ភ្នំពេញ៖ យ៉ាងយោចណាស់មានអ្នកស្រឡាញ់ភេទដូចគ្នា(LGBTQ) ជាង៣០នាក់បានចូលរួមសិក្សាក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី«អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» ហៅកាត់ថា MIL ដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។
កម្មវិធីបណ្តុះបណ្តាលដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១២ និងទី១៣ ខែមីនា ឆ្នាំ២០២២តាមប្រព័ន្ធZoom បានផ្តល់ឱ្យអ្នកចូលរួមយល់ដឹងនូវដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ។ ឱ្យសិក្ខាកាមចេះស្វែងយល់ឱ្យបានស៊ីជម្រៅនូវរាល់ព័ត៌មានដែលមានលើបណ្តេញសង្គម និងចេះថ្លឹងថ្លែងឱ្យបានត្រឹមត្រូវថាអ្វីជា«ការពិត»និងអ្វីជា«ទស្សនៈ»ដែលអ្នកសារព័ត៌មានបានសរសេរក្នុងអត្ថបទព័ត៌មាន។
អ្វីជាពិសេសជាងនេះ វគ្គបណ្តុះបណ្តាលបានណែនាំពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើស និងព័ត៌មានខុសជាដើម។ សំខាន់ជាងនេះ គ្រូបង្គោលបានបង្ហាញពីរបៀប ឬ វិធីសាស្រ្តឆ្លើយតបទៅកាន់ព័ត៌មានមិនពិត ដើម្បីអាចការពារខ្លួនបញ្ចៀសនូវហានិភ័យដែលអាចកើតមានជាយថាហេតុ។
សិក្ខាកាមដែលបានចូលរួមលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេមានចិត្តសប្បាយរីករាយដែលមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានផ្តល់ឱកាសដល់ពួកគេបានសិក្សាពីមេរៀនដ៏មានអត្ថប្រយោជន៍នេះ។ សិក្ខាកាមបានបន្តថា ពួកគេអាចមានសមត្ថភាពបែងចែកនូវព័ត៌មានពិតនិងព័ត៌មានក្លែងក្លាយ មានការប្រុងប្រយ័ត្នជាមុន មុននឹងចែករំលែកព័ត៌មានលើបណ្តេញសង្គម។ អ្នកចូលរួមទាំងនោះសន្យាចែករំលែកចំណេះដឹងដែលទទួលបានទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកនៅជិតឆ្ងាយទាំងអស់។
សូមបញ្ជាក់ថា អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី“អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ” ទៅកាន់អ្នកចូលរួមប្រមាណ ១០០ នាក់។ ក្នុងនោះអ្នកចូលរួមមានយុវជននិងស្ត្រី ៤០ នាក់ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា(LGBTQ) ៣៥ នាក់ និងជនមានពិការភាព ២៥ នាក់។
វគ្គបណ្តុះបណ្តាលស្តីពី “អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ”នេះដែរ ទទួលបានថវិកាគាំទ្រពីអង្គការ The International Foundation for Electoral Systems(IFES)៕