កាលពីថ្ងៃចន្ទ ទី២៨ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ទាំងស្រុង និងបានលុបឈ្មោះបេក្ខនារីម្នាក់នៃគណបក្សភ្លើងទៀនពីបញ្ជីបេក្ខជននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយហេតុថា បេក្ខនារីរូបនេះមិនបានបំពេញឯកសារឈរឈ្មោះជាបេក្ខជនដោយផ្ទាល់ដៃទេ។ កាលពីថ្ងៃទី២២ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ក៏បានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទាំងស្រុងដែរ ដោយហេតុថា មានបេក្ខជន៤រូបមិនបានសរសេរនិងផ្ដិតមេដៃឬចុះហត្ថលេខា លើជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនទេ គឺក្រុមការងាររបស់គណបក្សជាអ្នកធ្វើជំនួស។ ការណ៍នេះក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប យល់ឃើញថា គណបក្សនេះប្រព្រឹត្តខុសពីបទប្បញ្ញត្តិដែលមានចែងនៅក្នុងច្បាប់។ ឯកឧត្ដម ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និយាយអំពីការចុះបញ្ជីបេក្ខជនគណបក្សនេះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដោយអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មាន«ប្រវត្តិសាស្ត្រថ្មី»។