ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងអាជ្ញាធរជាតិអប្សរា បានគាំទ្រនូវគំនិតក្នុងការរៀបចំកម្មវិធី Angkor Food Summit ដែលគ្រោងធ្វើនៅចុងឆ្នាំ២០២២នេះ ខណៈអាជ្ញាធរកំពុងសិក្សាពីរបៀបរបបរស់នៅរបស់ប្រជាជនក្នុងតំបន់ ជាមួយម្ហូបអាហារ ដើម្បីជម្រុញការងារនេះឱ្យបានជោជ័យ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងអាជ្ញាធរជាតិអប្សរា បានគាំទ្រនូវគំនិតក្នុងការរៀបចំកម្មវិធី Angkor Food Summit ដែលគ្រោងធ្វើនៅចុងឆ្នាំ២០២២នេះ នៅលើទឹកដីវប្បធម៌ប្រវត្តិសាស្រ្ដសៀមរាប ក្រោមគំនិតផ្ដួចផ្ដើមពីសំណាក់ស្ថាប័ន Gourmand World Cook Book Awards ។
ក្នុងកិច្ចពិភាក្សាពីដំណើរការរៀបចំកម្មវិធី នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថានប័នទាំងពីរខាងលើសន្យាថា នឹងជួយជំរុញឱ្យការរៀបចំកម្មវិធីនេះទទួលបានជោគជ័យ។
ឯកឧត្តម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា មូលហេតុដែលអាជ្ញាធរជាតិអប្សរាគាំទ្រនូវកម្មវិធីនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផ្នែកវប្បធម៌ផង និងទំនាក់ទំនងផ្នែការទូតផង ជាពិសេសបង្ហាញពីរបៀបរបបនៃសង្គមខ្មែរផងដែរ។
ឯកឧត្តមអ្នកនាំពាក្យបន្ដថា ពេលវេលានៃការរៀនចំកម្មវិធី គឺអាស្រ័យលើស្ថាប័ន ហ្គ័រម៉ង តែអាជ្ញាធរបានធ្វើការសិក្សាបណ្ដើរៗហើយ ទៅលើរបៀបរបបរស់នៅរបស់ប្រជាជន ជាមួយម្ហូបអាហារ។
សូមជម្រាបថា កម្មវិធីនេះផងដែរ ទទួលបានការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា។
គួររំលឹកដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅ សៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ សៀវភៅឈ្មោះថា រសជាតិអង្គរ រៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Gourmand World Cook book Awards ដែលបានរៀបចំឡើងនៅប្រទេសបារាំង ហើយទទួលពានរង្វាន់សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេនៅតំបន់អាស៊ី។
ចំពោះកម្មវិធីដែលគ្រោងធ្វើនៅចុងឆ្នាំនេះ ឆេហ្វ៍ សុភក្រ្ត ជាម្ចាស់ស្នាដៃនៃការចងក្រងសៀវភៅ រសជាតិអង្គរ បានបង្ហាញអារម្មណ៍រំភើបជាមួយដំណឹងពីកម្មវិធី Angkor food summit ។ លោកសង្ឃឹមថា និងអាចចែករំលែកពីម្ហូបខ្មែរទៅដល់អ្នកចូលរួមទាំងឡាយនៅក្នុងកម្មវិធីនេះ។