរដ្ឋអាមេរិក្នុងរដ្ឋធានីវ៉ាស៊ីនតោន, ជាចៅក្រមនៅតុលាការសហរដ្ឋអាមេរិកក្នុងខណ្ឌកូឡាំបៀ, ជាអនុប្រធានគណៈកម្មការកាត់សេចក្ដីរបស់សហរដ្ឋអាមេរិក, ជាមេធាវីការពារក្ដីសាធារណៈ, និងជាស្មៀននៅតុលាការកំពូល។
ដោយឡែក ទស្សនវិស័យរបស់លោកស្រីលើប្រព័ន្ធច្បាប់ គឺជាប់ពាក់ព័ន្ធនឹងការងារកន្លងទៅរបស់លោកស្រីផ្ទាល់។ ដោយសារតែការងារសាធារណៈដ៏ទូលំទូលាយនិងចម្រុះបែបរបស់គាត់, លោកស្រីចៅក្រម ចេកសិន គាំទ្រយ៉ាងខ្លាំងក្លាឥតគូប្រៀប ចំពោះប្រព័ន្ធយុត្តិធម៌ដែលផ្តល់ភាពយុត្តិធម៌ និងដែលមិនលម្អៀងដោយអគតិ។ លោកស្រី ចេកសិន ក៏មានការយល់ដឹងផ្ទាល់ខ្លួន អំពីភាគីពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធច្បាប់ដែរ ព្រោះមានមន្ត្រីអ្នកអនុវត្តច្បាប់ជាច្រើននាក់ជាញាតិក្នុងគ្រួសាររបស់លោកស្រីផ្ទាល់។ ជាក់ស្ដែង បងប្អូនប្រុសម្នាក់របស់លោកស្រីចៅក្រម ចេកសិន បន្ទាប់ពីបានបម្រើការក្នុងជួរកងទ័ពសហរដ្ឋអាមេរិក និងបន្ទាប់ពីបានចូលរួមក្នុងប្រតិបត្តិការនៅប្រទេសអ៊ីរ៉ាក់និងប្រទេសអេហ្ស៊ីបរួចមក បានក្លាយជាមន្ត្រីនគរបាលនៅទីក្រុង បាល់ទីម័រ រដ្ឋម៉ារីលែន ហើយពូរបស់លោកស្រីចំនួន ២ នាក់ គឺជាមន្ត្រីនគរបាលនៅទីក្រុង ម៉ៃអាមី។
មានបុគ្គលជាច្រើនបាននិយាយអំពីលោកស្រីចៅក្រម ចេកសិន។ ក្នុងចំណោមនោះ តាមពាក្យរបស់ពួកគេផ្ទាល់, សមាគមនគរបាលសហរដ្ឋអាមេរិកបានថ្លែងថា៖ «ដោយផ្អែកលើការវិភាគប្រវត្តិការងាររបស់លោកស្រីចៅក្រម ចេកសិន និងលើករណីមួយចំនួនដែលលោកស្រីបានកាន់, យើងជឿជាក់ថា លោកស្រីបានពិចារណាលើអង្គហេតុនានា ហើយបានអនុវត្តតាមច្បាប់ជាប់ជាប្រចាំ និងដោយយុត្តិធម៌ លើបញ្ហាជាច្រើន។ ការតែងតាំងលោកស្រីគឺពិតជាបានកើតឡើងពីលក្ខណៈធម្មជាតិ សមត្ថភាពគិតពិចារណាតាមហេតុនិងផល បទពិសោធន៍ផ្នែកច្បាប់ និងសាវតារគ្រួសារ។»
មេធាវីនៅតុលាការកំពូល ឈ្មោះ នៀល ខាត់ត្យាល់ បានអះអាងថា៖ «លោកស្រីចៅក្រម ខិតតាន់ជី ប្រោន ចេកសិន គឺជាអ្នកជំនាញច្បាប់ និងជាមនុស្សដ៏ឆ្នើមម្នាក់, ជាមនុស្សឆ្លាត យុត្តិធម៌ និងស្មោះត្រង់។ លោកស្រីនឹងនាំមកឱ្យតុលាការកំពូល និងសហរដ្ឋអាមេរិកទាំងមូល នូវកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ។»
អតីតអគ្គរដ្ឋអាជ្ញាចំនួន ៨៣ រូប មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅតាមរដ្ឋនានា បានសរសេរថា៖ «ប្រវត្តិនៃការសិក្សាដ៏លេចធ្លោ, សេចក្ដីស្មោះត្រង់ និងការតាំងចិត្តធ្វើការតាមអង្គហេតុ ដោយមិនលុះក្នុងអគតិធម៌ ដោយយុត្តិធម៌ និងដោយគោរពតាមគោលការណ៍នីតិរដ្ឋ គឺជាគុណសម្បត្ដិចាំបាច់ទាំងឡាយរបស់លោកស្រី សម្រាប់បម្រើការនៅតុលាការកំពូល។»
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមអបអរសាទរលោកស្រី ខិតតាន់ជី ប្រោន ចេកសិន ចំពោះការតែងតាំងឱ្យធ្វើជាចៅក្រមនៅតុលាការកំពូល។ លោកស្រីចៅក្រម ចេកសិន បានជំរុញទឹកចិត្តស្ត្រីស្បែកខ្មៅវ័យក្មេង ដូចជាកូនស្រីទាំងឡាយរបស់ខ្ញុំជាដើម ឱ្យកំណត់ទស្សនវិស័យរបស់ពួកគេកាន់តែខ្ពស់ ហើយការអនុម័តដោយព្រឹទ្ធសភា នឹងជួយពួកគេឱ្យជឿជាក់ថា ពួកគេអាចក្លាយខ្លួនទៅជាអ្វីក៏បាន ឱ្យតែពួកគេចង់។»
ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតអនុម័តសំណើតែងតាំងលោកស្រី ខិតតាន់ជី ប្រោន ចេកសិន ឱ្យធ្វើជាចៅក្រមនៅតុលាការកំពូលកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ដោយទម្លុះរនាំងប្រវត្តិសាស្ត្រតាមរយៈការធានាថា រូបគាត់ពិតជាចៅក្រមស្រីស្បែកខ្មៅដំបូងគេដែលអង្គុយនៅទីនោះ។ ការអនុម័តយល់ព្រមដោយព្រឹទ្ធសភាក៏ផ្តល់ឱ្យលោកប្រធានាធិបតី ចូ បៃឌិន នូវការគាំទ្រពីគណបក្សទាំងពីរ គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ចំពោះកិច្ចខិតខំបំពេញតាមពាក្យសន្យារបស់គាត់ដែលថានឹងធ្វើឱ្យតុលាការជាន់ខ្ពស់មានភាពចម្រុះ។
នាថ្ងៃនោះ ការអបអរសាទរបានលាន់ឮនៅក្នុងសាលប្រជុំរបស់ព្រឹទ្ធសភា ខណៈដែលលោកស្រី ចេកសិន ដែលជាចៅក្រមសាលាឧទ្ធរណ៍ អាយុ ៥១ ឆ្នាំ និងដែលមានបទពិសោធន៍រយៈពេល ៩ ឆ្នាំ នៅថ្នាក់ជាតិ បានទទួលការគាំទ្រចំនួន ៥៣ សំឡេង ទល់នឹងការជំទាស់ចំនួន ៤៧ សំឡេង។ ការគាំទ្រភាគច្រើនបានមកពីសមាជិកព្រឹទ្ធសភាក្នុងគណបក្សប្រជាធិបតេយ្យដូចគ្នា ប៉ុន្តែមានការបោះឆ្នោតគាំទ្រពីគណបក្សសាធារណរដ្ឋចំនួន ៣ សំឡេង។ អ្នកធ្វើជាអធិបតីក្នុងពេលបោះឆ្នោតនោះ គឺលោកស្រី កាម៉ាឡា ហារីស ជាស្ត្រីស្បែកខ្មៅដំបូងគេម្នាក់ដែរ ដែលបានឡើងកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក។
បន្ទាប់ពីការបោះឆ្នោតអនុម័តដោយព្រឹទ្ធិសភាពលើបេក្ខភាពដែលគាត់បានស្នើរួច, លោក បៃឌិន បានសរសេរនៅលើ ទ្វីតធើ ថា៖ «យើងបានបោះមួយជំហានទៀត ឆ្ពោះទៅកាន់ការធ្វើឱ្យតុលាការកំពូលរបស់យើង ឆ្លុះបញ្ចាំងពីភាពចម្រុះរបស់អាមេរិក។» ប្រធានក្រុមភាគច្រើននៃព្រឹទ្ធសភា គឺលោក ឈុក ស៊ុមមើរ បានសម្ដែងសេចក្ដីត្រេកអរថា វាជា«ទិវាដ៏អស្ចារ្យ ជាថ្ងៃដ៏រីករាយ ជាវេលាដែលជំរុញទឹកចឹត្ត – សម្រាប់ព្រឹទ្ធសភា សម្រាប់តុលាការកំពូល និងសម្រាប់សហរដ្ឋអាមេរិក»។
លោកស្រី ហារីស បាននិយាយ នៅពេលចាកចេញពីវិមានកាពីតូលថា លោកស្រី«រីករាយលើសលន់, រំភើបចិត្តយ៉ាងក្រៃលែង»។
លោកស្រីចៅក្រម ចេកសិន នឹងចូលកាន់តំណែងនៅតុលាការកំពូលនៅពេលដែលចៅក្រម ស្តេហ្វិន ប្រេយើរ ចូលនិវត្តន៍នារដូវក្តៅឆ្នាំនេះ។ វត្តមានរបស់លោកស្រីចៅក្រម ចេកសិន នឹងជួយពង្រឹងក្រុមសេរីនិយមនៅតុលាការកំពូល គ្រប់គ្រងដោយអ្នកអភិរក្សនិយមដែលមាន ៦ អាសនៈ ក្នុងចំណោម ៩ អាសនៈ។
លោកស្រីចៅក្រម ចេកសិន ដែលបានពុះពារឆ្លងកាត់សវនាការសួរដេញដោលរយៈពេល ៤ ថ្ងៃ នៅព្រឹទ្ធសភាកាលពីខែមុន បាននិយាយអំពីការតស៊ូរបស់ម្តាយឪពុកលោកស្រី ក្នុងការជម្នះលើការរើសអើងពូជសាសន៍។ លោកស្រីបាននិយាយថា វិថីរបស់លោកស្រី«គឺច្បាស់លាស់»ជាងវិថីរបស់អ្នកទាំងពីរ ក្នុងនាមជាជនជាតិអាមេរិកស្បែកខ្មៅ បន្ទាប់ពីមានការអនុម័តច្បាប់ស្ដីពីសិទ្ធិប្រជាពលរដ្ឋ។
លោកស្រី ចេកសិន បានប្រាប់សមាជិកព្រឹទ្ធសភាថា លោកស្រីនឹងអនុវត្តច្បាប់«ដោយគ្មានការភ័យខ្លាចឬការលម្អៀងឡើយ»។ ទន្ទឹមនឹងនេះ លោកស្រីបានបដិសេធការប៉ុនប៉ងពីខាងគណបក្សសាធារណរដ្ឋ ដែលព្យាយាមបង្ហាញថា លោកស្រីធូររលុងពេក ចំពោះឧក្រិដ្ឋជនដែលលោកស្រីធ្លាប់បានកាត់ទោស។
លោកស្រី ចេកសិន នឹងចូលរួមជាមួយចៅក្រមស្រី ៣ នាក់ទៀត គឺលោកស្រី សូនីញ៉ា សូតូម៉េយើរ, លោកស្រី អ៊ីឡឺណា ខាហ្គែន, និងលោកស្រី អាមី ខូនី បារ៉ែត។ ដំណើរនេះមានន័យថា ចៅក្រម ៤ នាក់ ក្នុងចំណោមចៅក្រម ៩ នាក់ នៅតុលាការកំពូល គឺជាស្ត្រី។ វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
—
យោង៖
Ketanji Brown Jackson confirmed to U.S. Supreme Court | AP News
Ketanji Brown Jackson to serve on the U.S. Supreme Court | The White House