en     km
en     km

គ.ជ.ប ពន្យល់អំពីការសម្រេចលុបបញ្ជីបេក្ខជនដំបូង បន្ទាប់ពីគណបក្សភ្លើងទៀនថា«អយុត្តិធម៌»

Share

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃចន្ទ បានពន្យល់អំពីការសម្រេចលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន ដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ក្នុងខែមិថុនាខាងមុខ។ គណបក្សភ្លើងទៀននៅថ្ងៃដដែល បានលើកឡើងថា ការលុបបញ្ជីបេក្ខជនរបស់ខ្លួនអស់១១ឃុំ សង្កាត់ គឺដោយសារ គ.ជ.ប បាន«សម្រេចសេចក្ដីដោយអយុត្តិធម៌»។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

កាលពីថ្ងៃចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានពន្យល់អំពីការសម្រេចលុបបញ្ជីបេក្ខជនដំបូងដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ខាងគណបក្សភ្លើងទៀន។ ការលើកយកអង្គហេតុនិងអង្គច្បាប់មកបង្ហាញដោយអ្នកនាំពាក្យ គ.ជ.ប បានកើតឡើងបន្ទាប់ពីគណបក្សភ្លើងទៀន នៅថ្ងៃដដែលនោះ បានសម្ដែង«ការសោកស្ដាយ»ដែលក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់ខ្លួនអស់១១ឃុំ សង្កាត់ ដោយថ្លែងថា គ.ជ.ប បាន«សម្រេចសេចក្ដីដោយអយុត្តិធម៌»។

គណបក្សភ្លើងទៀនបានលើកឡើងតាមសំណេរដើមថា៖ «ការប្ដឹងសុំលុបបញ្ជីបេក្ខជនគណបក្សភ្លើងទៀនក្នុងដំណាក់កាលបិទផ្សាយបញ្ជីបេក្ខជនដំបូង កើតមានឡើងជាបន្តបន្ទាប់នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន ហើយ គ.ជ.ប បានសម្រេចធ្វើឡើងទៅតាមទំនោរនយោបាយនិងការអះអាងរបស់ដើមបណ្ដឹងតែប៉ុណ្ណោះ ដោយពុំមានការស៊ើបអង្កេតច្បាស់លាស់ណាមួយឡើយ។»

អ្នកនាំពាក្យ គ.ជ.ប បានពន្យល់ថា ការប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងអាចធ្វើបានលើករណីចំនួនពីរ គឺករណីប្ដឹងអំពីបេក្ខជនម្នាក់ៗ ឬករណីប្ដឹងអំពីបញ្ជីបេក្ខជនដំបូងទាំងមូល ហើយក្នុងករណីចុងក្រោយ ប្រសិនបើអ្នកប្ដឹងអាចបញ្ជាក់ចំណុចខ្វះខាតនៃបញ្ជីនិងហេតុផលនៃការច្រានចោលបញ្ជីនោះ។ អ្នកនាំពាក្យ គ.ជ.ប ដែលបានលើកពីច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រង់មាត្រា៣៥ ៣៦ ៣៧ ៣៩ ៤០ ៤១ ៤២ ៥៧ ៥៨ និង៥៩ មកសម្អាង បានបន្តថា ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវអមដោយឯកសារ៦ប្រភេទ ក្នុងចំណោមនោះក៏មានដែរជីវប្រវត្តិសង្ខេបដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ។

បើតាមអ្នកនាំពាក្យ គ.ជ.ប មានភាពមិនប្រក្រតីមួយចំនួនក្នុងការរៀបចំបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន ដូចជា«ករណីក្លែងបន្លំលក្ខខណ្ឌបេក្ខជនផង ឯកសារជីវប្រវត្តិផង» ព្រមទាំង«ការក្លែងបន្លំស្នាមមេដៃផង» ដែលសុទ្ធជាមូលហេតុនាំទៅដល់ការបដិសេធបញ្ជីបេក្ខជនទាំងមូល។ ការសម្រេចលុបបញ្ជីបេក្ខជនដំបូងទាំងមូលរបស់គណបក្សភ្លើងទៀនចំនួន ៥ សង្កាត់ក្នុងរាជធានីភ្នំពេញ ត្រូវបានអ្នកនាំពាក្យពន្យល់ថា គឺធ្វើឡើងដោយមានរបាយការណ៍អង្កេតស្រាវជ្រាវ ការបើកសវនាការសួរដេញដោលអ្នកពាក់ព័ន្ធ និងការពិភាក្សាលើអង្គហេតុនិងអង្គច្បាប់ រីឯការបដិសេធការចុះបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀនក្នុង៦ឃុំសង្កាត់ទៀត គឺដោយសារគណបក្សនេះ«មិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងតាមពេលវេលាកំណត់»។

គណបក្សភ្លើងទៀន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃចន្ទ បានអះអាងថា «មាត្រា៥៨ និងមាត្រា៥៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គ្រាន់តែជាយន្តការនៃការបង្ហាញអំពីលក្ខខណ្ឌនៃការប្ដឹងសុំលុបបេក្ខជន ឬបញ្ជីបេក្ខជនឈរឈ្មោះប៉ុណ្ណោះ មិនមែនជាទោសប្បញ្ញត្តិកំណត់អំពីកំហុសដែលត្រូវលុបឈ្មោះបេក្ខជន ឬត្រូវលុបបញ្ជីបេក្ខជនរបស់គណបក្ស»ទេ ហើយថា«បទបញ្ជានិងនីតិវិធីរបស់ គ.ជ.ប ក៏មិនមានចែង»។

គណបក្សភ្លើងទៀនបានបន្តថា ទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ «ពុំមានមាត្រាណាមួយចែងអំពីកំហុសដែលឈានទៅដល់ការសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយទេ»៕

Share

ព័ត៌មានទាក់ទង

Image