en     km
en     km

ក្មេងស្រីកាន់តែច្រើនឡើងនៅភាគខាងត្បូងនៃទ្វីបអាហ្រិ្វកមានផ្ទៃពោះអំឡុងពេលមានកូវីដ-១៩

Share

ក្មេងស្រីនៅក្នុងប្រទេស ហ្ស៊ីមបាវ៉េ មានផ្ទៃពោះកាន់តែច្រើន អំឡុងពេលមានជំងឺឆ្លងសាកល ដោយសារការរលោភផ្លូវភេទ និងតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។ ក្មេងស្រីក្នុងបណ្ដាប្រទេសមួយចំនួនទៀតនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ក៏មានស្ថានភាពដូចនៅក្នុងប្រទេសហ្ស៊ីមបាវ៉េដែរ។ មានមូលហេតុមួយចំនួនដែលពន្យល់ពីការប្រែប្រួលនេះក្នុងអំឡុងពេលដែលកូវីដ-១៩ រាលដាលខ្លាំង។

កញ្ញា គុជ សីកុល ជូនសេចក្ដីរាយការណ៍ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី …

 

 

មុនពេលមានកូវីដ-១៩ រាតត្បាត កុមារីម្នាក់ក្នុងចំណោម ៣ នាក់ នៅក្នុងប្រទេសហ្ស៊ីមបាវ៉េ រៀបការមុនអាយុ ១៨ ឆ្នាំ។ ក្មេងស្រីជាច្រើនមានផ្ទៃពោះដោយមិនបានគ្រោងទុក ដោយសារតែកង្វះការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដោយសារតែភាពក្រីក្រដ៏ធំធេង និងដោយសារតែការប្រតិបត្តិតាមប្រពៃណីនិងសាសនា។

ប្រទេស ហ្ស៊ីមប៉ាវ៉េ បានមើលឃើញកំណើនដ៏ឆាប់រហ័សនៃចំនួនកុមារី និងស្រីជំទង់ ដែលពពោះអំឡុងវិបត្តិជំងឺឆ្លងសាកល។ ការផ្ទុះកូវីដ-១៩ ​បានបណ្តាលឲ្យប្រទេសដែលមានប្រជាជន ១៥ លាននាក់នេះ ស្ទើរតែបិទខ្ទប់ទាំងស្រុងនៅខែមិនា ឆ្នាំ២០២០។ សាលារៀនត្រូវបិទរយៈពេល ៦ ខែ ហើយបើក បិទ បើក បិទ នាពេលក្រោយមក។ អំឡុងពេលនោះ កុមារីទាំងឡាយជាពិសេសប្រឈមនឹងបញ្ហាខ្លាំង។ ពួកគេត្រូវបានទុកចោល ហើយមិនអាចទៅទទួលសេវាពន្យាកំណើត និងទៅមន្ទីរថែទាំសុខភាពបានទេ។

បញ្ហានានារបស់គ្រួសារក្រីក្ររឹតតែដុនដាប។  អ្នកតស៊ូមតិនិងមន្ត្រីនានាបាននិយាយថា ក្មេងស្រីជាច្រើនបានរងគ្រោះពីការរំលោភបំពានផ្លួវភេទ ហើយក្មេងស្រីខ្លះទៀតបានរិះរកវិធីរៀបការ ហើយពពោះ ដើម្បីចាកចេញពីភាពក្រីក្រ។ និន្នាការនេះកើនឡើងជាបន្តបន្ទាប់ ជាហេតុជំរុញឱ្យរដ្ឋាភិបាលហ្ស៊ីមប៉ាវ៉េ នៅក្នុងខែសីហា ឆ្នាំ២០២០ កែប្រែច្បាប់ដែលហាមសិស្សស្រីមានផ្ទៃពោះមិនឱ្យទៅសាលារៀន។ ច្បាប់ដែលកែរួចអនុញ្ញាតឱ្យពួកគេអាចទៅសិក្សាវិញបាន។ ទាំងអ្នកតស៊ូមតិ ទាំងអាជ្ញាធរ បានអបអរសាទរការផ្លាស់ប្ដូរនេះ។ ពួកគេបាននិយាយថា វាជាជំហានដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាហ្ស៊ីមបាវ៉េ។

ប៉ុន្តែមកដល់បច្ចុប្បន្ន គោលនយោបាយថ្មីទទួលបរាជ័យច្រើនជាងជោគជ័យ។ កុមារីភាគច្រើនមិនបានវិលត្រឡប់ទៅសាលាវិញឡើយ។ អាជ្ញាធរនិងក្រុមគ្រួសារបានអះអាងថា រឿងនេះគឺមកពីបញ្ហាជីវភាពក្រីក្រ ប្រពៃណីទំនៀមទម្លាប់ និងការសើចចំអកមើលងាយពីអ្នកនៅជុំវិញ។

ក្មេងស្រីនៅហ្ស៊ីមប៉ាវ៉េម្នាក់ ឈ្មោះ វើជីនៀ អាយុ ១៣ ឆ្នាំ បានព្យាយាមវិលទៅរៀនវិញ ទាំងខ្លួនមានផ្ទៃពោះ បន្ទាប់ពីការកែប្រែច្បាប់ហើយ។ មន្ត្រីនានាបានលើកទឹកចិត្តរូបនាងនិងម្ដាយឪពុកនាង ប៉ុន្តែ វើជីនៀ ត្រូវបានគេសើចចំអក និងក្លាយជាប្រធានបទនៃការនិយាយដើមនៅក្នុងសហគមន៍ដែលមិនទម្លាប់ឃើញកុមារីពពោះពាក់ឯកសណ្ឋានសិស្សនៅក្នុងសាលារៀន។ វើជីនៀ បានលក់ឯកសណ្ឋានសិស្សពណ៌ស្វាយរបស់នាងក្នុងតម្លៃ ២ ដុល្លារ យកមកទិញសំលៀកបំពាក់ឱ្យកូនង៉ែត និងចាយវាយលើសេចក្ដីត្រូវការផ្សេងៗទៀត។

 

 

វើជីនៀ បានប្រាប់ថា រូបនាងបានសង្ឃឹមថា បុរសចាស់ជាងនាងម្នាក់ ដែលបានធ្វើឱ្យនាងមានផ្ទៃពោះ នឹងរៀបការជាមួយនាង។ ប៉ុន្តែទោះបីជាមានការសន្យាបែបនេះពីដំបូងក៏ដោយ ក៏ចុងក្រោយ បុរសនោះបានបដិសេធភាពជាឪពុកចំពោះកូននាងដែរ។ វៀជីនៀ និងគ្រួសារ មិនបានប្ដឹងពីករណីរំលោភសេពសន្ធវៈទៅនគរបាលតាមផ្លូវច្បាប់ទេ ថ្វីបើច្បាប់នៅហ្ស៊ីមបាវ៉េ អនុញ្ញាតឱ្យរួមភេទបានដោយមានការយល់ព្រមជាមុននៅអាយុ ១៦ ឆ្នាំ។ ពួកគេបានបោះបង់ចោលបណ្ដឹងនៅពេលដែលបុរសនោះត្រូវបានដោះលែងដោយមានប្រាក់ធានា ហើយឥលូវ វើជីនៀ និងម្ដាយឪពុកនាង សង្ឃឹមថា បុរសនោះនឹងជួយមើលថែកូនង៉ែត។

យោងតាមច្បាប់ អ្នកដែលត្រូវបានកាត់ទោសពីបទរួមភេទ ឬពី«បទប្រព្រឹត្តមិនគួរគប្បី» ជាមួយអ្នកណាដែលមានអាយុក្រោម ១៦ ឆ្នាំ អាចរងការពិន័យជាប្រាក់ ឬអាចជាប់ពន្ធនាគារ ១០ ឆ្នាំ។ ប៉ុន្តែមានករណីជាច្រើនដែលគេមិនអនុវត្តតាមច្បាប់។ អ្នកនាំពាក្យនគរបាលហ្ស៊ីមបាវ៉េ បាននិយាយថា តាំងពីយូរយារណាស់មកហើយ ក្រុមគ្រួសារនិងមន្ត្រីទាំងឡាយបានព្យាយាម«លាក់បាំងរឿង ឬបង្ខំឱ្យកុមាររៀបការ»។

អ្នកនាំពាក្យឈ្មោះ ប៉ូល នីយ៉ាធី បានបញ្ជាក់ថា ជារឿយៗ គ្រួសារព្យាយាមចរចាជាមួយជនល្មើស ដោយដាក់សម្ពាធឱ្យអ្នកប្រព្រឹត្តអំពើល្មើសនោះរៀបការជាមួយកុមារី ព្រមទាំងផ្តល់គោក្របី ឬលុយកាក់ ឱ្យគ្រួសាររបស់ក្មេងស្រី។ លោក ប៉ូលនីយ៉ាធី បាននិយាយបន្តថា បន្ទាប់មក ពួកគេព្រមព្រៀងគ្នាមិនប្ដឹងអំពីករណីរំលោភសេពសន្ថវៈនេះមកនគរបាលទេ។ មែនទែនទៅ បើតាមមន្ត្រីរូបនេះ «ពួកគេជួយឱ្យមានការរំលោភកុមារីទៅវិញទេ»។

ប្រទេសហ្ស៊ីមបាវ៉េ មានស្ថិតិកុមារីពពោះដែលឈប់រៀន។ នៅពេលដែលតួលេខបង្ហាញពីការកើនឡើងដល់កម្រិតប្រកាសអាសន្ន ក្រុមមន្ត្រីនិយាយថា ចំនួនទាំងនោះក៏ទំនងជាមិនឆ្លុះបញ្ចាំងពីករណីជាក់ស្ដែងដែរ ដោយសារតែក្មេងស្រីមានផ្ទៃពោះជាច្រើនបោះបង់ចោលសាលាដោយមិនប្រាប់មូលហេតុ។

នៅឆ្នាំ ២០១៨ កុមារីប្រហែល ៣ ពាន់នាក់បានបោះបង់ការសិក្សានៅទូទាំងប្រទេសហ្ស៊ីមបាវ៉េ ដោយសារតែមានផ្ទៃពោះ ហើយថា នៅឆ្នាំ ២០១៩ ចំនួននេះមិនសូវប្រែប្រួលខ្លាំងទេ។ ប៉ុន្តែ ចូលដល់ឆ្នាំ ២០២០ ចំនួននោះបានកើនឡើង ដោយមានកូនសិស្សពពោះដល់ទៅ ៤ពាន់ ៧រយ ៧០នាក់ បានឈប់រៀន។ លោកស្រីរដ្ឋមន្ត្រីកិច្ចការនារីហ្ស៊ីមប៉ាវ៉េបានឱ្យដឹងថា មួយឆ្នាំក្រោយមក គឺនៅឆ្នាំ ២០២១ ចំនួនខាងលើបានកើនឡើងខ្លាំង ដោយកូនសិស្សប្រហែល ៥ពាន់នាក់បានពពោះនៅក្នុងរយៈពេលតែ ២ ខែដើមឆ្នាំប៉ុណ្ណោះ។

នៅទូទាំងទ្វីបអាហ្រ្វិក ប្រទេសហ្ស៊ីមបាវ៉េមិនប្លែកពីប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអាហ្វ្រិកទេ។ ក្នុងអំឡុងពេលមានជំងឺឆ្លងសាកល ប្រទេសបូតស្វាណា, ណាមីប៊ី, ឡេសូតូ, ម៉ាឡាវី, ម៉ាដាហ្គាស្កា, អាហ្វ្រិកខាងត្បូង, និងហ្សំប៊ី «សុទ្ធតែបានកត់ត្រាកំណើនដ៏គំហុកនៃករណីអំពើហិង្សាផ្លូវភេទ និងអំពើហិង្សាពាក់ព័ន្ធនឹងយែនឌើរ ដែលរួមចំណែកដល់ការកើនឡើងនៃករណីមានផ្ទៃពោះ​ក្នុង​ចំណោម​កុមារីនិងក្មេងស្រី​ជំទង់»។ នេះបើយយោង​តាម​របាយការណ៍​របស់អង្គការ អាមណេស្ទី អ៊ីធើណេសិនណល។

លើសពីនេះទៅទៀត អង្គការសហប្រជាជាតិរាយករណ៍ថា អាហ្វ្រិកជាទ្វីបមួយដែលមានអត្រាខ្ពស់បំផុតនៃក្មេងស្រីជំទង់ពពោះនៅលើពិភពលោក ហើយប្រទេសហ្ស៊ីមបាវ៉េ និងប្រទេសមួយចំនួនទៀតនៅក្នុងទ្វីបនេះ មានច្បាប់ឬគោលនយោបាយការពារសិទ្ធិកុមារីឱ្យទទួលបានការអប់រំ ពេលមានផ្ទៃពោះ។

ប៉ុន្តែកង្វះសេចក្ដីសាទរពីក្រុមគ្រួសាររបស់ក្មេងស្រីបានធ្វើឱ្យអ្នកធ្វើការផ្នែកសង្គមខកចិត្ត។ អ្នកស្រី ស៊ីតស៊ី ស៊ីតុងហ្គូ បានរៀបរាប់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារលើកស្ទួយសិទ្ធិកុមារីរបស់គាត់បញ្ចុះបញ្ជូលបានកុមារតែម្នាក់ប៉ុណ្ណោះ ឱ្យវិលត្រឡប់ទៅសាលារៀនក្នុងទីប្រជុំជនមួយរបស់កសិករក្រីក្រ ដែលស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រ ពីរដ្ឋធានីហារ៉ារ៉េ។ កុមារីនោះទៅរៀនបានតែ ១ សប្ដាហ៍គត់ ដោយសារមានការជំទាស់ពីសំណាក់ម្ដាយឪពុក, អ្នកដឹកនាំសហគមន៍ និងគ្រូបង្រៀន បន្ថែមពីលើការក្រាញមិនចង់ទៅរៀនពីសំណាក់ក្មេងស្រីផ្ទាល់។

អ្នកស្រី ស៊ីតុងហ្គោ និយាយថា ម្ដាយឪពុកភាគច្រើនចង់ឱ្យកូនស្រីក្មេងៗរៀបការជាងទៅសាលារៀន ទោះបីជាកូនៗទាំងនោះមានអាយុតិចជាង ១៨ ឆ្នាំក៏ដោយ។ ម្ដាយឪពុកសម្អាងថា ពួកគាត់បានពុះពារចិញ្ចឹមបីបាច់គ្រួសារច្រើនហើយ មិនអាចចិញ្ចឹមក្មេងថែមម្នាក់ទៀត នៅពេលដែលកូនស្រីៗរបស់ពួកគាត់សម្រាលទេ។ ដូច្នេះ កុមារីត្រូវបានបញ្ចេញឱ្យតែបាត់ៗពីផ្ទះទេ។

សាលាខ្លះនៅក្នុងប្រទេសហ្ស៊ីមបាវ៉េ បើតាមអ្នកស្រី ស៊ីតុងហ្គោ ក៏បំបាក់ទឹកចិត្តកុមារីមិនឱ្យវិលត្រឡប់ទៅរៀនវិញដែរ ទោះបីជាមានការកែប្រែច្បាប់ហើយក្ដី។ ជួនកាល នាយកសាលាមួយចំនួនប្រាប់ថា ពួកគេមិនយល់ពីរបៀបដែលនគរបាលធ្វើការ ហើយពួកគេមិនព្រមទទួលកុមារីឱ្យចូលរៀនតែម្ដង ដោយរអ៊ូថាក្មេងស្រីពពោះមិនផ្ចង់អារម្មណ៍លើការសិក្សាទេ ឬថាសាលាមានសិស្សពេញហើយ។

ជាញឹកញាប់ កុមារីមានផ្ទៃពោះខ្លះមិនដឹងថាខ្លួនឯងមានសិទ្ធិបន្តស្ថិតនៅជាសិស្សសាលាទេ។ អ្នកស្រី ស៊ីតុងហ្គូ និយាយថា ហេតុដូច្នេះហើយ ពួកគេត្រូវបានបង្ខំឱ្យរកការងារធ្វើ ហើយជារើយៗ ធ្វើជាអ្នកបម្រើនៅតាមផ្ទះ ដើម្បីបានកម្រៃយកមកចិញ្ចឹមកូនៗរបស់ពួកគេ ឬទៅនៅជាមួយបុរសដែលធ្វើឱ្យពួកនាងមានកូន។

អង្គការគ្រូពេទ្យគ្មានព្រំដែនបើកកន្លែងនៅទីប្រជុំជនក្រីក្រមួយក្នុងប្រទេសហ្ស៊ីមបាវ៉េ ដើម្បីបណ្ដុះបណ្ដាលបំណិនជីវិតជាវគ្គខ្លីៗ និងបង្ហាញពីវិធីដែលកុមារីអាចចិញ្ចឹមជីវិតបាន ដូចជាតាមរយៈការតុបតែងដៃនិងក្រចក និងការធ្វើសាប៊ូសម្រាប់លក់ជាដើម។

 

 

ទីនោះគឺជាសាលារៀនជំនាញសម្រាប់ម្ដាយវ័យជំទង់ទាំងឡាយ ដូចជាកុមារីឈ្មោះ តាណាកា
វីហ្ស៊ី ដែលទើបមានអាយុ ១៦ ឆ្នាំ។ កុមារី តាណាកា បានបោះបង់ចោលសាលា បន្ទាប់ពីមានផ្ទៃពោះកាលពីដើមឆ្នាំ ២០២១។ រៀងរាល់ថ្ងៃ នាងមកជុំគ្នាជាមួយកុមារីផ្សេងៗទៀត ដើម្បីចូលរៀនក្នុងកម្មវិធីរបស់មន្ទីរថែទាំសុខភាពរបស់អង្គការគ្រូពេទ្យគ្មានព្រំដែននោះ។

មន្ត្រីនៃអង្គការនេះបាននិយាយថា កម្មវិធីបង្រៀនជំនាញបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ដោយមានអ្នកចូលរៀនមួយចំនួនតូច ប៉ុន្តែ ចំនួនអ្នកសុំចូលរៀនបានកើនឡើងអំឡុងពេលមានជំងឺឆ្លងសាកល។ មានកុមារីច្រើនជាង ៣រយនាក់ បានមកចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញនៅទីនោះចាប់តាំងពីពេលដែលកូវីដ-១៩ វាយលុក។

កុមារីជាច្រើនបានជ្រើសយកការមករៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលខ្លីៗនេះ ជាជាងទៅសិក្សានៅសាលាចំណេះទូទៅ ពីព្រោះពួកគេត្រូវការជំនាញមួយដែលអាចជួយពួកគេឱ្យអាចរកប្រាក់បានរហ័ស ដើម្បីយកមកចិញ្ចឹមកូនៗរបស់ពួកគេ។ នេះបើតាមសម្ដីរបស់មន្ត្រីនៃអង្គការគ្រូពេទ្យគ្មានព្រំដែនដដែល។

ក្មេងស្រីជាច្រើនបានសំឡឹងទៅរកឱកាសរៀបការដើម្បីបានរស់បន្តជីវិត។ កុមារី តាណាកា បាននិយាយថា បុរសអាយុ ២០ ឆ្នាំម្នាក់ ដែលជាអ្នកធ្វើឱ្យនាងមានផ្ទៃពោះ បានសន្យារៀបការជាមួយនាងភ្លាមៗ នៅពេលណាដែលនាងចូលដល់អាយុ ១៨ ឆ្នាំ ដែលជាវ័យគ្រប់ការទាបបំផុតនៅក្នុងច្បាប់ហ្ស៊ីបាវ៉េ។ ប៉ុន្តែ តាណាកា និយាយថា នាងមិនអាចរងចាំដល់ពេលនោះទេ។ នាងមានគម្រោងទៅរស់នៅជាមួយប្រុសនោះភ្លាមៗ បន្ទាប់ពីសម្រាលកូនរួច។

មន្ទីរព្យាបាលរបស់អង្គការគ្រូពេទ្យគ្មានព្រំដែនក៏ផ្តល់សេវាពន្យាកំណើតដែរ។ ប៉ុន្តែការរឹតត្បិតការធ្វើដំណើរបានរារាំងក្មេងៗជាច្រើនមិនឱ្យមានលទ្ធភាពទទួលបានសេវានេះផង និងមិនឱ្យទទួលបានសេវាពិគ្រោះយោបល់ផ្នែកសុខភាពផង។  អ្នកធ្វើការក្នុងមន្ទីរព្យាបាលរបស់អង្គការនេះនិយាយថា ក្មេងៗមិនតិចទេដែលត្រូវការការប្រឹក្សាទាក់ទងនឹងសុខភាព ត្បិតអីម្ដាយឪពុកដែលមានគំនិតអភិរក្ស តែងប្រៀបប្រដូចការប្រើមធ្យោបាយពន្យាកំណើតទៅនឹងពេស្យាចារ។

នៅក្នុងប្រទេសហ្ស៊ីមបាវ៉េដែលមានលក្ខណៈអភិរក្សនិយម និងប្រកាន់ជំនឿសាសនាជ្រាលជ្រៅ, គម្រោងទាំងឡាយដែលផ្ដល់មធ្យោបាយពន្យាកំណើតនៅក្នុងសាលារៀនបានជួបប្រទះនឹងការខឹងសម្បានិងការភ្ញាក់ផ្អើលជាខ្លាំង។ បុគ្គលិកស្ម័គចិត្តម្នាក់ ឈ្មោះ អ៊ីវ៉េត កាណឺណាំហ្គូ អាយុ ២០ ឆ្នាំ ដែលធ្វើការនៅគ្លីនីកអង្គការគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា៖ «កុមារីត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់មធ្យោបាយពន្យាកំណើត ក៏ព្រោះតែរឿងព្រេងដែលថា កុមារីមិនអាចរួមភេទបានទេ មុនពេលដល់វ័យ ២០ ឆ្នាំ ឬមុនពេលរៀបការ។» បុគ្គលិកស្ម័គចិត្តនេះបន្ថែមថា៖ «ការពិតគឺថា កុមារីកំពុងតែមានទំនាក់ទំនងផ្លូវភេទទៅហើយ ប៉ុន្តែមិនអាចប្រើមធ្យោបាយពន្យាកំណើតដោយសេរីបាន ដោយសារតែពុំមានច្បាប់ហាមការរួមភេទនៅផ្ទះមុនរៀបការ។»

ម្ដាយឪពុករបស់កុមារី វើជីនៀ បានធ្វើជាមិនដឹងមិនឮនូវដំបូន្មានរបស់អ្នកជិតខាង ដែលចង់ឱ្យរូបនាងចាកចេញពីផ្ទះ។ ម្ដាយរបស់នាងមានបំណងការពាររូបនាង ដោយរក្សានាងឱ្យនៅក្រៅសាលារៀន និងឱ្យនៅឆ្ងាយពីការបៀតបៀនផ្សេងៗ។ ទោះបីជាយ៉ាងនេះក្ដី វើជីនៀ បានតាំងចិត្តវិលត្រឡប់ទៅសិក្សាវិញ។ នាងនឹកថ្នាក់រៀន នឹកមិត្តរួមថ្នាក់។ នាងចង់បានសញ្ញាបត្រ និងចង់ចូលរៀនបន្តនៅមហាវិទ្យាល័យ ដើម្បីឱ្យនាងអាចទទួលបានបរិញ្ញាបត្រ ហើយធ្វើការរកប្រាក់ដើម្បីយកមកចិញ្ចឹមម្ដាយឪពុកនាងវិញ ដោយសង់ផ្ទះថ្មីមួយធំជាងបច្ចុប្បន្ន៕

 

 

យោង: https://apnews.com/article/Zimbabwe-teen-pregnancy-COVID-0def070a417fe5dd1d106fe5fe710d8d

Share

ព័ត៌មានទាក់ទង

Image