ប្រធានាធិបតី ចូ បៃឌិន និងសម្ព័ន្ធមិត្តលោកខាងលិច កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាពីរឿងដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី និងពីរឿងជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លើប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្ដី ការផ្តល់ជំនួយយោធារបស់បស្ចិមប្រទេស ទាំងភាពទំនើប ទាំងបរិមាណ មិនបានឆ្លើយតបបានតាមអ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ើឡិនស្គី បានទទូចសុំទេ។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី …
ប្រធានាធិបតី ចូ បៃឌិន និងសម្ព័ន្ធមិត្តលោកខាងលិច កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាពីរឿងដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី និងពីរឿងជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លើប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្ដី ការផ្តល់ជំនួយយោធារបស់បស្ចិមប្រទេស ទាំងភាពទំនើប ទាំងបរិមាណ មិនទាន់បានឆ្លើយតបបានតាមអ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ើឡិនស្គី បានទទូចសុំទេ ។
លោក បៃឌិន ក៏បានប្រកាសថា សហរដ្ឋអាមេរិកនឹងទទួលជនភៀសខ្លួនអ៊ុយក្រែនរហូតដល់ ១ សែន នាក់ ថ្វីបើលោកបាននិយាយថា ជនភៀសខ្លួនអ៊ុយក្រែនជាច្រើនទំនងជាចូលចិត្តស្នាក់នៅក្នុងប្រទេសជិតខាងប្រទេសរបស់ខ្លួន។ ទន្ទឹមនឹងនេះ លោក បៃឌិន បានថ្លែងទៀតថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយបន្ថែមទៀត ដូចជាអាហារ ឱសថ ទឹកស្អាត និងការផ្គត់ផ្គង់ផ្សេងៗទៀត ដែលគិតជាប្រាក់មានតម្លៃ ១ ពាន់លានដុល្លារ។
បណ្ដាមេដឹកនាំប្រទេសបស្ចិមលោកបានចំណាយពេលកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរៀបគម្រោងសម្រាប់ជំហានបន្ទាប់ ក្នុងទប់ទល់នឹងអំពើឈ្លានពានរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនដែលមានរយៈពេលមួយខែកន្លងទៅ។ ពួកគេបានពិភាក្សាគ្នាអំពីរបៀបដែលពួកគេអាចឆ្លើយតប ប្រសិនបើលោក ពូទីន ដាក់ពង្រាយអាវុធគីមី អាវុធជីវសាស្ត្រ ឬអាវុធនុយក្លេអ៊ែរផងនោះ។ ពួកគេបានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលៗនាគ្រាអាសន្នចំនួនបីជាប់ៗគ្នា នៅក្នុងទីក្រុងប្រ៊ុចសែល។ ក្នុងចំណោមនោះ មានកិច្ចប្រជុំអង្គការណាតូ កិច្ចប្រជុំក្រុមប្រទេសជឿនលឿនទាំងប្រាំពីរ និងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបដែលមានសមាជិក ២៧ ប្រទេស។
លោក បៃឌិន ពេលថ្លែងក្នុងសន្និសីទសារព័ត៌មាននាពេលល្ងាច បន្ទាប់ពីកិច្ចប្រជុំកំពូលទាំងនោះ បានព្រមានថា ការវាយប្រហារដោយអាវុធគីមីរបស់ប្រទេសរុស្ស៊ី «នឹងបណ្ដាលឲ្យមានការឆ្លើយតបតាមរបៀបដូចគ្នា»។
លោក បៃឌិ បានថ្លែងទៀតថា៖ «អ្នកកំពុងសួរថាតើណាតូនឹងឆ្លងព្រំដែនដែរឬទេ។ យើងនឹងធ្វើការសម្រេចចិត្តនៅពេលសមស្រប»។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសេតវិមានបាននិយាយក្នុងលក្ខខណ្ឌអនាមិកនៅពេលក្រោយមកថា ការថ្លែងរបស់លោក បៃឌិន មានន័យថាជាការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិកដែលបានព្យាយាមចៀសវាងសកម្មភាពយោធាដោយផ្ទាល់របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនទេ។ លោក បៃឌិន និងមេដឹកនាំក្នុងអង្គការណាតូ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនិងណាតូនឹងមិនដាក់ទ័ពនៅលើទឹកដីអ៊ុយក្រែនទេ។
ដោយថ្លែងអំណរអរគុណចំពោះជំនួយថ្មីៗដែលទើបបានសន្យា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ើឡិនស្គី បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សម្ព័ន្ធមិត្តបស្ចិមលោកថា រូបគាត់ត្រូវការជំនួយច្រើនជាងអ្វីដែលសម្ព័ន្ធមិត្តមានបំណងផ្តល់ឱ្យនាពេលនេះទៅទៀត។
លោក ហ្ស៊ើឡិនស្គី បានសំណូមពរសមាជិកអង្គការណាតូថា៖ «ខ្ញុំសុំមួយភាគរយនៃយន្តហោះទាំងអស់របស់អ្នក, មួយភាគរយនៃរថក្រោះទាំងអស់របស់អ្នក»។ តាមសម្ដីដើម ប្រធានាធិបតីអ៊ុយក្រែនបានបន្តថា៖ «យើងគ្រាន់តែមិនអាចទិញរបស់ទាំងនោះ។ នៅពេលដែលយើងមានរបស់ទាំងអស់នេះ វានឹងផ្តល់ឱ្យយើង ក៏ដូចជាផ្ដល់ឱ្យអ្នកដែរ នូវសុវត្ថិភាព ១០០ភាគរយ។»
លោក បៃឌិន បាននិយាយថា ជំនួយបន្ថែមទៀតកំពុងដឹកមកហើយ។ ប៉ុន្តែមេដឹកនាំលោកខាងលិចបានដើរយ៉ាងប្រយ័ត្នប្រយែង ដើម្បីកុំឲ្យជម្លោះកាន់តែរាលដាលហួសព្រំដែនអ៊ុយក្រែន។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងពង្រីកការដាក់ទណ្ឌកម្មរបស់ខ្លួនលើប្រទេសរុស្ស៊ី ដោយផ្តោតលើសមាជិកសភារបស់ប្រទេសនេះ ក៏ដូចជាលើអ្នកសហការនានាក្នុងវិស័យការពារជាតិរុស្ស៊ី។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនក៏នឹងធ្វើការជាមួយនឹងប្រទេសលោកខាងលិចផ្សេងទៀតដើម្បីធានាថាទុនបម្រុងជាមាសសុទ្ធរបស់ធនាគារកណ្តាលរុស្ស៊ី ក៏មិនអាចគេចផុតពីទណ្ឌកម្មដែលមានស្រាប់ដែរ។
អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលធិនប៊ើក បាននិយាយថា មេដឹកនាំណាតូបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ បញ្ជូនសម្ភារៈទៅអ៊ុយក្រែន ដើម្បីជួយប្រទេសនេះទប់ទល់នឹងការវាយប្រហារដោយអាវុធគីមី។
មន្ត្រីសេតវិមានបាននិយាយថា ទាំងសហរដ្ឋអាមេរិក ទាំងអង្គការណាតូ បាននឹងកំពុងធ្វើការលើផែនការយថាភូត ប្រសិនបើរុស្ស៊ីដាក់ពង្រាយអាវុធខុសច្បាប់។ អង្គការណាតូបានបណ្តុះបណ្តាលនិងបំពាក់សម្ភារៈឱ្យកងកម្លាំងយោធារបស់ខ្លួន ប្រសិនបើមានការវាយប្រហារដោយអាវុធបែបនេះលើប្រជាជន ប្រទេស ឬកងកម្លាំងរបស់សមាជិកខ្លួន។ ប៉ុន្តែអ៊ុយក្រែនមិនមែនជាសមាជិកអង្គការណាតូទេ។
លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ អិនប៊ីស៊ី ញូស៍ ថា ប្រសិនបើរុស្ស៊ីដាក់ពង្រាយអាវុធគីមី នោះវានឹងធ្វើឱ្យ«ស្ថានភាពមិនអាចប៉ាន់ស្មានបាននិងប្រកបដោយគ្រោះថ្នាក់ គឺរឹតតែគ្រោះថ្នាក់ និងរឹតតែមិនអាចប៉ាន់ស្មានបាន»។ ប៉ុន្តែ អគ្គលេខាធិការអង្គការណាតូរូបនេះមិនបានប្រាប់ពីរបៀបដែលសម្ព័ន្ធមិត្តលោកខាងលិចអាចនឹងឆ្លើយតបទេ៕
—
យោង៖ Biden pledges new Ukraine aid, warns Russia on chem weapons | AP News