អ្នកនាំពាក្យរដ្ឋសភាជាតិ លោក ឈាង វុន បានលើកឡើងក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ស្តីពីការពិនិត្យលើរបាយការណ៍ សំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសសម រង្ស៊ី ថា សាលដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គឺជារឿងឯកជន មិនជាប់ទាក់ទងរឿងនយោបាយឡើយ។ ជុំវិញបញ្ហានេះ លោក អេង ឆៃអ៊ាង ប្រធានគណៈទី ១ នៃរដ្ឋសភា បាន ឲ្យស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផ្អាកសាលដីកាចាប់ខ្លួនមេបក្សរបស់ខ្លួនសិន។
លោក ឈាង វុន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបែបនេះ ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យលើសំណុំរឿង ពាក់ព័ន្ធនឹងការអនុវត្តទោសទៅលើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្វើនៅវិមានរដ្ឋសភានាព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នៃ២០១៥នេះ ។
អ្នកនាំពាក្យរដ្ឋសភារូបនេះបានបញ្ជាក់ថា លោក សម រង្ស៊ី បានអស់អភ័យឯកសិទ្ធិតាំងពីចេញសាលដីកាស្ថាពរ របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៣មកម្ល៉េះ ។ លោក ឈាង វុនបន្តថា៖ «អត់មានដក [អភ័យេកសិទ្ធិ] ទេ រដ្ឋសភាមានត្រូវការដកឯណា រឿងវាកើតឡើងរួចមកហើយ គាត់ [ លោក សម រង្ស៊ី] ទៅជាទណ្ឌិតមានទៅដក[អភ័យេកសិទ្ធិ] អ្វីទៀត»។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាព្រឹកមិញនេះដែរ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មាធិការ ទី ១ នៃរដ្ឋសភា បានដើរចេញពីបន្ទប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍មុនបិទបញ្ចប់កិច្ចប្រជុំ ពេលលើកឡើងពីសាលដីកាចាប់ខ្លួនលោក សម រង្ស៊ី។ លោកបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោកបានស្នើនៅក្នុងកិច្ចប្រជុំនោះ ឲ្យរដ្ឋសភាផ្អាកសាលដីកាចាប់ខ្លួនលោក សម រង្ស៊ី ព្រោះលោក សម រង្ស៊ី នៅមានអភ័យឯកសិទ្ធិសភានៅឡើយ ។
លោក អេង ឆៃអ៊ាងបញ្ជាក់ថា «ក្នុងការពិភាក្សាព្រឹកមិញនេះ ខ្ញុំបានស្នើឲ្យរដ្ឋសភាផ្អាកសាលដីកាចាប់ខ្លួនលោក សម រង្ស៊ី និងស្នើឲ្យរដ្ឋសភាបញ្ជាក់ថា ប្រសិនបើលោក សម រង្ស៊ីមានទោសតាមសាលដីកាតុលាការតាំងពីឆ្នាំ ២០១៣ ចុះហេតុអ្វីបានជាស្ថាប័នជាតិមាន គ ជ ប រដ្ឋសភា និងព្រះបរមរាជ្យវាំងជួយឲ្យអ្នកទោស [លោក សម រង្ស៊ី] ធ្វើតំណាងរាស្ត្រនោះ»។
មិនប៉ុន្មានម៉ោងផង បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ស្តីពីការពិនិត្យលើរបាយការណ៍ សំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសទៅលើលោកសម រង្ស៊ី ព្រឹកមិញនេះ ប្រធានរដ្ឋសភាជាតិ លោក ហេង សំរិន បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៦ ខែវិច្ឆិកានេះថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាព ជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥ នេះ។
ជុំវិញបញ្ហានេះ ប្រធានវេទិការអនាគត លោក អ៊ូ វីរៈបានលើកឡើងថា ការដកទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា លោក សម រង្ស៊ី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥ នេះ បានធ្វើខុសទៅនិងនីតិវីធីច្បាប់នៃរបបលិទ្ធិប្រជាធិបេតេយ្យ និងមានជាប់ពាក់ព័ន្ធទៅនិងរឿងនយោបាយ ។ លោកថា៖ «លោក សម រង្ស៊ី មានអភ័យឯកសិទ្ធិ មិនអាចចេញដីកាចាប់ខ្លួនបានទេ ដោយមិនស្នើសុំទៅរដ្ឋសភា ហើយរដ្ឋសភាទាល់តែមានសំលេង ២ភាគ៣ ទើបអាចដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី»។
គួរជម្រាបថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលើកលែងទោសកាលពីឆ្នាំ២០១៣ មុនការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមបទចោទពីបទដកតម្រុយបង្គោលព្រំដែនដោយខុសច្បាប់ ស្ថិតនៅក្នុងខេត្តស្វាយរៀង និងបទចោទមួយទៀតគឺ ប្រើផែនទីខុសច្បាប់ ។ ទោះបីយ៉ាងណា បើតាមលោកឈឹម ផលវរុណមានប្រសាសន៍ជាមួយវិទ្យុស្ត្រី នៃWMC នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា នេះថា លោក សម រង្ស៊ី នៅសល់បទចោទមួយទៀតគឺ បទចោទបរិហាកេរ្តិ៍ លោក ហោណាំហុងថា ជាមេគុកបឹងត្របែកកាលពីអតីតកាល៕