en     km
en     km

អត្ថបទយុវជន៖ជាងអគ្គិសនីមានពិការភាពមួយរូបត្អូញត្អែរបញ្ហាប្រាក់ចំណូលក្នុងវិបត្តិកូវីដ-១៩

Share

ភ្នំពេញ៖ ជំងឺកូវីដ-១៩ ជាជំងឺឆ្លងដ៏កាចសាហាវមួយបានរីករាលដាលស្ទើរពេញពិភពលោកហើយបានសម្លាប់ជីវិតមនុស្សរាប់ លាននាក់ផងដែរ។ ទន្ទឹមគ្នានេះបញ្ហាជំងឺកូវីដ-១៩ បានបង្កជាវិបត្តិធំមួយទៀតគឺកើតមានវិបត្តិសេដ្ឋកិច្ច ព្រោះការធ្វើជំនួញតូចធំត្រូវបិទទ្វារជាបណ្តុះអាសន្ន។

យ៉ាងណាលោក ហេង សុភាព ជាជនមានពិការភាពជើងទាំងសងខាងដែលសព្វថ្ងៃប្រកបរបរជាជាងជួសជុលគ្រឿងអេឡិច ត្រនិចបន្តិចបន្តួចក៏រងផលប៉ះពាល់ពីវិបត្តិនេះដែរ។

សកម្មភាពលោក ហេង សុភាព​ កំពុងជួសជុលម៉ាស៊ីត្រជាក់។រូបភាពផ្តល់ដោយ មឿន រិទ្ធិមុនី ។

 

មានទីលំនៅនៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល​ សព្វថ្ងៃលោក ហេង សុភាព បើកតូបជួសជុលគ្រឿងអេឡិចត្រនិចនៅផ្ទះតែម្តង ដែលលោកមានជួសជុល ម៉ាញេ ធុងបាស ស្ពិចហ្គ័រ ឆ្នាំងដាំបាយអគ្គិសនី និងគ្រឿងប្រើប្រាស់អេឡិចត្រនិចផ្សេងៗទៀត។

មិនខុសពីប្រជាពលរដ្ឋអ្នកប្រកបរបររកស៊ីដទៃទៀតនោះទេដែលមានបញ្ហាប្រាក់ចំណូលកើតចេញពីវិបត្តិកូវីដ-១៩ លោក ហេង សុភាព ក៏ជួបបញ្ហាបាត់បង់ប្រាក់ចំណូលផងដូចគ្នាដែរ។លោកត្អូញត្អែរថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ លោកពិបាករកប្រាក់ចំណូលណាស់ព្រោះមិនសូវមានអតិថជនយកសម្ភារៈមកជួសជុលនោះទេ។

លោក ហេង សុភាព ធ្វើដំណើរដោយប្រើរទេះរុញនិងម៉ូតូច្នៃមានកង់ចំនួនបី។ រូបភាពផ្តល់ដោយ មឿន រិទ្ធិមុនី ។

 

លោកបន្ថែមថា នៅមុនពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ លោកអាចរកប្រាក់កម្រៃបានពី ៣ ម៉ឺនរៀលទៅ ៤ ម៉ឺនរៀល។ តែនៅពេលផ្ទុះជំងឺនេះឡើង គឺនៅថ្ងៃខ្លះលោករកប្រាក់មិនបានមួយរៀលផងក្នុងមួយថ្ងៃ។ ក្រៅពីបញ្ហារកប្រាក់ចំណូលលោក ហេង សុភាព ក៏រអ៊ូរទាំរឿងទំនិញលើទីផ្សារចេះតែឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោកលើកឡើងបន្តថា ខ្សែភ្លើងដែលលោកធ្លាប់ទិញក្នុងតម្លៃប្រហែល ២០ដុល្លារ ឥឡូវឡើងថ្លៃជិត ៣០ដុល្លារ។ចំណែកដុំម៉ូមីនដែលធ្លាប់ទិញក្នុងតម្លៃ៥ដុល្លារ ឥឡូវឡើងដល់៧ដុល្លារ។

សកម្មភាពលោក ហេង សុភាព ក្នុងថ្នាក់រៀន។រូបភាពផ្តល់ដោយ មឿន រិទ្ធិមុនី ។

 

លោកឱ្យដឹងថា ការហក់ឡើងថ្លៃទំនិញនេះធ្វើឱ្យភ្ញៀវខ្លះមិនហ៊ានជួសជុលប្រើប្រាស់ឡើងវិញនោះទេ គឺភ្ញៀវខ្លះទិញថ្មីតែម្តង ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់មុខរបរជួសជុលដូចជារូបលោក។

តែយ៉ាងណាបើទោះបីមានបញ្ហាក្នុងការរកប្រាក់ចំណូលក្តី ​តែលោកនៅតែមានការតាំងចិត្តខ្ពស់មិនបាក់ទឹកចិត្តឡើយដោយលោកចង់ប្រកបរបរថ្មីមួយទៀត ដែលអាចធានាទ្រទ្រង់ជីវភាពខ្លួនឯងនិងក្រុមគ្រួសារលោកបាន៕

អត្ថបទខ្លីនេះសរសេរដោយ មឿន រិទ្ធិមុនី  យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។​

 

Share

Image
Image
Image