en     km
en     km

ក្រុមហ៊ុន FWD Cambodia ផ្តល់អំពូលសូឡា ២០០ ដើមបំភ្លឺកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ

Share

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានធ្វើពិធីប្រគល់អំពូលសូឡាចំនួន ២០០ ដើម ជូនដល់កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ តាមរយៈយុទ្ធនាការមួយឈ្មោះថាធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង។ កម្ម​វិធី​ប្រគល់​អំពូល​ជា​តំណាង​នេះ​​ត្រូវ​បាន​ប្រារព្ធឡើងនៅ PREMIUM SPORT CLUB កាលពីថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ ២០២២  ដោយមានការចូលរួម​ពី ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល​កំពង់ស្ពឺ និងឯកឧត្តម​ វ៉ី​ សំណាង​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ស្ពឺ​​។

អ្នកចូលរួមក្នុងពិធីពិធីប្រគល់អំពូលសូឡាចំនួន ២០០ ដើម ជូនដល់កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ។

 

ក្រុមហ៊ុន FWD Cambodia បានបង្កើតយុទ្ធនាការ ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង នេះឡើងក្នុង​គោល​ដៅ​ជួយ​​បំភ្លឺ​ដល់​សហគមន៍​តាម​រយៈការ​បរិច្ចាគបង្គោល​ និង​អំពូលសូឡាក្រោម​​​ការ​គាំ​ទ្រ​ពីអតិថិជន​របស់​ខ្លួន​។ ដូច្នេះ រាល់ការជាវបណ្ណ​សន្យា​​រ៉ាប់រងពីក្រុមហ៊ុន FWD Cambodia ក្រុម​ហ៊ុន​នឹងបរិច្ចាគបង្គោល​ និង​អំពូលសូឡាមួយដើម ដែលមានភ្ជាប់ឈ្មោះអតិថិជននៅ​បង្គោល​នោះ​។

នេះជាបង្គោលភ្លើងសូឡារបស់ក្រុមហ៊ុនFWD Cambodia ។

 

លោក ចាន់​ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន FWD Cambodia មានកិត្តិយសដែលបានឧបត្ថម្ភអំពូលសូឡាជូនដល់ខេត្តកំពង់ស្ពឺ ដើម្បីបំភ្លឺកីឡដ្ឋានបាល់ទាត់ខេត្ត។ កន្លងមកក្រុមហ៊ុន FWD Cambodia បានឧបត្ថម្ភអំពូលសូឡាជូនដល់សហគមន៍​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (Cambodian Children’s Fund) និងខេត្តផ្សេងៗដូចជា ខេត្តមណ្ឌលគិរី តាកែវ កណ្តាល​ (កៀនស្វាយ) និងខេត្តបាត់ដំបង ចំនួនជិត ៨០០ ដើមរួចមកហើយ ដែល​នេះជាជោគជ័យមួយដ៏ធំធេងកើតឡើងពីការរួមចំណែក របស់អតិថិជនក្រុម​ហ៊ុន​ FWD Cambodia។”  លោក​បន្ថែម​ថា​៖​ “​តាម​រយៈ​ប្រតិបត្តិ​ការ​អាជីវកម្ម​ដោយ​យក​បច្ចេកវិទ្យា​ឌីជីថល​ជា​គោល​ យើង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពីអតិថិជន​ និង​សហគមន៍​។​ យើងបាន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ក្រដាស​ជា​ច្រើន ហើយអំពូល​សូឡា​នេះ​បាន​មក​ពី​ថវិកា​ដែល​យើង​សន្សំ​​ពី​ការ​មិន​ប្រើ​ក្រដាស​បូក​រួម​នឹង​ការ​រួម​ចំណែក​ពី​អតិថិជន​របស់​យើង​ផងដែរ​។​ នេះ​ជា​ការ​តប​ស្នង​ទៅ​អតិថិ​ជន​ និង​សហគមន៍ដែល​ខ្ញុំ​ និង​ក្រុម​ការ​ងារ​ពិត​ជា​មោទនភាព​ជា​ខ្លាំង​។​”

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia(ឈរខាងឆ្វេង)និងឯកឧត្តម ហ៊ុន ម៉ានី ឈរខាងស្តាំ។

 

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល​កំពង់ស្ពឺមានប្រសាសន៍ថា៖​“ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ដែលបាននាំយកអំពូលសូឡាមកប្រគល់ជូនកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺ។​ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលឃើញក្រុមហ៊ុន FWD Cambodia យកចិត្តទុកដាក់ជួយដល់សហគមន៍កម្ពុជា។ អំពូល​សូឡា​ទាំង​នេះ​នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​កីឡា​ក្នុង​កីឡ​ដ្ឋាន​ ក៏​ដូចជា​ផ្ដល់​នូវ​ទិដ្ឋភាពស្រស់​បំព្រង​នៃទីធ្លា​កីឡដ្ឋាន​​នា​ពេល​រាត្រី​ផង​ដែរ​។ ខ្ញុំ​ជឿជាក់​ថា​ការ​បំភ្លឺ​សហគមន៍​នេះ​នឹង​ផ្ដល់​នូវ​ស្នាម​ញញឹម​ និង​ភាព​រីក​រាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ផង​ដែរ​។” ឯក​ឧត្តម​មាន​ប្រសាសន៍​​បន្ថែម​ថា​៖​ “ខ្ញុំ​សូម​សម្ដែង​ការ​កោត​សរសើរ​ដល់​ក្រុម​ហ៊ុន​ FWD Cambodia​ សម្រាប់​ការ​ផ្ដួច​ផ្ដើម​នូវ​សកម្មភាព​ដ៏​ល្អ​នេះ​ ហើយ​ខ្ញុំ​លើក​ទឹក​ចិត្ត និង​អំពាវនាវ​​ឱ្យ​មាន​ការ​ចូល​រួម​បន្ថែម​ទៀត​ពី​សំណាក់​បណ្ដា​ក្រុមហ៊ុន​ និង​ស្ថាប័ន​នានា​ផងដែរ​។ ខ្ញុំ​​ពេញ​ចិត្ត​​នូវ​ជំហរ​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​យក​បច្ចេកវិទ្យា​ឌីជីថល​ជា​គោល​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​សន្សំសំចៃ​ថវិកា​ពី​កា​រ​ប្រើ​ប្រាស់​ក្រដាស​ដើម្បី​គាំ​ទ្រ​សកម្មភាពមនុស្ស​ធម៌​នៅកម្ពុជា​។​ ជំហរ​នេះ​ដើរ​ស្រប​គ្នា​ល្អ​បំផុត​ទៅ​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ឧស្សាហកម្ម​ ៤.០។​”

Share

ព័ត៌មានទាក់ទង

Image