ដោយមើលឃើញពីសក្តានុពលនៃធនធានធម្មជាតិនៅតំបន់ការពារជម្រកសត្វព្រៃណាមលៀរ ក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញធ្វើការសិក្សាស្រាវជ្រាវពីតំបន់នេះ ដើម្បីស្នើសុំដាក់បញ្ចូលទៅក្នងបញ្ជីសួនភូគព្ភសាស្ដ្រនៃអង្គការយូណេស្កូ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្រុមអភិរក្សនៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ចសង្គម និងអ្នកជំនាញផ្នែកសត្វ និងរុក្ខជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមការគាំទ្រពីគម្រោង CAMPAS ជាគម្រោងមួយពង្រឹងការអភិរក្សជីវះចម្រុះ និងលើកកម្ពស់ឱ្យមានការចូលរួមរបស់ស្ដ្រីជាចម្បងក្នុងការផ្សព្វផ្សាយការពារធនធានធម្មជាតិ និងការអភិវឌ្ឍសមត្ថភាព កំពុងធ្វើការសិក្សាពីសក្ដានុពលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីស្នើសុំដាក់បញ្ចូលក្នុងបញ្ជីសួនភូគព្ភសាស្ត្រ គឺជាតំបន់មានការពារពារ និងប្រើប្រាស់ភូមិសាស្ដ្រ ដោយលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់ នៃអង្គការ UNESCO។
ក្រសួងបរិស្ថានបានរំលេចឱ្យដឹងថា ដោយសារតំបន់ភ្នំណាមលៀរ មានសម្បត្តិធនធានធម្មជាតិដូចជាសត្វព្រៃ រុក្ខជាតិកម្រៗជាច្រើនប្រភេទ និងទឹកជ្រោះជាច្រើនកន្លែង ជាពិសេសអ្នកស្រាវជ្រាវរកឃើញថា មានប្រភេទសត្វគ្រប់ប្រភេទ ទើបបែងចែកសត្វទាំងនោះជាក្រុមៗ មានក្រុមថនិកសត្វធំ ក្រុមប្រចៀវនិងជ្រឹង ក្រុមសត្វស្លាប ក្រុមល្មូននិងថលជលិក(សត្វអាចរស់នៅលើគោកផង និងក្នុងទឹកផង) ក្រុមសត្វល្អិតក្នុងទឹក ពពួកសប្បីសត្វ(ជាសត្វគ្មានជើង) និងក្រុមរុក្ខជាតិ។ ក្រុមនីមួយៗបានប្រើប្រាស់វិធីសាស្រ្តសិក្សាទៅតាមជំនាញរៀងៗខ្លួន ក្រុមខ្លះ ប្រើប្រាស់វិធីសាស្រ្តការដាក់កាមេរ៉ាថតរូបស្វ័យប្រវត្តិ ខ្សែបន្ទាត់ត្រង់ស៊ិក, ការដាក់អន្ទាក់មង និងអន្ទាក់ចាប់តាមផ្លូវនៅពេលយប់, ការស្តាប់សំលេង ការមើលដោយកែវឆ្លុះ ការប្រើប្រាស់សំណាញ់ដួសដោយដៃ ការដាក់ជម្រកសប្បនិមិ្មត និងការជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាជននៅតំបន់នោះ។ ហេតុនេះក្រសួងកំពុងសិក្សាពីសក្ដានុពលទាំងនេះ ដើម្បីស្នើសុំដាក់ចូលក្នុងបញ្ជីសួនភូគព្ភសាស្ដ្រនេះ។នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថានដដែល។
ផ្អែកតាម UNESCO Global Geopark ឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ គឺត្រូវជាតំបន់ភូមិសាស្ត្រតែមួយ ដែលបង្រួបបង្រួម ទីតាំង និងទេសភាពនៃសារៈសំខាន់ភូមិសាស្ត្រអន្តរជាតិត្រូវបានគ្រប់គ្រងជាមួយនឹងគោលគំនិតរួមនៃការការពារ ការអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទោះយ៉ាងណាតំបន់ការពារសត្វព្រៃភ្នំណាមលៀរ មិនត្រឹមជាតំបន់មានជីវចម្រុះនោះទេ តែវាក៏ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅដែនដីឦសាន្ដនាស្រុកពេជ្រដាខេត្តមណ្ឌលគិរី៕