en     km
en     km

ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថាកម្ពុជាអាចនឹងមានកំណើនសេដ្ឋកិច្ច ៥,៣ ភាគរយ នៅឆ្នាំ២០២២

Share

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃពុធនេះ បានបង្ហាញការព្យាករអំពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ថា អាចនឹងកើនឡើង ៥,៣ ភាគរយ ហើយនៅឆ្នាំ២០២៣ កំណើនអាចនឹងមាន ៦,៥ ភាគរយ ដោយសារកំណើននៃការនាំចេញទំនិញ និងរំហូរវិនិយោគផ្ទាល់ពីបរទេស។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេឌីប៊ី/ADB នៅថ្ងៃពុធនេះ បានបង្ហាញការព្យាករអំពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ថា អាចនឹងកើនឡើង ៥,៣ ភាគរយ ហើយនៅឆ្នាំ២០២៣ កំណើនអាចនឹងមាន ៦,៥ ភាគរយ ដោយសារកំណើននៃការនាំចេញទំនិញ និងរំហូរវិនិយោគផ្ទាល់ពីបរទេស។

យោងតាម អេឌីប៊ី  ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៨,១ ភាគរយ នៅឆ្នាំ២០២២ និង ៩,១ ភាគរយ ក្នុងឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានរបស់ អេឌីប៊ី បន្តថា កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះដែរ។

ចំពោះការនាំចេញទំនិញនិងសេវាកម្មវិញ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថានឹងកើនឡើងនៅឆ្នាំ២០២២និងឆ្នាំ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍។

អេឌីប៊ី រំលេចថា វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨ ភាគរយ នៅឆ្នាំ២០២២នេះ និងកើនដល់ ៦,៨ ភាគរយ ក្នុងឆ្នាំ២០២៣។ ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹងកូវីដ-១៩ នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រតម្រូវការនៃកន្លែងស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានលើវេបសាយត៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី។

នាយកស្តីទីរបស់ អេឌីប៊ី ប្រចាំប្រទេសកម្ពុជា លោក​ អែនថូនី ជីល បាននិយាយតាមសម្ដីដើមនៅក្នុងសេចក្ដីប្រកាសនោះថា៖​ «រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា​ ដើម្បីកាត់បន្ថយផលប៉ះពាល់​អវិជ្ជមាននៃកូវីដ-១៩ មកលើអាជីវកម្មនិងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ-១៩ បានអនុញ្ញាតឱ្យកម្ពុជាបើក​ព្រំដែន​របស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្មនិងទេសចរណ៍​ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាននៃកំណើន​សេដ្ឋកិច្ច​​សម្រាប់​ឆ្នាំនេះ និងឆ្នាំ២០២៣»។

ប៉ុន្តែធនាគារអភិវឌ្ឍន៍អាស៊ីបានអំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីជំរុញកំណើនប្រកប​ដោយ​​​ចីរភាព។ លោក អែនថូនី ជីល បានថ្លែងក្នុងសម្ដីផ្ទាល់ថា៖ «ការបង្កើនពាណិជ្ជកម្មនិងទេសចរណ៍ តែមួយមុខនឹងមិនគ្រប់គ្រាន់ ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ប្រទេស កម្ពុជាដែលធ្លាប់តែផ្តោតលើការផលិតនិងការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់អេឡិចត្រូនិច និងផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក។»

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា បច្ចុប្បន្ន អេឌីប៊ី កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ចំនួន ២,៣ ពាន់​លាន​ដុល្លារ ​នៅ​កម្ពុជា ហើយថាថវិការបស់ អេឌីប៊ី ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ២០២២-២០២៥ រួមមានកម្ចីសម្បទានចំនួន ១,៤៤ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣៧ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩៕

Share

Image
Image
Image