ទិវាទឹកពិភពលោកឆ្នាំ២០២២ ប្រារព្ធឡើងក្រោមប្រធាបទ ទឹកក្រោមដី ដើម្បីទាញការយកចិត្តទុកដាក់លើការបាត់បង់ប្រភពទឹក និងធនធានទឹកសាប និងការពារប្រភពទឹកក្រោមដីដ៏មានសារសំខាន់។
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ជាទិវាទឹកពិភពលោក។ ទិវានេះប្រារព្ធឡើងដើម្បីគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងនោះក៏ដើម្បីទាញអារម្មណ៍របស់មនុស្សជាតិឱ្យចាប់អារម្មណ៍ទឹក និងផ្ដល់ឱកាសក្នុងការតស៊ូមតិ សម្រាប់ការគ្រប់គ្រងប្រកបដោយនិរន្ដរភាព នៃធនធានទឹកសាប ដែលធ្វើឡើងររៀងរាល់ឆ្នាំផងដែរ។ នេះបើយោងទៅតាមក្រសួងបរិស្ថាន។
នៅក្នុងឆ្នាំ២០២២ នេះ ទិវាទឹកពិភពលោកប្រារព្ធធ្វើក្រោមប្រធានបទដ៏សំខាន់ គឺ ទឹកក្រោមដី។ ក្រសួងបញ្ជាក់ថា ប្រធានបទនេះ មានគោលបំណងទាញយកការទុកដាក់ចំពោះការបាត់បង់បង់ប្រភពទឹក និងធនធានទឹកសាប ការអប់រំ ការលើកទឹកចិត្ត ការបំផុសគំនិត និងសកម្មភាពក្នុងសហគមនដែលប្រកបដោយការច្នៃប្រឌិត ការអភិរក្ស និងការពារប្រភពទឹកក្រោមដីដ៏មានសារសំខាន់។
សូមជម្រាបដែរថា ទិវាទឹកពិភពលោកបានដាក់ចូលក្នុងរបៀបវារៈនៃសន្និសិទបរិស្ថាន និងការអភិវឌ្ឈរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩២ នាទីក្រុងរីអូឌឺជេនេរ៉ូ ប្រទេសប្រហ្សីល រហូតដល់ថ្ងៃទី២២ ខែ មីនា ឆ្នាំ១៩៩៣ ទើបអង្គការសហប្រជាជាតិ បានប្រកាសទិវានេះជាផ្លូវការ។
អង្គការសហប្រជាជាតិធ្លាប់ចេញរបាយការណ៍កាលពីឆ្នាំ២០១៩ថា មានមនុស្សប្រមាណជាង២០០០លាននាក់ ក្នុងលោកបន្ដខ្វះទឹកស្អាតប្រើប្រាស់ ហើយបានរម្លឹកពីច្បាប់អន្តរជាតិដែលបង្ខំឲ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗគិតគូរផ្តល់ទឹកស្អាតដល់មនុស្សគ្រប់រូបប្រើប្រាស់ដោយគ្មានការរើសអើង ដើម្បីទប់ស្កាត់ការកង្វះទឹកស្អាតប្រើប្រាស់ក្នុងលោក៕
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖