ទេសចរជាតិ និងអន្ដរជាតិប្រមាណជាង៥លាននាក់ បានដើរកម្សាន្ដនៅអំឡុងចូលឆ្នាំប្រពៃណីខ្មែរ ជាចំនួនមួយលើសការំពឺងទុករបស់ក្រសួងទេសចរណ៍ ធ្វើឱ្យអាជីវកម្មវិស័យទេសចរណ៍បានដួលរយៈពេល២ឆ្នាំ មានលទ្ធភាពបើកទទួលភ្ញៀវឡើងវិញ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
របាយកាណ៍ភ្ញៀវទេសចរ រយៈពេល៤ថ្ងៃពីក្រសួងទេសចរណ៍ មានការកើនឡើងដល់ជាង ៥លាន ១៧ម៉ឺននាក់។ ទិន្នន័យនេះ មានការហក់ឡើងខ្លាំងបន្ទាប់ពីបើកដំណើរការប្រទេសឡើងវិញ។ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន បញ្ជាក់ថា នេះជាចំនួនមួយលើសការរំពឺងទុក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងទៅ ភ្ញៀវសរុបមានប្រមាណតែជាង ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។
ក្រសួងរំលេចឱ្យឃើញថា ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥លាន ១៧ម៉ឺន៥ពាន់ ៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥លាន ១៤ម៉ឺន ៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣ម៉ឺន ៥ពាន់ ២៥៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃ ផ្អែកតាមក្រសួង ខេត្តបាត់ដំបងមានទេសចរជា ៦៥ម៉ឺន ៣ពាន់ នាក់ បន្ទាប់មកខេត្តកំពង់ចាមមានជាង ៥៤ម៉ឺន១ពាន់នាក់។ ចំណែកខេត្តបន្ទាយមានជ័យជាយដែនកម្ពុជាថៃមានទេសចរជាង ៤៧ម៉ឺន ១ពាន់ នាក់។ គោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ដ្រសៀមរាបវិញមានជាង ៤៥ម៉ឺន៥ពាន់ នាក់។ ដោយឡែក រាជធានីភ្នំពេញមានជាង ២៤ម៉ឺននាក់ប៉ុណ្ណោះ។
ទោះយ៉ាងណា ការកកស្ទះចរាចរណ៍ពេលប្រជាពលរដ្ឋសម្រុកចេញ និងត្រលប់ចូលរាជធានីភ្នំពេញវិញ បានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។
ក្រសួងទេសចរណ៍បានឱ្យដឹងបន្ថែមថា ចរន្តភ្ញៀវទេសចរលើសការរំពឹងទុកនេះបានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចទាំងនៅថ្នាក់ជាតិ និងទាំងនៅតាមមូលដ្ឋាន។ នៅតាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ ក្រសួងបានកត់សម្កាល់ថា ទទួលការកក់ពេញស្ទើរ ១០០%។ ជាមួយបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។ នេះបើតាមក្រសួងទេសចរណ៍ដដែល។
គួរបញ្ជាក់ថា បន្ទាប់ពីខកខានបា្ររព្ធពិធីចូលឆ្នាំខ្មែររយៈពេល២ឆ្នាំមក ឆ្នាំ២០២២នេះ មានចំនួនទេសចរប្រហាក់ប្រហែលឆ្នាំ២០១៩ ដែរ ពោលជាង៤លាននាក់បើគិតត្រឹមរយៈពេល៣ថ្ងៃដូចគ្នា៕