បាត់ដំបង៖ ទារិកាតូចម្នាក់ឈ្មោះ ចរិយា បច្ចុប្បន្នមានអាយុជិត ២ខួបហើយ តែក្មេងស្រីតូចនេះមានជំងឺទឹកដក់ក្នុងខួរក្បាល និងបេះដូងចំហរ តាំងពីចាប់កំណើតក្នុងផ្ទៃម្ដាយបានជាង ៦ខែមកម្ល៉េះ។ នេះបើតាមការឱ្យដឹងពីអ្នកស្រី ចន្ទ្រា ជាម្តាយរបស់ក្មេងស្រីតូចនេះ។
អ្នកស្រី ចន្ទ្រា បន្តថា ដោយសារតែការវិវត្តន៍ជំងឺកូនស្រីកាន់តែធ្ងន់ទៅៗ ទន្ទឹមនឹងការចំណាយលើថ្លៃព្យាបាលកាន់ច្រើន អ្នកស្រីនិងស្វាមីសម្រេចចិត្តយកកូនស្រីចេញពីមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប មកមើលថែនៅផ្ទះវិញ។ ក្រុមគ្រូពេទ្យបានប្រាប់អ្នកស្រីនិងស្វាមីថា ជំងឺបេះដូងចំហររបស់កូនស្រីអាចព្យាបាលបាន ប៉ុន្តែជំងឺទឹកដក់ក្នុងខួរក្បាលមិនអាចព្យាបាលបានទេ ព្រោះបើសម្រេចព្យាបាលអាចធ្វើឱ្យកូនអ្នកស្រីបាត់បង់ជីវិត។ អ្នកស្រីចន្ទ្រាសូមអំពាវនាវដល់សប្បុរសជនជួយក្រុមគ្រួសាររបស់អ្នកស្រី ដើម្បីមានលទ្ធភាពបន្តការព្យាបាលជំងឺកូនស្រីរបស់អ្នកស្រីបន្តទៅមុខទៀត។
សូមជម្រាបជូនថា ទារិកាដែលមានជំងឺធ្ងន់ធ្ងរនេះសព្វថ្ងៃមានទីលំនៅនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សព្វថ្ងៃនេះ ក្មេងស្រីតូចអាចមានជីវិតបន្តរស់បានដោយសារតែការទទួលទានទឹកបបរ និងថ្នាំពេទ្យមួយចំនួនប៉ុណ្ណោះ។ ចំណែកស្ថានភាពជំងឺរបស់នាងវិញហាក់មិនធូរស្រាលនោះទេ ហើយនាងមានអាការៈ ក្អួក ក្ដៅខ្លួន និងដេកថ្ងូរផងដែរនៅពេលជំងឺរើឡើងម្តងៗ។ នេះបើតាមការបញ្ជាក់ពីម្តាយរបស់ក្មេងស្រីខាងលើ៕
#Women’s Focus #វិទ្យុស្ត្រី