en     km
en     km

ភូមិទេសចរណ៍ព្រះដាក់សាកល្បងយុទ្ធនាការ គ្មានថង់ផ្លាស្ទិក អំឡុងចូលឆ្នាំខ្មែរ

Share

 

ភូមិទេសចរណ៍ម្ហូបព្រះដាក់នៃស្រុកបន្ទាយស្រី សាកល្បងយុទ្ធនាការ គ្មានចង់ផ្លាស្ទិក រយៈពេលអំឡុងចូលឆ្នាំខ្មែរ ដើម្បីលើកទឹកចិត្ត ប្រជាអាជីវករ និងអ្នកទេសចរឱ្យគិតគូរពីបរិស្ថានសម្រាម។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

 

អាជីករ និងអ្នកលក់ដូរទាំងអស់នៅក្នុងភូមិព្រះដាក់ នៃស្រុកបន្ទាយស្រីបានស្មគ្រ័ចិត្តចូលរួមជាមួយរដ្ឋបាលស្រុក និងរដ្ឋបាលឃុំព្រះដាក់ផ្ទាល់ ដើម្បីត្រៀមសាកល្បងបើកយុទ្ធនាការ “ព្រះដាក់គ្មានថង់ប្លាស្ទិក” ។ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងតាមទំព័រហ្វេសប៊ុកលោកថា យុទ្ធនាការដែលមានការចូលរួមពីប្រជាអាជីវករនេះ ធ្វើឡើងមានរយៈពេល១សប្ដាហ៍ពេញ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃ១៧ ខែមេសា ឆ្នាំ២០២២ ជាអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ។

លោកអភិបាលស្រុកបន្ទាយស្រីបន្ថែមថា នេះជាការលើកទឹកចិត្តឱ្យអ្នកភូមិព្រះដាក់ចាប់ផ្តើមមានទម្លាប់បដិសេធការប្រើប្រាស់ថង់ប្លាស្ទិក និងលើកកម្ពស់ការយល់ដឹងពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងចំណោមភ្ញៀវទេសចរដែលបានឆ្លងកាត់ភូមិព្រះដាក់ ក៏ដូចជាក្រើនរំលឹកកុំឱ្យមានការបោះចោលសំរាមពាសវាលពាសកាលនៅតាមភូមិដ្ឋាននានានៅក្នុងស្រុកបន្ទាយស្រី។

យ៉ាងណាបន្ទាប់ពីមានកម្មវិធីបុណ្យទានធំៗ សម្រាមតែងតែមានរសាត់រាយបាយនៅគ្រប់ទីកន្លែង ជាពិសេសគឺប្រភេទសំបកវេចខ្ចប់ប្លាស្ទិកនេះតែម្តង ដែលភាគច្រើនត្រូវបានបោះចោលរាយប៉ាយយ៉ាងឥតសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈនានា។

យុទ្ធនាការ ដើរលេងចូលឆ្នាំនៅភូមិព្រះដាក់ ដោយមិនប្រើប្រាស់ថង់ប្លាស្ទិក នេះមានការគាំទ្រ និងរីករាយច្រើនពីអ្នកបញ្ចេញមតិក្នុងបណ្ដាណសង្គមចំពោះចំណុចនេះ។

ជាទូទៅ អាជីវករអ្នកលក់ដូរនៅក្នុងភូមិព្រះដាក់ ដែលភាគច្រើនជាអ្នកលក់មាន់អាំងកង្កែបបោប នឹងងាកមកប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ ដែលជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់បរិស្ថាន ក៏ដូចជាបានជួយគាំទ្រដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា តូប ឬហាងណាដែលអនុវត្តបានល្អជាងគេ ហើយអាចផ្តល់ភាពជាគំរូដល់អ្នកដទៃបាន នឹងទទួលបានបណ្ណសសើរ និងរង្វាន់លើកទឹកចិត្តពីរដ្ឋបាលស្រុកនៅក្រោយពេលបញ្ចប់កម្មវិធី។

Share

ព័ត៌មានទាក់ទង

Image