នៅវេលាម៉ោងប្រមាណ ០៤ រសៀល ថ្ងៃទី ១៦ វិច្ឆិកា ២០១៥ បន្តិចមុននេះ លោកសម រង្ស៊ីបានសរសេរនៅលើទំព័រ Facebook របស់លោកថា លោកមិនទាន់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅឡើយទេក្នុងរាត្រីនេះ។
«បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសហការីនៅកម្ពុជា និងអង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យមួយចំនួន ដែលបានស្នើឲ្យខ្ញុំលៃលកមកដល់ភ្នំពេញ ពេលថ្ងៃ ចៀសវាងពេលយប់ ហើយបានស្នើឲ្យខ្ញុំទុកពេលបន្តិច ឲ្យមជ្ឈដ្ឋានការទូត និងមិត្តបរទេសមួយចំនួន មានពេលធ្វើអន្តរាគមន៍ រកដំណោះស្រាយដោយសន្តិវិធី ចំពោះការកើនឡើងនៃអំពើហិង្សាថ្មីៗនេះនៅប្រទេសកម្ពុជា ខ្ញុំមិនទាន់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរាត្រីនេះទេ តែនឹងមកដល់ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ»។ នេះជាសារដែលលោកសម រង្សី ទើបតែបានបង្ហោះលើទំព័រ Facebook។
មុនការសម្រេចចិត្តរបស់លោកសម រង្ស៊ី បែបនេះ ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានប្រជុំគ្នាជាបន្ទាប់និងបានផ្ញើអ៊ីមែលទៅលោកប្រធានគណបក្សសង្គ្រោះជាតគឺលោកសម រង្ស៊ី ឲ្យពន្យារពេលត្រលប់មកប្រទេសកម្ពុជាពីព្រោះថាវាអាចនឹងមានអំពើហិង្សាកើតមានឡើង។ នេះបើតាមកិច្ចសម្ភាសន៍របស់ លោកអេង ឆៃអ៊ាង ប្រធានគណៈកម្មាធិការ ទី ១ នៃរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាមួយសារព័ត៌មានក្នុងស្រុកមួយ។
គួររំឮកផងដែរថា បើយោងតាមសេចក្តីប្រកាសរបស់រដ្ឋសភានៃកម្ពុជាចុះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មានខ្លឹមសារថា៖ «ឯកឧត្តម សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្ធសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥»៕