en     km
en     km

ស.រ.អ ប្រកាសជាផ្លូវការថាកងទ័ពមីយ៉ាន់ម៉ាប្រព្រឹត្តអំពើប្រល័យពូជសាសន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

Share

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងឃិន បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការថា កងទ័ពមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងអំពើហិង្សារបស់ខ្លួនទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

លោក សារិន សំណាង ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងឃិន បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការថា កងទ័ពមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងអំពើហិង្សារបស់ខ្លួនទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ លោក ប្លីងឃិន បានព្រមានឱ្យដឹងជាមុនថា ដរាបណារបបយោធាស្ថិតនៅក្នុងអំណាច​ ពុំមាន​នរណា​ម្នាក់​ក្នុង​ប្រទេសមីយ៉ាន់​នឹង​មាន​សុវត្ថិភាពទេ។

ដោយប្រកាសអំពីសេចក្ដីសម្រេចខាងលើ លោក ប្លីងឃិន បាននិយាយថា ការវាយប្រហារលើជនជាតិរ៉ូហ៊ីងយ៉ាគឺ«មានលក្ខណៈធំធេងនិងជាប្រព័ន្ធ» ហើយភស្តុតាងបានចង្អុលបង្ហាញឱ្យឃើញពីចេតនាជាក់លាក់ក្នុងការបំផ្លាញជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានេះ។

មន្ត្រីអាមេរិកជឿជាក់ថា ការកំណត់ច្បាស់ៗនូវឧក្រិដ្ឋកម្មខាងលើអាចពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យមេទ័ពមីយ៉ាន់ម៉ាមានទំនួលខុសត្រូវ និងជួយទប់ស្កាត់អំពើឃោរឃៅបន្ថែមទៀត។ ក្រុមសកម្មជនសិទ្ធិមនុស្សបានទទួលស្វាគមន៍ចំណាត់ការរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែង ដូចជាការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរបបយោធាមីយ៉ាន់ម៉ាជាដើម។

នៅក្នុងសុន្ទរកថារបស់គាត់នៅឯសារមន្ទីរអនុស្សាវរីយ៍ប្រល័យពូជសាសន៍ជនជាតិជ្វីហ្វនៅឯរដ្ឋធានីវ៉ាស៊ីនតោន ប្រមុខការទូតសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងឃិន បានអានរឿងរ៉ាវសោកនាដកម្មនិងគួរព្រឺខ្លាចរបស់ជនរងគ្រោះជនជាតិរ៉ូហ៊ីងយ៉ា ដែលត្រូវបានគេបាញ់ក្បាល រំលោភសេពសន្ថវៈ និងធ្វើទារុណកម្ម។

កងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ាបានចាប់ផ្តើមប្រតិបត្តិការយោធាក្នុងឆ្នាំ ២០១៧ ដែលបានបង្ខំឱ្យប្រជាជនរ៉ូហ៊ីងយ៉ាយ៉ាងតិច ៧សែន ៣ម៉ឺននាក់ ចាកចោលផ្ទះរបស់ពួកគេ និងភៀសខ្លួនទៅក្នុងប្រទេសបង់ក្លាដែសដែលនៅជិតខាង ហើយនៅឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលដោយការធ្វើរដ្ឋប្រហារ៕

យោង៖ https://www.reuters.com/world/china/blinken-says-us-determined-myanmar-army-committed-genocide-against-rohingya-2022-03-21/

Share

ព័ត៌មានទាក់ទង

Image