អ្នកតវ៉ាក្នុងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ លែងអាចចូលទៅកៀកអាគារអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរទីតាំងក្នុងរាជធានីភ្នំពេញបានទៀតហើយនារសៀលថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសាលាក្រុង កាលពីយប់ថ្ងៃពុធ បានហាមពួកគេមិនឱ្យធ្វើអ្វីដែលអាជ្ញាធរហៅថា«បាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀត»។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …
អ្នកតវ៉ាក្នុងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ លែងអាចចូលទៅកៀកអាគារអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរទីតាំងក្នុងរាជធានីភ្នំពេញបានទៀតហើយនារសៀលថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសាលាក្រុង កាលពីយប់ថ្ងៃពុធ បានហាមពួកគេមិនឱ្យធ្វើអ្វីដែលអាជ្ញាធរហៅថា«បាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀត»។
នៅវេលាម៉ោងជាង២រសៀល ក្រុមអ្នកតវ៉ាដែលលើកបដានិងដើរជាក្បួននៅលើមហាវិថីសម្ដេចសុធារស ត្រូវបានស្ទាក់ជាប់ដោយកងកម្លាំងក្នុងឯកសណ្ឋាននគរបាល និងក្នុងសម្លៀកបំពាក់ស៊ីវិល ដែលកៀងពួកគេបញ្ចូលរថយន្តក្រុងនៅត្រង់ចំណុចប្រសព្វជាមួយមហាវិថីព្រះសីហនុ មុនពេលពួកគេទៅដល់ទីតាំងអាគារណាហ្គាវើលដ៍១ និងអាគារណាហ្គាវើលដ៍២។ រថយន្តក្រុងបួន ប្រាំ គ្រឿងដែលបញ្ឈរចាំពួកគេរួចជាស្រេច បានដឹកអ្នកតវ៉ាទាំងនោះចេញបាត់ភ្លាមៗពីចំណុចក្បែរអាគារកាស៊ីណូនោះ។
កាលពីយប់ថ្ងៃពុធ នៅក្នុងសេចក្ដីជូនដំណឹងថ្មីបំផុតរបស់ខ្លួនដែលផ្សាយតាមទំព័រហ្វេសប៊ុក សាលារាជធានីភ្នំពេញបានបញ្ជាក់ថា ខ្លួនបានជូនដំណឹងទៅអ្នកតវ៉ាជាច្រើនលើកច្រើនសាររួចមកហើយ អំពីបម្រាមនេះ។
ចាប់តាំងពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមអ្នកទាមទារឱ្យមានដំណោះស្រាយចំពោះវិវាទការងាររវាងកម្មករនិយោជិត៣៦៥នាក់ និងនិយោជកក្រុមហ៊ុន បានបន្តធ្វើសកម្មភាពតវ៉ាដែលពួកគេហៅថា«កូដកម្មសន្តិវិធី»រហូតដល់បច្ចុប្បន្ន។
ភាគីកូដករបានអះអាងថា ការតវ៉ារបស់ខ្លួននៅខាងមុខអាគារក្រុមហ៊ុនគឺ«ត្រូវបង្ខំចិត្តធ្វើក្នុងស្ថានភាពអស់សង្ឃឹមលើច្បាប់» បន្ទាប់ពីបានស្វែងរកអន្តរាគមន៍ពីក្រុមហ៊ុន ពីក្រសួងការងារ និងពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលអស់រយៈពេល៨ខែ។
សាលារាជធានីភ្នំពេញ ក្នុងសេចក្ដីជូនដំណឹងនាល្ងាចថ្ងៃពុធ បានតម្រូវឱ្យអ្នកតវ៉ាទាំងឡាយ ដែលជាអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត រួមទាំងកងនគរបាលនិងកងរាជអាវុធហត្ថផង «ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់»នូវបម្រាមរបស់ខ្លួន។
សូមបញ្ជាក់ថា ចុងក្រោយនេះ ចំនួនកម្មករនិយោជិតដែលនៅមានវិវាទជាមួយក្រុមហ៊ុននៅសល់ប្រហែលជាង២០០នាក់ប៉ុណ្ណោះ។ ការចរចារវាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ដើម្បីរកច្រកចេញពីវិវាទការងារដ៏អូសបន្លាយនេះ នៅតែបន្តធ្វើក្រោមការសម្របសម្រួលរបស់ក្រសួងការងារដែលត្រូវបានកូដករចោទប្រកាន់ថាកាន់ជើងថៅកែ៕