ស៊ីរី៖ យន្តហោះចម្បាំងរបស់បារាំងបានទម្លាក់គ្រាប់បែកលើពួកអាយស៊ីស នៅតំបន់ រ៉ាក់កា (Raqqa) នៃប្រទេសស៊ីរី (Syria) កាលពីថ្ងៃអាទិត្យ ដែលនេះជាអ្វីដែលក្រុមមន្ត្រីបានហៅថាជាការបាញ់ផ្លោងដ៏ធំមួយ។
ការវាយប្រហារតាមផ្លូវអាកាសបានកើតឡើងពីរថ្ងៃ ក្រោយពីការវាយប្រហារភេរវកម្មនៅកណ្ដាលទីក្រុងប៉ារីស។ ពួកអាយស៊ីសបានអះអាងថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ ដែលប្រធានាធិបតីបារាំងបានហៅថាជា «សកម្មភាពសង្គ្រាម»។
ក្រុមអាយស៊ីសអះអាងថា រ៉ាក់កា ជារដ្ឋធានីរបស់ពួកគេដែលមានឈ្មោះថា កាលីហ្វ។ ទិសដៅនៃការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃអាទិត្យបានរួមបញ្ចូលទាំងមជ្ឈមណ្ឌលកងបញ្ជាការ មជ្ឈមណ្ឌលជ្រើសរើសការងារ មូលដ្ឋានផ្ទុកគ្រាប់រំសេវ និងជំរំបណ្ដុះបណ្ដាលសម្រាប់ក្រុមភេរវករ នេះបើតាមលោក មីគែល សូរៀ (Mickael Soira) ទីប្រឹក្សាព័ត៌មានរបស់រដ្ឋមន្ត្រីការពារជាតិបារាំង។
ការវាយប្រហារក្នុងទីក្រុងប៉ារីស៖ ការប្រមាញ់ពីអាជ្ញាធរជាតិបារាំង
លោក សូរៀ បាននិយាយថាមាន យន្តហោះចំនួន ១២ គ្រឿង ក្នុងនោះយន្តហោះចម្បាំងចំនួន ១០ គ្រឿង បានចូលរួមក្នុងការវាយប្រហារតាមផ្លូវអាកាស។ គ្រាប់បែកចំនួន ១២ ត្រូវបានទម្លាក់ ហើយបំផ្លាញចំទិសដៅទាំងអស់។
ក្រុមសារព័ត៌មានពួកអាយស៊ីសមួយបានអះអាងថា តំបន់ទាំងនោះត្រូវបានបោះបង់ចោលមុនពេលដែលពួកគេត្រូវរងការវាយប្រហារ ហើយក៏មិនមានអ្នកណាស្លាប់ឬរបួសដែរ។
អ្នកវិភាគយោធា៖ ការវាយប្រហារគឺជានិមិន្តរូប
ប្រទេសបារាំងបានធ្វើការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងពួកអាយស៊ីស ដែលមានទិសដៅនៅប្រទេសស៊ីរី ចាប់តាំងពីខែកញ្ញា ដែលជាផ្នែកនៃការរួមដៃគ្នាជាមួយអាមេរិក។ ប៉ុន្តែអ្នកវិភាគនិយាយថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទំនងមិនមែនជាការចៃដន្យទេ។
ឧត្តមសេនីយ៍ទោចូលនិវត្តម្នាក់ឈ្មោះ ជែមស៍ ស្ប៉ាយឌើ ម៉ាកស៍ (James “Spider” Marks) បាននិយាយថា៖ «ច្បាស់ណាស់ថាវាជាសកម្មភាពរបស់យោធាមួយ ប៉ុន្តែវាពិតជាការផ្ញើសារនយោបាយដ៏ខ្លាំងមូយ ហើយវាជាការអនុវត្តកិច្ចការផ្ទៃក្នុងរបស់ប្រទេសបារាំង» នោះបើយោងតាមអ្នកវិភាគយោធារបស់ CNN ម្នាក់។
ភេរវករក្នុងទីក្រុងប៉ារីស៖ អ្វីដែលយើងដឹងកន្លងមក
និពន្ធនាយក សារព័ត៌មានប្រចាំសប្ដាហ៍របស់មជ្ឈឹមបូព៌ាឈ្មោះ ជែណាយ ឌី ជីអូវ៉ាននី (Janine Di Giovanni) បានឱ្យដឹងថា វាមិនគ្រាន់តែជារឿងពិបាកក្នុងការដឹងនូវអ្វីដែលកំពុងកើតឡើងនៅខាងក្នុងបន្ទាយពួកអាយស៊ីសទេ តែវាក៏ពិបាកដែរក្នុងការស្ទាបស្ទង់នូវយុទ្ធសាស្ត្រដែលល្អបំផុតដើម្បីការវាយបកទៅវិញ។
«ខ្ញុំគិតថាវាពិតជាស្មុគស្មាញណាស់ ក្នុងការចាប់ផ្ដើមវាយប្រហារតាមអាកាសបែបនេះ ដែលជាការដាក់ទោសមួយ តែវាជាមធ្យោបាយក្នុងការកម្ចាត់ពួកអាយស៊ីស។ លើសពីនេះទៀត អ្នកមិនអាចលុបចេញនូវមនោគមវិជ្ជាមួយបានឡើយ»។
តើអ្វីដែលជាផលប៉ះពាល់ពីការវាយប្រហារតាមផ្លូវអាកាស?
វាពិបាកក្នុងការដឹងថាតើមានអ្វីកំពុងកើតឡើងខ្លះនៅខាងក្នុងរដ្ឋធានីរ៉ាក់កា។ ចាប់ពីក្រុមអាយស៊ីសកាន់កាប់មក រដ្ឋធានីក៏កាន់តែមានភាពស្ងាត់ជ្រងំ និងឯកោកាន់តែខ្លាំងឡើង ហើយរ៉ាក់កាត្រូវបានបំពេញមកវិញនូវការឈឺចាប់ និងភាពភ័យខ្លាច។
ក្រុមសកម្មប្រយុទ្ធអាយស៊ីសនៅតំបន់រ៉ាក់កា បានរំពឹងទុកជាមុនថានឹងមានការសងសឹកដោយការវាយប្រហារតាមអាកាស និងការជម្លៀសចេញនូវគ្រឿងបរិក្ខារ រួមបញ្ចូលទាំងទីបញ្ជាការ អគារវះកាត់និងអគារសន្តិសុខរបស់ពួកគេ។ នេះបើតាមសម្ដីរបស់សមាជិកក្រុមរ៉ាក់កាម្នាក់។
សកម្មជននិយាយថា ផ្លូវមានសភាពស្ងប់ស្ងាត់ ផ្សារមិនសូវអ៊ូអរដូចរាល់ដង ហើយអាចារ្យនៅក្នុងវិហារអ៊ីស្លាមគិតថាទីក្រុងនឹងរងការវាយប្រហារ។
ក្រុមអាយស៊ីសនៅតំបន់រ៉ាក់កា ធ្លាប់ជាទិសដៅនៃការវាយប្រហារសងសឹកតាមផ្លូវអាកាសពីមុនមកកាលពីខែកុម្ភៈ។ ពីរថ្ងៃ ក្រោយពីសារព័ត៌មានបានឱ្យដឹងថា ក្រុមនោះបានដុតសម្លាប់ឈ្លើយសឹកជនជាតិហ្សកដានីម្នាក់ ប្រទេសតំបន់មជ្ឈឹមបូព៌ា
ក៏វាយបកវិញ។ នាពេលនោះ ពួកអាយស៊ីសបានបង្ហោះនូវរូបថតនៃការបំផ្លាញពីការវាយប្រហារតាមអាកាសរបស់ប្រទេសហ្សកដានី។ សកម្មជនស៊ើបអង្កេតស៊ីរីដើម្បីសិទ្ធិមនុស្ស បានឱ្យដឹងថាក្រុមសកម្មប្រយុទ្ធហ្សកដានីចំនួន ១០ នាក់ ត្រូវបានសម្លាប់។
នៅក្នុងទីក្រុងរបស់ប្រទេសស៊ីរី ប្រជាជនកំពុងរស់នៅក្រោមរបបមួយដ៏គួរឱ្យខ្លាច៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ CNN