en     km
en     km

លោក បៃឌិន ទៅអឺរ៉ុប ដើម្បីគូសបញ្ជាក់ពីទណ្ឌកម្មថ្មីៗលើរុស្ស៊ី និងជជែកអំពីផែនការរបស់ណាតូ

Share

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងមេដឹកនាំនានានៅអឺរ៉ុប នឹងប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីៗលើប្រទេសរុស្ស៊ី និងការចាត់វិធានការនានាបន្ថែមទៀតដើម្បីរឹតបន្តឹងទណ្ឌកម្មមានស្រាប់។ ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបដែលចាប់ផ្ដើមនៅថ្ងៃពុធនេះ លោក បៃឌិន នឹងប្រជុំបន្ទាន់ជាមួយអង្គការណាតូ។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

អំឡុងទស្សនកិច្ចទៅទីក្រុងប្រ៊ុចសែលក្នុងសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងមេដឹកនាំនានានៅអឺរ៉ុប នឹងប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីៗលើប្រទេសរុស្ស៊ី និងការចាត់វិធានការនានាបន្ថែមទៀតដើម្បីរឹតបន្តឹងទណ្ឌកម្មដែលមានស្រាប់។ នេះបើយោងតាមសម្ដីរបស់ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជែក ស៊ូលីវ៉ាន់ កាលពីថ្ងៃអង្គារ ដែលទីភ្នាក់ងារសារព័ត៌មានរើយធើបានយកមកផ្សាយ។

យោងតាមប្រភពដដែល លោក ស៊ូលីវ៉ាន់ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកក៏នឹងពិភាក្សាអំពីការកែតម្រូវស្ថានភាពរបស់កងកម្លាំងណាតូសម្រាប់រយៈពេលវែង និងអំពីកត្តាប្រឈមនានានៅក្នុងករណីដែលមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោក បៃឌិន ក៏នឹងប្រកាសចេញនូវ«សកម្មភាពរួម»ស្ដីពីការពង្រឹងសន្តិសុខថាមពលនៅអឺរ៉ុប ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើឧស្ម័នរុស្ស៊ី។

រើយធើរៀបរាប់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មដ៏សន្ធឹកសន្ធាប់លើប្រទេសរុស្ស៊ី ជាការពិន័យប្រទេសនេះចំពោះអំពើឈ្លានពានប្រទេសអ៊ុយក្រែន ហើយប្រទេសបស្ចិមលោកទាំងនោះបានផ្គត់ផ្គង់អាវុធនិងជំនួយរាប់ពាន់លានដុល្លារឱ្យអ៊ុយក្រែនការពារខ្លួន។ លោក បៃឌិន រើយធើបន្ត​ បានប្រកាសថានឹងមិនបញ្ជូនទាហានអាមេរិកទៅអ៊ុយក្រែនទេ ប៉ុន្តែបានសន្យាថានឹងរក្សាការប្តេជ្ញាចិត្តការពារប្រទេសដែលជាសមាជិកអង្គការណាតូ ប្រសិនបើប្រទេសទាំងនេះត្រូវបានវាយប្រហារ។

តាមគម្រោង លោក បៃឌិន នឹងចាកចេញ​ពីសហរដ្ឋអាមេរិកនៅ​ថ្ងៃ​ពុធនេះ ឆ្ពោះ​ទៅ​ទីក្រុង​ប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដែលជា​ទីស្នាក់ការរបស់​អង្គការណាតូនិងរបស់​សហភាព​អឺរ៉ុប ដើម្បីចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ជាមួយ​មេដឹកនាំ​ប្រទេសទាំងឡាយក្នុងសហភាព​អឺរ៉ុប។ នេះបើយោងតាមរើយធើ ដែលបានរាយការណ៍តាមសម្ដីរបស់លោក ស៊ូលីវ៉ាន់ ថា លោក បៃឌិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបន្ទាន់របស់អង្គការណាតូ, នឹងជួបជាមួយមេដឹកនាំនៃក្រុមប្រទេសជឿនលឿនទាំង៧ ហើយក៏នឹងថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាអឺរ៉ុបដែរ៕

យោង៖ https://www.reuters.com/world/us/us-national-security-adviser-sullivan-detail-bidens-brussels-trip-goals-2022-03-22/

Share

ព័ត៌មានទាក់ទង

Image