en     km
en     km

លោក បៃឌិន នឹងថ្លែងអំណរគុណចំពោះមេដឹកនាំប៉ូឡូញដែលប្រឹងប្រែងជួយជនជនភៀសខ្លួនអ៊ុយក្រែន

Share

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបនាសប្ដាហ៍នេះ នឹងថ្លែងអំណរគុណចំពោះប្រធានាធិបតីប៉ូឡូញ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការផ្តល់ជម្រកដល់ជនភៀសខ្លួនអ៊ុយក្រែន។​

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី …

 

 

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹងថ្លែងអំណរគុណចំពោះប្រធានាធិបតីប៉ូឡូញ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការផ្តល់ជម្រកដល់ជនភៀសខ្លួនអ៊ុយក្រែន។​ ទស្សនកិច្ចរបស់លោកបៃឌិន នៅប្រទេសប៉ូឡូញ ជាផ្នែកមួយនៃការធ្វើដំណើររបស់លោក ទៅកាន់ទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ ខណៈដែលកងកម្លាំងរុស្ស៊ីធ្វើសកម្មភាពឈ្លានពានអ៊ុយក្រែនអស់រយៈពេលជិតមួយខែហើយ។

ប៉ូឡូញគឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងវិបត្តិអ៊ុយក្រែន។ ប្រទេសនេះកំពុងទទួលកងទ័ពអាមេរិករាប់ពាន់នាក់ឱ្យបោះទីតាំងនៅទីនោះ និងកំពុងទទួលយកមនុស្សដែលភៀសខ្លួនចេញពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ច្រើនជាងប្រទេសផ្សេងទៀត ពោលគឺច្រើនជាង ២ លាននាក់ អំឡុងពេលមានវិបត្តិជនភៀសខ្លួនអឺរ៉ុបដ៏ច្រើនបំផុតក្នុងរយៈពេលរាប់ទសវត្សរ៍កន្លងទៅ។

លោក បៃឌិន នឹងធ្វើដំណើរទៅកាន់ទីក្រុង វ៉ាសូវី សម្រាប់កិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតី អែនហ្ស៊េច ឌូដា ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍។ លោកប្រធានាធិបតីនឹងពិភាក្សាអំពីរបៀបដែលសហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន នឹងត្រូវឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌និងសិទ្ធិមនុស្ស បណ្ដាលមកពីសង្គ្រាមគ្មានហេតុផលនិងគ្មានការបង្កហេតុនៃប្រទេសរុស្ស៊ី។ វាអាចទៅរួចផងដែរ ដែលថាលោក បៃឌិន នឹងទៅមើលជំរុំជនភៀសខ្លួន។

ប៉ូឡូញគឺជា«ដៃគូដ៏សំខាន់មួយ នៅពេលដែលយើងធ្វើការដើម្បីរក្សាការរួបរួមគ្នានៅក្នុងសប្តាហ៍និងខែខាងមុខៗ»។​ នេះបើតាមសម្ដីរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន សាគី កាលពីថ្ងៃចន្ទ។

លោក បៃឌិន បានបន្ថែមការឈប់សំចតនៅប្រទេសប៉ូឡូញ ក្នុងដំណើរដ៏សំខាន់របស់គាត់ទៅកាន់ទីក្រុង ប្រ៊ុចសែលនាសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាបន្ទាន់ជាមួយអង្គការណាតូ និងសម្ព័ន្ធមិត្តអឺរ៉ុប។ សេតវិមានបាននិយាយថា កាលពីថ្ងៃច័ន្ទ មេដឹកនាំអឺរ៉ុបនៃបណ្ដាប្រទេសអឺរ៉ុប ដូចជាបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស បានពិភាក្សាគ្នាប្រហែលមួយម៉ោងអំពី«ស្នៀតដ៏កម្រោលរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលរួមមានការវាយប្រហារលើជនស៊ីវិលផង។ ពួកគេក៏បានពិនិត្យមើលការខិតខំតាមផ្លូវការទូតនាពេលថ្មីៗនេះ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់អ៊ុយក្រែនឆ្ពោះទៅរកបទឈប់បាញ់ដែរ៕

យោង៖ https://apnews.com/article/russia-ukraine-biden-boris-johnson-andrzej-duda-duda-adb431bc8fe12682a65d0ece555b941d

Share

ព័ត៌មានទាក់ទង

Image